(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងលោក វ៉ាង វិនពីង ឯកអគ្គរដ្ឋទូតវិសមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានអញ្ជើញក្នុងពិធីប្រគល់-ទទួលរថយន្តសង្គ្រោះបន្ទាន់ ចំនួន ៤ គ្រឿង ជូនក្រសួងសុខាភិបាល អំណោយរបស់មូលនិធិសប្បុរសធម៌នៃស្នាមញញឹមនាពេលអនាគត “Future Smile Charitable Foundation” និងមូលនិធិ ពុនដារីកា “Pundarika Charity”។

ពិធីប្រគល់ និងទទួលនេះបានប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

អំណោយដ៏ថ្លៃថ្លា និងមានសារៈសំខាន់នាពេលនេះ គឺពិតជាស្របទៅនឹងតម្រូវការចាំបាច់របស់វិស័យសុខាភិបាល។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្រ្ដីរាជការទាំងអស់ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលបានខិតខំយកចិត្ដទុកដាក់ខ្ពស់ផ្ដល់ការថែទាំ និងព្យាបាលអ្នកជំងឺដោយគ្មានការនឿយហត់ ដោយកិត្ដិយស និងសេចក្ដីថ្លៃថ្នូរ ព្រមទាំងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ក៏ដូចជាទំនាក់ទំនងកិច្ចសហការ និងសហប្រតិបត្តិការល្អភាពជាដៃគូ ដែលជាឧត្ដមប្រយោជន៍ជូនសង្គមជាតិ។

ឆ្លៀតក្នុងឱកាសនេះ លោកសាស្រ្តាចារ្យ រដ្ឋមន្រ្តី និងលោក ឯកអគ្គរដ្ឋទូត បានអញ្ជើញចុះសាកសួរសុខទុក្ខអ្នកជំងឺ ដែលមានបញ្ហាមាត់ និងសាកសួរសុខទុកក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលកំពុងបំពេញបេសកកម្មវះកាត់ជាមិត្តភាពរបស់អង្គការស្នាមញញឹមកម្ពុជា-ចិន ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី២៦ ខែកញ្ញា ដោយបានវះកាត់ចំនួន ៤៧ នាក់ នៅមជ្ឈមណ្ឌលអង្គការស្នាមញញឹមកម្ពុជា។

សូមជម្រាបផងដែរថា មជ្ឈមណ្ឌលអង្គការស្នាមញញឹមកម្ពុជាត្រូវបានបង្កើតឡើងតាមរយៈកម្មវិធីសប្បុរសធម៌នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៣ ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរសម្ដេចអធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ត្រូវបានដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០១៤ ដើម្បីផ្តល់ការវះកាត់ដោយឥតគិតថ្លៃដល់កុមារដែលមានបញ្ហាមាត់ក្រអូម (បញ្ហាស្នាមញញឹម) និងពិការមុខមាត់ពីកំណើត។

ពិធីនេះបានមានការចូលរួមពីសប្បុរសជន ថ្នាក់ដឹកនាំអមដំណើររដ្ឋលេខាធិការ អនុរដ្ឋលេខាធិការមន្រ្តីស្ថានទូត និងមន្ត្រីសុខាភិបាលនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន ១២០នាក់៕