(ឡូសអែនជែសឡេស, សហរដ្ឋអាមេរិក)៖ នៅវេលាថ្ងៃត្រង់ថ្ងៃអង្គារ ទី២៤ ខែកញ្ញា ឆ្នាំ២០២៤ លោកឧបនាយក​រដ្ឋ​មន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជាអធិបតី និងផ្ដល់សុន្ទរកថា​គន្លឹះ​​ក្នុងសិក្ខាសាលាស្តីពីការវិនិយោគនៅកម្ពុជា ដែលបានសហការរៀបចំដោយរដ្ឋបាលកំពង់ផែក្រុងឡងប៊ិច (Port of Long Beach) ដើម្បីបង្ហាញជូនអំពីវឌ្ឍនភាពថ្មីៗដល់វិស័យឯកជន ដែលមានមូលដ្ឋានក្នុង​ក្រុងឡង​ប៊ិច និងក្រុងឡូសអែនជែឡេស រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។

ក្នុងសុន្ទរកថាគន្លឹះនោះ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងសេចក្តីសោមនស្សរីករាយក្រៃលែង​ដែលបាន​ចូល​រួម​ក្នុងសិក្ខាសាលាដ៏មានសារៈសំខាន់នាឱកាសនេះ។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានរំលេចអំពីសក្តានុពល​របស់​កម្ពុជា រួមមាន ស្ថិរភាពនយោបាយ, ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចដែលមានលំនឹង, កម្លាំងពលកម្មវ័យក្មេង​ប្រកប​ដោយថាមវន្ត, រាជរដ្ឋាភិបាលដែលមានទំនោរគាំទ្រដល់ការរីកលូតលាស់នៃធុរកិច្ចឯកជន, របបវិនិយោគ​ដែលមានភាពទាក់ទាញ និងអនុគ្រោះ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធអន្តរមធ្យោបាយដែលបាន និងកំពុងអភិវឌ្ឍឱ្យកាន់តែមានភាពតភ្ជាប់ និងប្រទាក់ក្រឡា។

ដើម្បីជាសក្ខីភាព លោក Devin Barta អតីតប្រធានសភាពាណិជ្ជកម្មសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងបច្ចុប្បន្ន​ជា​នាយកប្រតិបត្តិនៃក្រុមហ៊ុន American Hardwood Flooring ក៏បានចូលរួមចែករំលែកបទពិសោធន៍​នៃ​ការវិនិយោគនៅកម្ពុជា ដែលខ្លួនធ្លាប់ទទួលបាននាពេលកន្លងមក បានឡើងជម្រាបជូនទៅកាន់អង្គសិក្ខាសាលា បានជាមូលដ្ឋានសម្រាប់ការសម្រេចចិត្តនាពេលខាងមុខផងដែរ។

អង្គសិក្ខាសាលាក៏បានរៀបចំឱ្យមានជាវេទិកាពិភាក្សាផ្លាស់ប្តូរយោបល់ រវាងវិស័យឯកជនដែលបានអមដំណើរ​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ពីកម្ពុជា ជាមួយនឹងធុរជនមានមូលដ្ឋានក្នុងក្រុងឡងប៊ិច និងក្រុងឡូសអែន​ជែឡេស ដែលបានចូលរួមនាឱកាសនោះ ដោយបានគូសបញ្ជាក់អំពីភាពងាយស្រួលក្នុង​ការប្រកបអាជី​វកម្ម​នៅ​កម្ពុជា ពិពិធភាពនៃសកម្មភាពវិនិយោគដែលពោរពេញដោយឱកាស និងការគាំទ្រផ្នែកគោលនយោបាយប្រកប​ដោយ​បុរេសកម្ម ពីសំណាក់រាជរដ្ឋាភិបាល។

សូមជម្រាបជូនថា ក្នុងសិក្ខាសាលានោះ ក៏មានការចុះអនុស្សារណៈនៃការយោគយល់គ្នា រវាងក្រុមហ៊ុន Shun Fat Group តំណាងដោយលោកស្រី Ivy Tran នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន ជាមួយនិងសហព័ន្ធស្រូវ​អង្ករកម្ពុជា តំណាងដោយឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធ ដើម្បីពង្រឹងកិច្ចសហ​ប្រតិ​បត្តិការអាជីវកម្ម និងលើកកម្ពស់បន្ថែមទៀតលើការនាំចេញស្រូវអង្ករពីកម្ពុជា ទៅកាន់សហរដ្ឋអាមេរិក ដែលនេះ​គឺជាអនុស្សារណៈទី៣ ពាក់ព័ន្ធនឹងវិស័យស្រូវអង្ករ ដែលត្រូវបានចុះអំឡុងពេលបំពេញបេសក​កម្មគោះទ្វារ​វិនិយោគ​លើទឹកដីអាមេរិក៕