(ក្រចេះ)៖ អភិបាលស្រុកចិត្របុរី លោក យ៉ិន វណ្ណៈ បានដឹកនាំក្រុមការងារថ្នាក់ស្រុក និងមន្ត្រីថ្នាក់មូលដ្ឋាន នាំយកលិខិតរំលែកមរណៈទុក្ខ និងបច្ច័យរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ រួមទាំងគ្រឿងឧបភោគ បរិភោគរបស់ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកចិត្របុរី ទៅផ្តល់ជូនក្រុមគ្រួសារសពទាំង៣នាក់ ដែលបានជួបឧបទ្ទវហេតុភ្លៀងខ្យល់ខ្លាំង បណ្តាលឲ្យលិចទូកដឹកដំឡូងមីនៅកណ្តាលបឹងរាំង កាលពីរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤កន្លងទៅ។
ក្នុងឱកាសនោះ លោក យ៉ិន វណ្ណៈ បាននាំនូវការផ្តាំផ្ញើចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រមនេះ ជាមួយក្រុមគ្រួសារសពទាំង៣រូប ដែលលិចទូកដឹកដំឡូងមី ពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ថ្នាក់ជាតិ ថ្នាក់ខេត្ត និងថ្នាក់មូលដ្ឋានភូមិ ឃុំ ស្រុក ក្នុងមនោសញ្ចេតនាសម្តែងការសោកស្តាយជាពន់ពេក។
ស្របពេលជាមួយគ្នានោះ លោក យ៉ិន វណ្ណៈ ក៏បានប្រគល់សារចូលរួមរំលែកមរណទុក្ខ និងបច្ច័យរបស់លោក នេត្រ ភក្ត្រា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ រួមទាំងគ្រឿងឧបភោគ បរិភោគរបស់ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកចិត្របុរី ជូនដល់ក្រុមគ្រួសារសពទាំង៣រូប នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤។
ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាល និងប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តក្រចេះ លោក នេត្រ ភក្ដ្រា បានសម្តែងនូវការសោកស្តាយ ជូនចំពោះក្រុមគ្រួសារពលរដ្ឋចំនួន៣រូប ដែលបានបាត់បង់ជីវិតក្នុងឧបទ្ទវហេតុ នៃការលិចទូកកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅ នៅក្នុងស្រុកចិត្របុរី ខេត្តក្រចេះ ខណៈដឹកដំឡូងមីឆ្លងកាត់ទន្លេឆ្ពោះទៅកាន់ទីផ្សារហើយជួបភ្លៀងខ្យល់ខ្លាំង។ តាមរយៈ លោក យ៉ិន វណ្ណៈ គណៈអភិបាលស្រុកចិត្របុរី បានយកលិខិតរំលែកទុក្ខ និងបច្ច័យលោកចូលរួមបន្ថែម ជូនក្រុមគ្រួសារសព។
សូមជម្រាបថា កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ជនរងគ្រោះចំនួន៥នាក់ បានធ្វើដំណើរលើទូកមួយគ្រឿង ដឹកដំឡូងមី មកដល់ចំណុចបឹងរាំង ស្ថិតក្នុងភូមិខ្នងពស់ ឃុំដារ ស្រុកចិត្តបុរី ក៏បានជួបប្រទះភ្លៀង និងខ្យល់ខ្លាំង បង្កើតជារលកទឹកធំៗ វ៉ៃទូកឲ្យលិចតែម្តង។ ជនរងគ្រោះក្នុងឧបទ្ទវហេតុខាងលើមានចំនួន៥នាក់ ខណៈមាន២នាក់ រួចផុតជីវិត និងបីនាក់ទៀត លិចបាត់ទៅក្នុងទឹក បន្ទាប់ពីមានកិច្ចអន្តរាគមន៍ពីប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធកម្លាំងប្រដាប់អាវុធ លោកអភិបាលស្រុក អភិបាលរងស្រុក បានរកឃើញសាកសពចំនួន២នាក់ នៅរសៀលថ្ងៃដដែល លុះព្រឹកឡើងថ្ងៃទី២១ កញ្ញា២០២៤ ទើបរកឃើញសពម្នាក់ទៀត៕