(ភ្នំពេញ)៖ លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនមានពិការភាព បានគូសបញ្ជាក់ថា ការរៀបចំទិវាជនមានពិការភាពគ-ថ្លង់កម្ពុជាលើកទី១២ និងអន្តរជាតិលើកទី៦៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ «ប្រើប្រាស់ភាសាសញ្ញានៅក្នុងសង្គមដើម្បីជនមានពិការភាពគ-ថ្លង់ទទួលបានសិទ្ធិ» គឺជាការផ្តល់ឳកាសជួបជុំថ្នាក់ដឹកនាំក្រសួង ស្ថាប័ន អង្គការសង្គមស៊ីវិល និងបងប្អូនជនមានពិការភាពគ-ថ្លង់ ដែលជាការបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សិទ្ធិ និងការចូលរួមដោយឥតរើសអើង និងជាការលើកស្ទួយតម្លៃជនមានពិការភាព គ-ថ្លង់ពិសេសធ្វើយ៉ាងណាឲ្យភាសាសញ្ញ្ញា ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងសង្គមកម្ពុជាស្របតាមប្រធានបទក្នុងទិវាឆ្នាំ២០២៤នេះ ដើម្បីបរិយាបន្នមនុស្សគ-ថ្លង់ លើគ្រប់វិស័យ។

រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចរូបនេះបានបន្ថែមថា សមិទ្ធផលទាំងឡាយក្នុងវិស័យពិការភាពពិតជាបានកើតឡើងដោយកិច្ចខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ព្រោះវិស័យពិការភាពគឺជាការងារពហុវិស័យ ដែលទាមទារឱ្យមានការចូលរួមដោយយកចិត្តទុកដាក់ទាំងអស់គ្នា រួមគ្នាដោះស្រាយរាល់បញ្ហាប្រឈមនានាប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។

លោក ជា សុមេធី បានលើកឡើងថា បើយោងតាមការធ្វើជំរឿនប្រជាសាស្ត្រឆ្នាំ២០១៩នៅកម្ពុជា យើងមានជនមានពិការភាពចំនួន៤,៩ភាគរយនៃប្រជាជនសរុបប្រមាណជាង ១៦លាននាក់ ក្នុងនោះជនមានពិការភាពគ-ថ្លង់ ប្រមាណ២,៨ភាគរយ គឺឈរបន្ទាប់ពីពិការភាពគំហើញ ហើយថា ការធ្លាក់ក្នុងស្ថានភាពពិការភាព មិនត្រឹមធ្វើឱ្យមានផលប៉ះពាល់ដល់ជនមានពិការភាពគ-ថ្លង់ខ្លួនឯងផ្ទាល់ប៉ុណ្ណោះទេ តែវាបានប៉ះពាល់ដល់ក្រុមគ្រួសារ មិត្តភក្តិ និងសហគមន៍ ព្រមទាំងបន្សល់ផលវិបាកផ្នែកសេដ្ឋកិច្ច ការស្តារកាយសម្បទា និងសតិអារម្មណ៍ផ្សេងៗទៀតផងដែរ ដោយមូលហេតុចម្បងៗដែលបណ្តាលឱ្យមានពិការភាពគ-ថ្លង់ គឺបណ្តាលមកពីកត្តាជីវសាស្ត្រ បរិស្ថាន ការប្រើប្រាស់ឱសថ ចាស់ជរា និងគ្រោះថ្នាក់ផ្សេងៗទៀត។

លោក អ៊ុង សម្បត្តិ អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនមានពិការភាព បានលើកឡើងថា ប្រធានបទទិវាឆ្នាំនេះ ផ្តល់ឱកាសដើម្បីគាំទ្រ និងការពារអត្តសញ្ញាណទាំងនៅកម្ពុជា និងនៅលើពិភាពលោក។ ភាសាសញ្ញា​គឺជាមធ្យោបាយដ៏សំខាន់សម្រាប់ជនមានពិការភាពគ-ថ្លង់ ក្នុងការបង្ហាញខ្លួនជាស្ពានភ្ជាប់ទំនាក់ទំនងជាមួយអ្នកផងទាំងពួងនៅក្នុងសង្គម និងអាចចូលរួមក្នុងគ្រប់វិស័យនៃសេដ្ឋកិច្ច សង្គម សិល្បៈ វប្បធម៌ និងនយោបាយ។

លោកបានបន្ថែមថា ភាសាសញ្ញា ក៏មានសារៈសំខាន់ ដើម្បធានាការទទួលបានព័ត៌មាន និងសេវាកម្មនានារាប់បញ្ចូលទាំងក្នុងគ្រាពេលមានមហន្តរាយធម្មជាតិ ហើយក៏ជាកត្តាបំពេញបន្ថែមនូវសិទ្ធិជាមូលដ្ឋានសម្រាប់ជន មានពិការភាពគ-ថ្លង់ដែលមានប្រមាណជាង៤៣០លាននាក់ នៅជុំវិញពិភពលោក។

គួរបញ្ជាក់ថា នៅលើពិភពលោក ទិវាជនមានពិការភាពគ-ថ្លង់ ត្រូវបានរៀបចំធ្វើឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ១៩៥៨មកម្ល៉េះ។ រហូតមកដល់ពេលបច្ចុប្បន្ននេះ មានប្រទេសប្រមាណ១៣៣នៅលើពិភពលោក បាននិងកំពុងបន្តរៀបចំទិវានេះ ហើយការរៀបចំទិវានេះឡើងគឺមានលក្ខណៈផ្សេងៗគ្នាតាមការនិយម និងទម្លាប់របស់ប្រទេសនីមួយៗ។ ទិវាជនមានពិការភាពគ-ថ្លង់ គឺជាព្រឹត្តិការណ៍អន្តរជាតិប្រចាំឆ្នាំ ដែលត្រូវបានប្រារព្ធឡើងដើម្បីលើកកម្ពស់ការយល់ដឹងពីជនមានពិការភាពគ-ថ្លង់ និងសមិទ្ធិផលនានារបស់សហគមន៍។ មកទល់ឆ្នាំ២០២៣ អន្តរជាតិបានប្រារព្ធទិវាជនមានពិការភាពគ-ថ្លង់ បានចំនួន៦៦លើក៕