(ភ្នំពេញ)៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍បានដាក់ផែនការ​បន្ត​​​កសាងសមត្ថភាពសហគ្រាសធុនតូច និងមធ្យម(SMEs) លើឧស្សាហកម្ម ៤.០ ​ដើម្បីបានជាទុនសម្រាប់ម្ចាស់សហគ្រាសយកទៅអភិវឌ្ឍន៍រោងចក្រ សហគ្រាស ​ឱ្យកាន់តែប្រសើឡើងថែមទៀត និងឱ្យស្របតាមបរិបទឧស្សាហកម្ម ៤.០។

ថ្លែងនៅ​សិក្ខាសាលាពិគ្រោះយោបល់ស្តីពី«តម្រូវការជំនាញរបស់សហគ្រិនក្នុងបរិបទឧស្សាហកម្ម ៤.០​» ដែលបានរៀបចំឡើងនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នៅសណ្ឋាគារភ្នំពេញ ​​លោកបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការប្រចាំការ
ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថា ​ក្រោមការគាំទ្រពីរាជរដ្ឋាភិបាលចិនក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ​ឡានឆាង(LMC) ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំសិក្ខាសាលានេះឡើងក្នុងគោលបំណងធ្វើការពិគ្រោះយោបល់ ប្រមូលធាតុចូលបន្ថែម ដើម្បីបានស្វែងយល់ពីតម្រូវការជាក់ស្តែងរបស់ ​សហគ្រិនដែលជាម្ចាស់SMEs ទាក់ទងបញ្ហាប្រឈមនានា ចំណេះដឹង ជំនាញបច្ចេកទេសនានា ដើម្បីក្រុមការងារអនុវត្តគម្រោង និងទីប្រឹក្សាគម្រោង រៀបចំផែនការសកម្មភាពសម្រាប់បណ្តុះបណ្តាល ពង្រឹងសមត្ថភាព ដល់បងប្អូនដែលជាម្ចាស់រោងចក្រ សហគ្រាស ដើម្បីបានជាទុនសម្រាប់យកទៅអភិវឌ្ឍន៍រោងចក្រ សហគ្រាស ​ឱ្យកាន់តែប្រសើឡើងថែមទៀត និងឱ្យស្របតាមបរិបទឧស្សាហកម្ម ៤.០។

លោក ពៅ វណ្ណដា អគ្គនាយក នៃអគ្គនាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម បានលើកឡើងថា គិតត្រឹមខែសីហា ឆ្នាំ២០២៤ នេះ ​សហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម ដែលបានចុះបញ្ជីនៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ​មានចំនួនសរុប ៤៤,៤៩៦ មូលដ្ឋាន ​ក្នុងនោះសហគ្រិនស្ត្រី ចំនួន ៨,២១០ មូលដ្ឋាន​ និងប្រើប្រាស់កម្លាំងពលកម្មសរុបប្រមាណចំនួន ៤៧២,៣២៨ នាក់ (ស្ត្រី ១៤២,៥៦៣នាក់)។

លោកបានកត់សម្គាល់ថា បច្ចុប្បន្ននេះផលិតផលរបស់SMEs មួយចំនួនធំមានការលំបាកក្នុងការប្រកួតប្រជែងដើម្បីឈានចូលទីផ្សារទាំងក្នុង និងក្រៅតំបន់ ដោយសារស្តង់ដាផលិតផល ការទទួលបាននូវបច្ចេកវិទ្យាថ្មីៗ ទុនវិនិយោគ និងការគាំទ្ររបស់ស្ថាប័ននានានៅមានកម្រិតនៅឡើយ។

លោកមានប្រសាសន៍ថា ដើម្បីធានាការប្រកួតប្រជែងក្នុងទីផ្សារក្នុងនិងក្រៅតំបន់ សហគ្រាសធុនតូច និងមធ្យមត្រូវទទួលយកបច្ចេកវិទ្យាឌីជីថល និងទទួលយកគោលការណ៍ឧស្សាហកម្ម ៤.០ ។ ហេតុដូចនេះ​ទើបកម្មវិធីបណ្តុះបណ្តាល ការផ្វពផ្សាយបច្ចេកវិទ្យាថ្មីៗ និងកម្មវិធីគាំទ្រនានាត្រូវបានដាក់ចេញ សំដៅឱ្យសហគ្រាសធុនតូច និងមធ្យមកម្ពុជាទទួលបាននូវចំណេះដឹង និងជំនាញចាំបាច់ ដើម្បីប្រើប្រាស់បច្ចេកវិទ្យាឧស្សាហកម្ម ៤.០ និងកែលម្អប្រតិបត្តិការរបស់ខ្លួន។

លោកបន្ថែមថា ទោះបីជាមានការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់ឌីជីថលកម្មក៏ដោយ សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាជាច្រើននៅតែខ្វះការយល់ដឹង ជំនាញ និងធនធាន ដើម្បីទទួលយកបច្ចេកវិទ្យាឧស្សាហកម្ម ៤.០ នេះ។

​លោកលើកឡើងថា ការអនុវត្តគម្រោងស្តីពី «ការកែលម្អកិច្ចសហប្រតិបត្តិការសមត្ថភាពផលិតកម្ម តាមរយៈការពង្រឹងសមត្ថភាព SMEs និងកិច្ចសហប្រតិបត្តិការបច្ចេកទេសលើឧស្សាហកម្ម ៤.០ នៅក្នុង LMC» ចាំបាច់ត្រូវតែផ្តោតលើការធ្វើឱ្យប្រសើរឡើងនៃកិច្ចសហប្រតិបត្តិការ និងសមត្ថភាពផលិតកម្ម ដោយការពង្រឹងសមត្ថភាពសហគ្រាសធុនតូច និងមធ្យម និងកិច្ចសហប្រតិបត្តិការបច្ចេកទេសក្នុងបរិបទឧស្សាហកម្ម ៤.០ នៅក្នុង LMC ។ ជាពិសេស គម្រោងនេះនឹងបង្កើតវគ្គបណ្តុះបណ្តាលដែលចាំបាច់សម្រាប់ការកសាងសមត្ថភាព SMEs លើឧស្សាហកម្ម ៤.០ ដែលជាកម្លាំងជំរុញសេដ្ឋកិច្ចដ៏សំខាន់មួយនៅក្នុង LMCs ។ លើសពីនេះ តាមរយៈគម្រោងនឹងកំណត់ពីតម្រូវការជំនាញសម្រាប់ SMEs និងការរៀបចំវគ្គបណ្តុះបណ្តាល និងកម្មវិធីចាំបាច់ ដែលជំរុញការយល់ដឹងពីឌីជីថលកម្ម ការបង្កើតវេទិកាជំនួបអាជីវកម្មរវាង SMEs និងកិច្ចសហប្រតិបត្តិការជិតស្និតនៃ SMEs កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា សំដៅបង្កើនផលិតភាពត្រឹមតែប៉ុណ្ណោះទេ ថែមទាំងជំរុញការចូលទៅកាន់ទីផ្សារថ្មីផងដែរ។ លទ្ធផលរំពឹងទុកដ៏សំខាន់បំផុតមួយទៀតនៃគម្រោងនេះ គឺការលើកកម្ពស់ការចាប់ផ្តើមអាជីវកម្មក្នុងតំបន់ ជាមួយនឹងការសហការជាមួយសហគ្រាសធុនតូច និងមធ្យម ដែលភាពជាដៃគូសាធារណៈ​ឧស្សាហកម្ម-សិក្សា នឹងក្លាយជាគំរូដ៏ល្អ មួយក្នុងការជំរុញកំណើននៃការចាប់ផ្តើមអាជីវកម្មនៅក្នុង LMCs ។

បើតាមលោក ពៅ វណ្ណដាគម្រោងនេះ ​ចាប់ផ្តើមអនុវត្តចាប់ពីខែសីហា ឆ្នាំ២០២៤ ដល់ខែវិច្ឆិកា ឆ្នាំ២០២៥ ៕