(កំពង់ចាម)៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលា ពីគ្រោះយោបល់ ស្ដីពីការជ្រើសរើស និងគ្រប់គ្រងមន្ត្រីអប់រំផ្អែកលើកិច្ចព្រមព្រៀងការងារ។ ពិធីនេះប្រព្រឹត្តទៅនៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នៅសណ្ឋាគារភ្នំប្រុស ខេត្តកំពង់ចាម។

ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា លិខិតបទដ្ឋានគតិយុត្តិ ដែលត្រូវបានពិគ្រោះយោបល់នាថ្ងៃនេះ គឺអនុវត្តតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី នាយករដ្ឋមន្ត្រី ដែលបានណែនាំដល់ថ្នាក់ដឹកនាំ នៃរដ្ឋាភិបាល ឱ្យរៀបចំធ្វើការជ្រើសរើសមន្ត្រីជំនាញបច្ចេកទេស ផ្អែកលើកិច្ចព្រមព្រៀងការងារ សម្រាប់បម្រើការងារនៅតាមក្រសួង ស្ថាប័ន ថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

ជាពិសេសក្នុងវិស័យសុខាភិបាល និងវិស័យអប់រំ ដើម្បីធានាថា អង្គភាពសាធារណៈរបស់ពួកគាត់ នៅតាមមូលដ្ឋាន មានចំនួនមន្ត្រីបម្រើការងារគ្រប់គ្រាន់ ប្រកបដោយគុណភាព និងមានសមត្ថភាពជំនាញ វិជ្ជាជីវៈ ក្នុងការផ្ដល់សេវាសាធារណៈ និងធានាឲ្យប្រជាជនខ្មែរ ទទួលបានសេវាសាធារណៈ នៅតាមមូលដ្ឋាន ប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។

លោកឧបនាយករដ្ឋមន្ត្រី បន្តថា អនុសាសន៍គឺជាចក្ខុវិស័យ គំនិតផ្ដួចផ្ដើមដំបូង របស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ដែលបានតម្រង់ទិសក្នុងការដឹកនាំ ការងារកែទម្រង់រដ្ឋបាលសាធារណៈ ស្របតាមយុទ្ធសាស្ត្របច្ចកោណ ដំណាក់កាលទីមួយ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា៕