(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០២៤ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យ លោក FUJITA Yukihisa អតីតអនុរដ្ឋមន្ត្រី ក្រសួងហិរញ្ញវត្ថុ និងជាអតីតប្រធានសភាជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួង-មហាផ្ទៃ។
ជាកិច្ចចាប់ផ្ដើម អភិសន្តិបណ្ឌិត ស សុខា បានស្វាគមន៍ចំពោះវត្តមានលោក FUJITA Yukihisa អតីតអនុរដ្ឋមន្ត្រី ក្រសួងហិរញ្ញវត្ថុ និងជាអតីតប្រធានសភាជប៉ុន។
ក្នុងជំនួបនេះ អភិសន្តិបណ្ឌិត ស សុខា និងលោក FUJITA Yukihisa បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការកន្លងមក រវាងភាគីទាំងពីរ រួមមានជាអាទិ៍ វិស័យសេដ្ឋកិច្ច នយោបាយ និងសន្តិសុខ។ ទន្ទឹមនេះ អភិសន្តិបណ្ឌិត ស សុខា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលជានិច្ចកាល តែងយកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រដល់បុព្វហេតុសុខសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា ឱ្យកាន់តែមានការរីកចម្រើន ជាបន្តបន្ទាប់។
ក្នុងនោះ អភិសន្តិបណ្ឌិត ស សុខា បានបញ្ជាក់ជូនភាគីជប៉ុនជ្រាបថា ទោះបីជាប្រទេសកម្ពុជា បានសម្រេចដកខ្លួនពីគម្រោងត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ក៏ប្រទេសកម្ពុជា នៅតែបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងទំនាក់ទំនងផ្សេងៗទៀតជាមួយប្រទេសជិតខាង ឡាវ និងវៀតណាម។
ជាការឆ្លើយតប លោក FUJITA Yukihisa បានថ្លែងអំណរគុណចំពោះអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានអនុញ្ញាតឱ្យលោកចូលជួបសម្ដែងការគួរសមនាថ្ងៃនេះ។
លោក FUJITA Yukihisa បានជម្រាបជូនថា ជប៉ុនគាំទ្រការសម្រេចចិត្តរបស់កម្ពុជា ក្នុងនោះ ជប៉ុននឹងបន្តជួយគាំទ្រប្រទេសកម្ពុជា ក្នុងក្របខណ្ឌទ្វេភាគី ព្រមទាំងពិនិត្យលទ្ធភាពផ្ដល់នូវសម្ភារៈមួយចំនួន គាំទ្រដល់ការរៀបចំការបោះឆ្នោត នៅក្នុងប្រទេសកម្ពុជា។
ជាទីបញ្ចប់អភិសន្តិបណ្តិត ស សុខា បានអរគុណចំពោះភាគីជប៉ុន ដែលបានបន្តរួមចំណែក ដើម្បីលើកស្ទួយជីវភាព និងកាត់បន្ថយភាពក្រីក្រ នៅតាមបណ្ដាព្រំដែន ក៏ដូចជាគាំទ្ររាល់ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា៕