(បន្ទាយមានជ័យ)៖ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាំងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានប្រកាសតែងតាំង លោក សួន បវរ ជាប្រធានកិត្តយសសាខា កាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃនេះតទៅ ពោលគឺចាប់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦។
ពិធីប្រកាសនេះ មានការចូលរួមពី លោកស្រី ម៉ៅ ម៉ាល័យ កែគឹមយ៉ាន អនុប្រធានគណៈកិត្តយសសាខាកាកបាទក្រហមកម្ពុជាខេត្ត លោកលី សារី ប្រធានសាខាកាកបាទក្រហមកម្ពុជាសាខាខេត្ត និងមន្ត្រីពាក់ព័ន្ធ ជាច្រើនរូប ជាពិសេស ប្រជាពលរដ្ឋ ជិត៥០០នាក់ នារសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ ។
លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តាំផ្ញើគណៈអភិបាលគ្រប់ថ្នាក់ ដែលជាក្តីសង្ឃឹម របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន សូមមេត្តាបន្តរក្សាពង្រឹងសាមគ្គីភាពឲ្យបានជិតស្និត និងសុខដុមរមនីយកម្ម រវាងគណៈកិត្តយសសាខា អនុសាខា ជាមួយគណៈកម្មាធិការសាខា អនុសាខា និង ក្រុមប្រតិបត្តិគ្រប់លំដាប់ថ្នាក់ ដើម្បីកៀរគរកម្លាំងសរុប និងមធ្យោបាយសរុប ដឹកនាំសាខាបន្តអនុវត្តសកម្មភាពស្របតាម បាវចនារបស់ចលនា «ធ្វើឲ្យបានកាន់តែច្រើនជាងមុនធ្វើឲ្យបាន កាន់តែ ល្អជាមុន ធ្វើឲ្យបានកាន់តែស៊ីជម្រៅជាងមុន និងទៅអោយបានកាន់តែឆ្ងាយជាមុន ហើយសក្តិសមនិង ប្រធានបទប្រចាំឆ្នាំ២០១៦» កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់ គ្រប់ៗគ្នា។
លោក សួន បវរ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា និងជាអភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ឲ្យដឹងថា «ខ្ញុំសូមសម្តែងនូវការកោសសរសើរ និងវាយតម្លៃខ្ពស់ចំពោះការយក កម្លាំងកាយចិត្តប្រមូលផ្តុំនូវបញ្ញាញាណ សម្រេចបាននូវសកម្មភាព ប្រកបដោយជោគជ័យ ក្នុងអាណត្តទី៤នេះ ជាពិសេសចំពោះ ការរៀបចំរចនាសម្ព័ន្ធដ៏រឹងមាំរបស់សាខា ថ្នាក់ខេត្តរហូត ដល់ សមាគមន៍ ដើម្បីអាចផ្តល់សេវាកម្មត្រៀមបង្ការ និងឆ្លើយតបគ្រោះមហន្តរាយ ជួយសម្រាលទុក្ខលំបាក របស់ជនរងគ្រោះ និងអ្នកងាយរងគ្រោះ ក្នុងរដ្ឋបាលរបស់ខេត្ត ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា»។
នាពេលនោះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាំងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងក្រុមការងារបានចែកអំណោយដល់ ប្រជាពលរដ្ឋកំពុងខ្វះខាត និងពលរដ្ឋរងគ្រោះចំនួន៥៨គ្រួសារ ១គ្រួសារទទួលបាន អង្ក ចំនួន៥០គីឡូក្រាម មី១កេស ត្រីខ ១យួរធំ ឃីត ១ឈុត និងថវិកាមួយចំនួនទៀតផងដែរ៕