(កាតា)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានជួបពិភាក្សាការងារជាមួយ លោក Abdulaziz Jassim Hejji នាយកកម្មវិធី និងអភិវឌ្ឍន៍អន្តរជាតិ នៃអង្គការសប្បុរធម៌កាតា( Qatar Charity) នៅទីក្រុងឌូហា ប្រទេសកាតា។

ក្នុងជំនួបនៅល្ងាចថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ លោកបណ្ឌិតបានលើកឡើងពី សមិទ្ធផលនៃសុខសន្តិភាព និងសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ដែលកម្ពុជាទទួលបាន ដោយសារគុណបំណាច់ដ៏ធំធេង មិនអាចកាត់ថ្លៃបានរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា និងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន ក្នុងនោះសហគមន៍ឥស្លាម ក៏ទទួលបាននូវសិទ្ធិសេរីភាព ក្នុងការប្រតិបត្តិសាសនា សិទ្ធិធ្វើនយោបាយ និងសិទ្ធិរស់នៅ ដោយស្មើមុខស្មើមាត់ក្នុងសង្គម ថែមទាំងទទួលបាននូវការអនុគ្រោះ និងការផ្តល់នយោបាយជូនសហគមន៍ឥស្លាមជាច្រើន។

ទេសរដ្ឋមន្ត្រី បានបញ្ជាក់ប្រាប់ភាគី Qatar Charity ថា រាជរដ្ឋាភិបាលកម្ពុជា បានបើកទូលាយក្នុងការទទួលយកជំនួយមនុស្សធម៌ផ្សេងៗពីបណ្តាប្រទេស នៅជុំវិញពិភពលោក ដោយគ្មានការរិតត្បិតអ្វីឡើយ។

ជាមួយគ្នានោះ លោកបណ្ឌិត បានស្នើឲ្យអង្គការសប្បុរសធម៌កាតា ផ្តល់ជំនួយមនុស្សធម៌ផ្សេងៗដល់កម្ពុជា សម្រាប់ចែកជូនប្រជាពលរដ្ឋក្រក្រី ប្រជាពលរដ្ឋរងគ្រោះ ប៉ះពាល់ដោយសារគ្រោះទឹកជំនន់ និងភ្លើងឆេះផ្ទះ ខណៈថ្នាក់ដឹកនាំកម្ពុជា តែងតែចុះជួប និងចែកជាអំណោយនានា ក្នុងការដោះស្រាយបញ្ហា ជូនប្រជាពលរដ្ឋដែលរងគ្រោះ។

លោកបណ្ឌិត អូស្មាន ហាស្សាន់ បានរំលេចដែរថា បច្ចុប្បន្នវិស័យអប់រំមានការរីកចម្រើនខ្លាំងនៅកម្ពុជា ហើយមានសិស្ស និស្សិតជាច្រើនមកពីបណ្តាខេត្តក្រុងនានាទូទាំងប្រទេសកម្ពុជា មកបន្តការសិក្សានៅរាជធានីភ្នំពេញ ក្នុងនោះមានសិស្សខ្លះមានជីវភាពខ្វះខាត មិនមានលទ្ធភាពជួលបន្ទប់ស្នាក់នៅ ដើម្បីបន្តការសិក្សានោះទេ ដោយសារជីវភាពឪពុកម្តាយនៅមានកម្រិតនៅឡើយ និងត្រូវចំណាយផ្សេងៗ។

ដូច្នេះហើយដែលលោកបណ្ឌិត បានស្នើលោក Abdulaziz Jassim Hejji ជួយពិនិត្យលទ្ធភាពសាងសង់អន្តេវាសិកដ្ឋាន១ខ្នង សម្រាប់ជួយសម្រួលដល់ការស្នាក់នៅរបស់សិស្ស និស្សិតទាំងនោះ។

ជាការឆ្លើយតប លោក Abdulaziz Jassim Hejji បានបង្ហាញអាម្មរណ៍សប្បាយរីករាយ និងកោតសរសើរ ជាខ្លាំងដល់រាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីបានស្តាប់ការរៀបរាប់ របស់ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ អំពីស្ថានភាពសហគមន៍ឥស្លាមកម្ពុជា ដែលត្រូវបានយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល។ លោកបានសន្យាថា នឹងពិនិត្យលទ្ធភាពសាងសាង់អន្តេវាសិកដ្ឋាន សម្រាប់សិស្សនិស្សិតដែលមកពីបណ្តាខេត្តទូទាំងប្រទេស និងផ្តល់ជំនួយមនុស្សធម៌ សម្រាប់ចែកជូនសាសនិកឥស្លាម ដែលមានជីវភាពខ្វះខាត។ ជាមួយគ្នានេះ លោកបានបញ្ជាក់ថា អង្គការសប្បុរសធម៌កាតា ក៏មានបំណងបើកការិយាល័យរបស់ខ្លួននៅកម្ពុជាផងដែរ។ អង្គការនេះមានស្នាក់ការ ៣៣ប្រទេស ហើយក៏នឹងចាប់ផ្តើមមាននៅកម្ពុជា នាពេលខាងមុខផងដែរ។

សូមជម្រាបថា អង្គការសប្បុរសធម៌កាតា ជាអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ ដែលបាននឹងកំពុងធ្វើការក្នុងវិស័យអភិវឌ្ឍន៍ និងជំនួយមនុស្សធម៌ ចាប់តាំងពីឆ្នាំ១៩៩២។ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ អង្គការនេះ បានចំណាយថវិកាជាង១.២ពាន់លានដុល្លារ លើការងារមនុស្សធម៌ និងការអភិវឌ្ឍន៍ ដែលបានផ្តល់អត្ថប្រយោជន៍ដល់មនុស្សជាង ២៩លាននាក់ សម្រាប់៣៤ប្រទេសនៅពិភពលោក ក្នុងវិស័យមនុស្សធម៌ និងការអភិវឌ្ឍន៍ ជាច្រើន ដូចជា ការអប់រំ សុខភាព ទឹកស្អាត អនាម័យ ម្ហូបអាហារ ការពង្រឹងសេដ្ឋកិច្ច មីក្រូហិរញ្ញវត្ថុ កុមារភាព។ល៕