(ភ្នំពេញ)៖ កម្ពុជា-កៀហ្ស៊ីស៊ីស្ថាន បានពិភាក្សាអំពីការលើកកម្ពស់ទំនាក់ទំនងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។

ការប្តេជ្ញាចិត្តនេះ បានធ្វើឡើង នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញចូលរួមមហាសន្និបាតលើកទី៧៩ របស់អង្គការសហប្រជាជាតិ គ្រាដែល ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារទ្វេភាគីជាមួយលោក ហ្សិនប៊ែក គូឡូបេវ រដ្ឋមន្ត្រីក្រសួងការបរទេសកៀហ្ស៊ីស៊ីស្ថាន នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក។

លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា និងលោក ហ្សិនប៊ែក គូឡូបេវ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «រដ្ឋមន្ត្រីទាំងពីរ បានពិភាក្សាអំពីការលើកកម្ពស់ទំនាក់ទំនងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ជាពិសេស ក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន»

បន្ថែមពីនេះ លោក ហ្សិនប៊ែក គូឡូបេវ បានបង្ហាញចេតនាស្វាគមន៍និស្សិតកម្ពុជាសិក្សាផ្នែកសុខាភិបាលនៅកៀហ្ស៊ីស៊ីស្ថាន ដោយកៀហ្ស៊ីស៊ីស្ថានមានជំនាញនិងបានទទួលនិស្សិតមកពីប្រទេសជាច្រើនក្នុងវិស័យនេះ។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី និងលោក ហ្សិនប៊ែក គូឡូបេវ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ និងបានឯកភាពគ្នាក្នុងការរៀបចំកិច្ចប្រជុំទ្វេភាគីឱ្យបានឆាប់។

សូមជម្រាបដែរថា សាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន ជាប្រទេសដែលមានទីតាំងស្ថិតនៅតំបន់អាស៊ីកណ្តាល មានប្រជាជនចំនួនប្រមាណ៧លាននាក់ និងបានភ្ជាប់ទំនាក់ទំនងការទូតជាមួយកម្ពុជានៅឆ្នាំ១៩៩៥៕