(ក្រចេះ)៖ គិតត្រឹមវេលាម៉ោង១១៖០០ព្រឹក នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤នេះ ស្ថានភាពកម្ពស់ ទឹកទន្លេមេគង្គខេត្តក្រចេះ បានហក់ឡើងដល់កម្រិត២១.៦៥ម៉ែត្រ ខ្ពស់ជាងឆ្នាំ២០២៣ ត្រឹមតែ១៨.៥៩ម៉ែត្រប៉ុណ្ណោះ។
កាហក់ឡើងទឹកជំនន់ទន្លេ មេគង្គនិងជំនន់ទឹកភ្លៀងនេះ បានបង្កផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវលំ សាលា រៀន វត្តអារាមមណ្ឌលសុខភាព ដំណាំរួមផ្សំ និងលំនៅដ្ឋាន របស់ប្រជាពលរដ្ឋជាច្រើនខ្នងផងដែរ។
ខណៈអាកាសធាតុទឹកភ្លៀង នៅតែបន្តភ្លៀងធ្លាក់ កម្ពស់ទឹកជំនន់នៅតែកើនឡើង គៀកនិងការប្រកាសអាសន្ន គណៈកម្មាធិការគ្រប់គ្រងគ្រោះ មហន្តរាយខេត្តក្រចេះ នៅព្រឹកថ្ងៃទី២៤ ម្សិលមិញ បានធ្វើការអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅជាប់នៅតាមដងអូរព្រែក និងទន្លេមេគង្គបង្កើនការប្រុងប្រយ័ត្នឲ្យខ្ពស់ ត្រៀមលក្ខណៈវេចខ្ចប់ស្បៀង អាហារសម្ភារៈ និងឯកសារសំខាន់ និងប្រមូលទុកដាក់នូវផលដំណាំកសិកម្ម ដែលអាចប្រឈមទៅនឹងទឹកជំនន់ ដែលអាចនាំឲ្យខូចខាតបាត់បង់ធ្ងន់ធ្ងរ។
ក្នុងនោះ គណៈកម្មការរងគ្រោះមហន្តរាយខេត្ត ក៏បានណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្ន បើគ្មានការចាំបាច់កុំធ្វើដំណើរ ឬចេញទៅនេសាទដាច់ខាត ហើយត្រូវណែនាំកូនចៅ កុំឲ្យនៅជិត ឬលេងតំបន់ងាយរងគ្រោះ ហើយត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីទទួលបានព័ត៌មានអំពីទីតាំង ដែលត្រូវជម្លៀសស្នាក់នៅបណ្ដោះអាសន្ន ហើយត្រូវចែករំលែកព័ត៌មានបន្ត ទៅដល់អ្នកដទៃ និងយកចិត្តទុកដាក់តាមដានប្រព័ន្ធទូរសព្ទ ១២៩៤ ផងដែរ៕