(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦នេះ ស្ថានទូតអាមេរិកប្រចាំនៅទីក្រុងភ្នំពេញ បានចេញផ្សាយព័ត៌មានស្តីពីជំងឺ Zika នៅកម្ពុជា, ដោយបានលើក ឡើងថា «ជំងឺ Zika កំពុងកើតមាននៅតាមតំបន់ខ្លះ នៃប្រទេសកម្ពុជា ហើយគេមិនដឹងថា អ្នកធ្វើដំណើរប្រឈមនឹងជំងឺនេះប៉ុនណាទេ។ ដូច្នេះនារីដែលមានផ្ទៃពោះ ឬគ្រោងនឹងមានផ្ទៃពោះ គួរតែពិភាក្សាពីគំរោងធ្វើដំណើរជាមួយវេជ្ជបណ្ឌិត ហើយគួរពិចារណាផ្អាកការធ្វើដំណើរណាដែលមិនចាំបាច់មកប្រទេសកម្ពុជា»។
ពាក់ព័ន្ធនឹងករណីនេះ មិនទាន់មានការបញ្ជាក់ពីក្រសួងសុខាភិបាលរបស់កម្ពុជា នៅឡើយនោះទេ។
ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងរបស់ស្ថានទូតអាមេរិក នៅកម្ពុជា៖
ព័ត៌មានស្តីពីជំងឺ Zika សំរាប់អ្នកធ្វើដំណើរមកប្រទេសកម្ពុជា, ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០១៦។
ជំងឺ Zika កំពុងកើតមាននៅតាមតំបន់ខ្លះ នៃប្រទេសកម្ពុជា ហើយគេមិនដឹងថា អ្នកធ្វើដំណើរប្រឈមនឹងជំងឺនេះប៉ុនណាទេ តែទំនងជាមានកំរិតទាបជាងនៅតាមតំបន់ ដែលជំងឺនេះទើបតែចូលដល់ ហើយកំពុងរាលដាលជាទូទៅ។
ដោយសារការប្រឈមនឹងទារកកើតមកខុសប្រក្រតី ដោយម្តាយមានមេរោគនេះក្នុងពេលគាត់មានផ្ទៃពោះ ដូច្នេះនារីដែលមានផ្ទៃពោះ ឬគ្រោងនឹងមានផ្ទៃពោះ គួរតែពិភាក្សាពីគំរោងធ្វើដំណើររបស់គេជាមួយវេជ្ជបណ្ឌិត ហើយគួរពិចារណាផ្អាកការធ្វើដំណើរណាដែលមិនចាំបាច់មកប្រទេសកម្ពុជា។
ការធ្វើតេស្តរកមេរោគនៃជំងឺ Zika គួរតែត្រូវបានផ្តល់ឲ្យនារីមានផ្ទៃពោះ ហើយគួរត្រូវបានពិចារណាផ្តល់អោយអ្នកដទៃទៀត ដែលមានរោគសញ្ញានៃ ការឆ្លងមេរោគនៃជំងឺ Zika បើសិនជាក្នុងពេលថ្មីៗនេះ គេបានធ្វើដំណើរមកប្រទេសកម្ពុជា។ អ្នកធ្វើដំណើរមកប្រទេសកម្ពុជាគួរតែគោរពយ៉ាងម៉ត់ចត់តាមជំហ៊ានៗ ក្នុងការការពារកុំអោយមូសខាំ និងកុំអោយឆ្លងមេរោគនៃជំងឺ Zika តាមផ្លូវភេទ។
ចំពោះព័ត៌មានបន្ថែមទៀត សូមចូលមើលនៅលើគេហទំព័រ http://wwwnc.cdc.gov/travel/page/zika-virus-southeast-asia