(ឡូសអែនជែឡេស, អាមេរិក)៖ ក្នុងដំណើរបេសកកម្មកៀរគរអ្នកវិនិយោគអាមេរិកមកវិនិយោគនៅកម្ពុជា នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា និងគណៈប្រតិភូ បានធ្វើដំណើរដល់ក្រុងឡូសអែនជែឡេស សហរដ្ឋអាមេរិកហើយ។

ជាមួយដំណើរដល់ទឹកដីក្រុងឡូសអែនជែឡេស លោកឧបនាយករដ្ឋមន្ត្រី ជួបពិភាក្សាការងារតាម​ប្រព័ន្ធវីដេ​អូ​ជាមួយតំណាងក្រុមហ៊ុន Highgate ដែលជាក្រុមហ៊ុនវិនិយោគលើឧស្សាហកម្មទេសចរណ៍ដ៏ធំ មានវត្តមាននៅ​តំបន់​ជាច្រើនជុំវិញពិភពលោក ដូចជា អាមេរិកខាងជើង ការីបៀន អាមេរិកឡាទីន និងអឺរ៉ុប ជាដើម។

តាមរយៈជំនួបនាឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបដល់តំណាងក្រុមហ៊ុនឱ្យបានជ្រាបថា បើទោះ​បី​កម្ពុជា ជាប្រទេសតូចពិតមែនក្ដី ប៉ុន្តែមានសក្តានុពលទេសចរណ៍ដ៏ស្រស់ត្រកាល និងសម្បូរបែប ដោយរួម​បញ្ចូលទាំងធនធានធម្មជាតិ ក៏ដូចជាសម្បត្តិវប្បធម៌រូបិយ និងអរូបិយ។

ឆ្លៀតក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញគណៈប្រតិភូរបស់ក្រុមហ៊ុន Highgate ស្វែង​រកឱកាសចុះមកបំពេញទស្សនកិច្ច ពិនិត្យមើលស្ថានភាពជាក់ស្ដែងនៃបរិយាសកាសវិនិយោគ និងធ្វើដំណើរ​កម្សាន្ត​ទៅតាមតំបន់ដែលមានសក្ដានុពលនានា ដើម្បីបានជាមូលដ្ឋានក្នុងការពិនិត្យលទ្ធភាព​ពិចារណា​លើ​ការ​បោះទុនវិនិយោគ ក្នុងឧស្សាហកម្មទេសចរណ៍នៅក្នុងប្រទេសកម្ពុជា។

ជាការឆ្លើយតប តំណាងក្រុមហ៊ុន Highgate បានឯកភាពនឹងការអញ្ជើញខាងលើ ហើយគ្រោងនឹងធ្វើ​ដំណើរ​ទស្សន​កិច្ចមកប្រទេសកម្ពុជានាពេលឆាប់ៗខាងមុខ ដើម្បីសិក្សាស្វែងយល់បន្ថែមអំពីបច្ចុប្បន្នភាព​នៃវិស័យ​ទេស​ចរណ៍ បដិសណ្ឋារកិច្ច និងវឌ្ឍនភាពនៃការវិនិយោគក្នុងចង្កោមសណ្ឋាគារកម្រិតពិភពលោក ដែលកំពុង​មាន​វត្តមាននៅកម្ពុជាផងដែរ៕