(ភ្នំពេញ)៖ ស្ថានទូជប៉ុនប្រចាំនៅកម្ពុជា ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ អាជ្ញាធរមីន និងស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានសហការរៀបចំកិច្ចប្រជុំធ្វើបច្ចុប្បន្នភាព នៃភាពជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញ លើកទី៥ នៃអនុសញ្ញាអូតាវ៉ា ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន និង ស្ថានភាពសកម្មភាពមីននៅកម្ពុជា។

ពាក់ព័ន្ធនឹងភាពជាប្រធានអនុសញ្ញាអូតាវ៉ា លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា បានថ្លែងថា កម្ពុជា មានមោទកភាពដែលទទួលបានការគាំទ្រពីរដ្ឋភាគី និងអង្គការអន្តរជាតិ នានា ធ្វើជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកម្រិតសកលលោកនេះ ដែលវាបានឆ្លុះបញ្ចាំងពីបទពិសោធន៍ ជំនាញ សមត្ថភាព និងឆន្ទៈរបស់កម្ពុជា ក្នុងការរួមចំណែកដល់វិស័យសកម្មភាពមីនពិភពលោក។

កិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ប្រព្រឹត្តទៅជារៀងរាល់ ៥ឆ្នាំម្តង ដើម្បីពិនិត្យលើស្ថានភាពនៃការអនុវត្តអនុសញ្ញា និងកំណត់ទិសដៅរយៈពេល ៥ឆ្នាំបន្ត សម្រាប់ការអនុវត្តអនុសញ្ញា។ កម្ពុជា ជាប្រទេសដំបូងក្នុងតំបន់អាស៊ី ដែលទទួលបានភាពជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ដ៏សំខាន់នេះ ហើយក្នុងនាមជាប្រធានកម្ពុជា មានកាតព្វកិច្ច រៀបចំឯកសារស្នូលចំនួន៣ រួមមាន៖

*ទី១៖ ឯកសារពិនិត្យឡើងវិញនូវការអនុវត្តផែនការសកម្មភាពទីក្រុងអូស្លូ ២០២០-២០២៤
*ទី២៖ ផែនការសកម្មភាពសៀមរាប-អង្គរ ២០២៥-២០២៩
*ទី៣៖ សេចក្តីថ្លែងការណ៍នយោបាយសៀមរាប-អង្គរ។ ក្នុងន័យនេះ ផែនការសកម្មភាពសៀមរាប-អង្គរ ឆ្នាំ២០២៥ - ២០២៩ គឺជាត្រីវិស័យដ៏សំខាន់ សម្រាប់ការអនុវត្តអនុសញ្ញាអូតាវ៉ា ឆ្ពោះទៅរកការសម្រេចបានពិភពលោកមួយ ដែលមិនមានការគំរាមកំហែងដោយសារមីន។

លោកបានគូសបញ្ជាក់ថា ស្របតាមអនុសាសន៍ណែនាំរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី កម្ពុជាទទួលបានការកោតសរសើរ និងវាយតម្លៃខ្ពស់ពីសហគមន៍អន្តរជាតិ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងភាពជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា និងការសម្រេចឱ្យបានអាទិភាពទាំងបី ដែលកម្ពុជាបានដាក់ចេញគឺ សាកលភាវូបនីយកម្មនៃអនុសញ្ញាអូតាវ៉ា, ការអនុវត្តមាត្រា៥ នៃអនុសញ្ញា (ការបំផ្លាញគ្រាប់មីនប្រឆាំងមនុស្សនៅក្នុងតំបន់មីន) និងកិច្ចសង្គ្រោះជនរងគ្រោះដោយសារមីន។

នាឱកាសនោះ បណ្ឌិត បានលើកឡើងដែរថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជាមេដឹកនាំគំរូ ដែលសម្តេចបានចូលរួមយ៉ាងសកម្មដោយផ្ទាល់ ក្នុងការផ្សព្វផ្សាយ និងអំពាវនាវដល់បណ្តាប្រទេសនានា ទូទាំងពិភពលោក ចូលរួមគាំទ្រដល់អនុសញ្ញាអូតាវ៉ា ដើម្បីធានាថា នឹងមិនមានប្រជាជនណាម្នាក់ នៅក្នុងពភពលោក ទទួលរងទុក្ខវេទនាដោយសារគ្រាប់មីនឡើយ។ បន្ថែមលើនោះលោកបានសង្កត់ធ្ងន់ថា “កិច្ចខិតខំប្រឹងប្រែងរបស់សម្តេច គឺជាសក្ខីភាពបង្ហាញថា ភាពជោគជ័យនៅក្នុងសកម្មភាពមីន គឺអាស្រ័យលើទស្សនវិស័យ និងឆន្ទៈមោះមុត របស់មេដឹកនាំ”។

ជាមួយគ្នានេះ ពាក់ព័ន្ធនឹងស្ថានភាពសកម្មភាពមីននៅកម្ពុជា ទេសរដ្ឋមន្ត្រី បានថ្លែងថា កម្ពុជានៅតែបន្តខិតខំប្រឹងប្រែងឥតឈប់ឈរ ក្នុងកិច្ចការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីការពារអាយុជីវិត ប្រជាជនកម្ពុជា និងរួមចំណែកការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ រយៈពេលជាង ៣០ឆ្នាំ ចាប់ពីឆ្នាំ១៩៩២ ផ្ទៃដីមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ចំនួន ៣០២៤ គីឡូម៉ែតការ៉េ ត្រូវបានបោសសម្អាតរួច ក្នុងនោះរាជធានី-ខេត្តចំនួន ១៥ ត្រូវបានប្រកាសអស់មីន ហើយគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះរាប់លានគ្រាប់ ត្រូវបានរកឃើញ និងកម្ទេចចោល។

លោកបានលើកឡើងថា សមិទ្ធលជាប្រវត្តិសាស្ត្រនៃវិស័យសកម្មភាពមីននៅកម្ពុជា បានមកពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងការរួមចំណែកពីប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករ វិស័យឯកជន និងសប្បុរសជននានា។ ក្នុងនាមរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោកទេសរដ្ឋមន្រ្តី បានអំពាវនាវឱ្យប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា និងគាំទ្រប្រទេសកម្ពុជា ដើម្បីអាចឱ្យកម្ពុជាសម្រេចនូវគោលដៅកម្ពុជាគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទះពីសង្រ្គាម៕