Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឯកអគ្គរដ្ឋទូតអឺរ៉ុបកោតសរសើរ លើដំណើរការចុះឈ្មោះបោះឆ្នោត របស់ គ.ជ.ប, EU គ្រោងនឹងបញ្ជូនអ្នកជំនាញ ការបោះឆ្នោត១រូប មកធ្វើការជាមួយ គ.ជ.ប នៅចុងខែតុលានេះ

03-10-2016 21:24

(ភ្នំពេញ)៖ លោក ចច អេដហ្គឺ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានលើកឡើងនូវការកោតសរសើរ លើដំណើរការ ចុះឈ្មោះបោះឆ្នោតរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដោយបានអះអាងថា លោកបានចុះសង្កេត មើលដំណើរការនេះផ្ទាល់ នៅតាមការិយាល័យមួយចំនួន ហើយឃើញថា ប្រជាពលរដ្ឋពេញចិត្តទៅនឹងប្រព័ន្ធ ចុះឈ្មោះថ្មីនេះ។

ការលើកឡើងនេះ ត្រូវបានស្ដែងឡើងក្នុងជំនួបពិភាក្សាជាមួយ លោក ស៊ិក ប៊ុនហុក ប្រធាន គ.ប.ជ និងលោក គួយ ប៊ុនរឿន អនុប្រធាន គ.ជ.ប នៅទីស្ដីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នារសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦នេះ។

ប្រធាន គ.ជ.ប បានជម្រាបជូន ឯកអគ្គរដ្ឋទូតអឺរ៉ុបថា នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៦ មានប្រជាពលរដ្ឋ១៦០,០១៨នាក់ បានទៅចុះឈ្មោះបោះឆ្នោត ដែលចំនួននេះច្រើនជាងថ្ងៃធម្មតា។

លោក ស៊ិក ប៊ុនហុក បានជម្រាបបន្តថា គិតត្រឹមថ្ងៃ២ តុលា ដដែល គ.ជ.ប បានទទួលពាក្យបណ្ដឹងនៅថ្នាក់ឃុំ-សង្កាត់ មានចំនួន ២១បណ្ដឹង ក្នុងនោះ ១៦បណ្ដឹង ត្រូវបានដោះស្រាយចប់, ៤បណ្ដឹងទៀត កំពុងធ្វើការដោះស្រាយ។
ដោយឡែកនៅ គ.ជ.ប ផ្ទាល់ទទួលបានចំនួន ២១បណ្ដឹង ក្នុងនោះ ១៧បណ្ដឹង ត្រូវបានដោះស្រាយចប់ និង ៤បណ្ដឹងទៀត កំពុងធ្វើការដោះស្រាយដែរ។ មួយទៀតសោត លទ្ធផលនៃការដោះស្រាយបណ្ដឹងទាំងនេះ ក៏នឹងចេញផ្សាយលើគេហទំព័រ របស់ គ.ជ.ប ផងដែរ។

សូមជម្រាបថា សហគមន៍អឺរ៉ុបគ្រោងនឹងបញ្ជូនអ្នកជំនាញការបោះឆ្នោត ១រូប មកកម្ពុជានៅចុងខែតុលា ឆ្នាំ២០១៦នេះ ដើម្បីជួយបំពេញការងារជាមួយ គ.ជ.ប។ ជាការឆ្លើយតប លោក ស៊ិក ប៊ុនហុក ក៏បានលើកឡើងនូវការស្វាគមន៍ ចំពោះវត្តមានរបស់អ្នកជំនាញការអឺរ៉ុប ដោយលោកបានបញ្ជាក់ថា នឹងខិតខំធ្វើឱ្យទំនាក់ទំនងសហប្រតិបត្តិការនេះ មានការដំណើរការរលូនផងដែរ៕