(ភ្នំពេញ)​៖​ លោកស្រី យី សុខវួច ប្រធានក្រុមប្រឹក្សារជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ បានបើកសវនាការដើម្បីប្រកាសសាលក្រមលើសំណុំរឿង លោក នាង សំអូន ដែលបើករថយន្ត Ford Ranger ទាំងស្រវឹងដែលបណ្តាលអោយមានគ្រោះថ្នាកចរាចរណ៍បុកស្លាប់មនុស្សនៅក្រោមស្ពានអាកាសឬស្សីកែវ ដោយសម្រេចផ្តន្ទាទោសកម្រិតអតិបរិមាដាក់ពន្ធនាគារចំនួន៥ឆ្នាំ និងពិន័យមិនឱ្យបើកបរ ចំនួន៥ឆ្នាំ។

សូមរំលឹកថា មានមនុស្សប្រុសស្រីបួននាក់បានបាត់បង់អាយុជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ និងបួននាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ត្រូវបានរថយន្ដសង្គ្រោះ ដឹកយកទៅសង្គ្រោះភា្លមៗនៅឯមន្ទីពេទ្យ ក្នុងករណីបុរសម្នាក់បើករថយន្ដ Ford Ranger បុករះម៉ូតូនឹងរថយន្ដជាច្រើនគ្រឿង នៅក្រោមស្ពានអាកាសឬស្សីកែវ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦៖៤០នាទីយប់ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ចំណុចក្រោមស្ពានអាកាសឬស្សីកែវ ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

បើតាមព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ភ្នាក់ងារ​ Fresh News ផ្សាយផ្ទាល់ឲ្យដឹងថា នៅមុនកើតហេតុគេឃើញចរាចរណ៍ដ៏មមាញឹក នៅចំណុចស្ដុបក្រោមស្ពានអាកាសឬស្សីកែវ ដោយមានអ្នកដំណើរដោយរថយន្ដនឹងម៉ូតូជាច្រើនគ្រឿងឈប់ចាំស្ដុប ស្រាប់តែមានបុរសម្នាក់បើករថយន្ដ Ford Ranger មួយគ្រឿងពណ៍ស ពាក់ស្លាកលេខភ្នំពេញ 2AZ-5854 ធ្វើដំណើរចុះពីស្ពានឬស្សីកែវ ក្នុងទិសដៅពីកើតមកលិច ដោយល្បឿនលឿន មកបុករះក្បាលនាគពុះចែកទ្រូងស្ពាន ម៉ូតូ៤គ្រឿងនឹងរថយន្ដចំនួន២គ្រឿង បណ្ដាលអោយរងការខូចខាត គៀបជាប់ក្រោមរថយន្ដ រ៉ាយប៉ាយពេញផ្លូវ ឯអ្នកជិះលើម៉ូតូបានបាត់បង់អាយុជីវិត៤នាក់ស្រី៣នាក់ប្រុស១នាក់ នឹងរងរបួសធ្ងន់ស្រាលចំនួន៤នាក់ ត្រូវបានរថយន្ដសង្គ្រោះដឹកយកទៅសង្គ្រោះភ្លាមៗ នៅឯមន្ទីពេទ្យកាល់ម៉ែត​ ដោយម៉ូតូរងគ្រោះទី១ម៉ាកហុងដាប៊ីត ពណ៍សលាយខ្មៅពាក់ស្លាកលេខភ្នំពេញ 1KG-7548 ទី២ម៉ាកហុងដាខ្លីកពណ៍ស ពាក់ស្លាកលេខបាត់ដំបង 1AP-7471 ទី៣ម៉ាកហុងដាឌ្រីមសង់ពណ៍ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់ 1J-3821 ទី៤ម៉ាកហុងដាហ្សូមើអិច មិនស្គាល់ស្លាកលេខ។ ឯរថយន្ដរងគ្រោះមានចំនួនពីរគ្រឿង ទី១ម៉ាកតូយ៉ូតាព្រូស ពណ៍ស​ពាក់ស្លាកលេខភ្នំពេញ 2BB-4208 រងការខូចខាតផ្នែងក្រោយ នឹងហោះឡើងលើសួនខាងស្ដាំដៃ ទី២ម៉ាកលុចសុីស NX200t ពណ៍ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2BT-3779 រងការខូចខាតផ្នែកខាងក្រោយឲ ដោយគៀបជាប់ជាមួយរថយន្ដបង្ករ។

ភ្លាមៗនោះអ្នកបើកបរថយន្ដបង្ក ក្រោយពីបើកបុករះបណ្ដាលអោយមានអ្នកស្លាប់នឹងរបួសជាច្រើននាក់រួចមក សមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្ដឬស្សីកែវ។

ភាគីបង្កបេីករថយន្តម៉ាក Ford Ranger ពណ៍ស ពាក់ផ្លាកលេខ ភ្នំពេញ ២AZ-៥៩៥៤ បើកបរដោយឈ្មោះ នាង សំអូន ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរមន្ត្រីក្រសួងហិរញ្ញវត្ថុ មានទីលំនៅផ្ទះលេខ៤០A ផ្លូវលេខ២១០ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (កំរិតជាតិអាកុល ០.៥៤)។

ចំែណកជនរងគ្រោះរួមមាន៖

* ម៉ូតូម៉ាក Honda Click ពណ៌ស ពាក់ផ្លាកលេខ បាត់ដំបង ១AP-៧៤៧១ បើកបរដោយឈ្មោះ (មិនស្គាល់អត្តសញ្ញាណ ស្រី ២នាក់) រងរបួសធ្ងន់ បញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ

* ម៉ូតូម៉ាក Honda Beat ពណ៌ស-ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ ១KG-៧៥៤៨ បើកបរដោយឈ្មោះ ហ៊ន ឧស្សាហ៍ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ស្លាប់នៅកន្លែងកើតហេតុ)រងរបួសស្រ្តីពីរនាក់សំរាកព្យាបាលពេទ្យកាលម៉ែត្រ

* ម៉ូតូម៉ាក Honda Dream ពណ៌ខ្មៅ ពាក់ផ្លាកលេខ ពោធិ៍សាត់ ១J-៣៨២១ បើកបរដោយឈ្មោះ ង៉ែត ស្រីម៉ៅ ភេទស្រី អាយុ២២ឆ្នាំ មុខរបរនិស្សិត មានទីលំនៅខេត្តពោធិ៍សាត់ (ស្លាប់នៅកន្លែងកើតហេតុ)។

* ម៉ូតូម៉ាក Honda Scoopy ពណ៌ស ពាក់ផ្លាកលេខ បើកបរដោយ ឈ្មោះ តុល បញ្ញា ភេទស្រី អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកលក់គ្រឿងសំណង់ និងឈ្មោះ ពេជ សុផាឡែន ភេទស្រី អាយុ១៥ឆ្នាំ មុខរបរសិស្ស ភូមិព្រែករាំង សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ (ស្លាប់ទាំង ២ នៅកន្លែងកើតហេតុ)។

ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វេីការវាស់វែងយកម៉ូតូរក្សាទុក​ រីឯសពត្រូវបានសមត្ថកិច្ច​ទាក់ទងទៅគ្រួសារយកទៅធ្វេីបុណ្យទៅតាមប្រពៃណី៕