(ជប៉ុន)៖ លោក ចៅ សុភៈភិបាល អគ្គនាយកអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំសហការី បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិលើកទី៥ នៃភាពជាដៃគូលើការគ្រប់គ្រងទឹកកខ្វក់ក្នុងតំបន់អាស៊ី (The 5th Operation Committee of Asia Wastewater Management Partnership, AWaP) ដោយបានរៀបចំដោយ ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងទេសចរណ៍ MLIT នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។

កម្មវិធីនេះធ្វេីឡេីងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងគោលបំណង ពិភាក្សាលើសមាសភាពនៃប្រទេសថៃ និងបង់ក្លាដេស ដែលស្នើចូលជាសមាជិក អេវ៉ាប់ (AWaP) និងពិភាក្សាផងដែរលើប្រធានបទចំនួន០៤ (កំណត់គោលនយោបាយ AWaP ដើម្បីធ្វើឱ្យប្រសើរឡើងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់, រៀបចំចាត់ចែងបញ្ហាប្រឈមក្នុងតំបន់ ជាពិសេសបញ្ហាហិរញ្ញវត្ថុគម្រោងប្រព័ន្ធទឹកកខ្វក់, ប្រមូលទិន្នន័យអំពីបច្ចេកវិទ្យានៃប្រព័ន្ធចម្រោះទឹកកខ្វក់នៃបណ្តាប្រទេសសមាជិកAWaP, កំណត់សូចនាករ AWaP សម្រាប់ប្រព្រឹត្តកម្មទឹកកខ្វក់) ព្រមទាំងប្រកាសពីប្រទេសកម្ពុជាដែលត្រូវសម្រេចជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំអង្គសន្និបាតលើកទី៤ (4th General Meeting)។

ជាលទ្ធផលក្រោយកិច្ចប្រជុំ ប្រទេសកម្ពុជា ត្រូវបានប្រទេសជាសមាជិកក្នុង អេវ៉ាប់ (AWaP) ជ្រើសរើសឱ្យធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំក្នុងភាពជាដៃគូលើការគ្រប់គ្រងទឹកកខ្វក់នៅអាស៊ី (AWaP) ឆ្នាំក្រោយ ឆ្នាំ២០២៥ និងកិច្ចប្រជុំក៏បានឯកភាពផងដែរទទួលយកសំណើរប្រទេសថៃ និងប្រទេសបង់ក្លាដេស ជាសមាជិកថ្មីបន្ថែមនៃ អេវ៉ាប់ (AWaP)។

សូមរំលឹកផងដែរថា អេវ៉ាប់ (Asia Wastewater Management Partnership, AWaP) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៨ ក្រោមកិច្ចផ្តួចផ្តើមរបស់ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងទេសចរណ៍ (MLIT)នៃប្រទេសជប៉ុន និងមានសមាជិកចំនួន០៦ប្រទេស គឺប្រទេសកម្ពុជា ឥណ្ឌូនេស៊ី ជប៉ុន មីយ៉ាន់ម៉ា ហ្វីលីពីន និងប្រទេសវៀតណាម គិតត្រឹមខៃកញ្ញា ឆ្នាំ២០២៤ ហើយតាមរយៈកិច្ចប្រជុំ 5th Operation Committee នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងតូក្យូ ប្រទេសជប៉ុននេះសមាជិករបស់ AWaP នឹងកើនដល់៨ ប្រទេសដោយបន្ថែមប្រទេសបង់ក្លាដេស និង ប្រទេសថៃ។

អេវ៉ាប់ (AWaP) មានគោលបំណង ១)ការឆ្ពោះទៅសម្រេចនូវ គោលដៅអភិវឌ្ឍប្រកបដោយនិរន្តភាព (SDGs) ចំនុចដៅ៦.៣ ត្រឹមឆ្នាំ២០៣០ ២)ការលើកកម្ពស់ការគ្រប់គ្រងវិស័យទឹកកខ្វក់នៅក្នុងតំបន់អាស៊ី និងកិច្ចខំប្រឹងប្រែងរបស់ប្រទេសជាសមាជិក ៣) អនុវត្តការគ្រប់គ្រងវិស័យទឹកកខ្វក់ពីគ្រប់ភាគីពាក់ព័ន្ធក្នុងប្រទេសជាសមាជិកនីមួយៗ ដោយការចែករំលែកព័ត៌មានចាំបាច់នានា ដើម្បីផ្សព្វផ្សាយការគ្រប់គ្រង់ទឹកកខ្វក់ និងការបង្កើតជាគំរូរដើម្បីដោះស្រាយបញ្ហានានា ក្នុងកិច្ចខំប្រឹងប្រែងរបស់ប្រទេសជាសមាជិកក្នុងការសម្រេចបាននូវ SDGs នៅឆ្នាំ២០៣០៕