(មូស្គូ)៖ ភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ី ឬហៅកាត់ថា FSB បានឃាត់ខ្លួនមន្ត្រីចារកម្មម្នាក់នៃ ក្រសួងការពារជាតិ អ៊ុយក្រែន បញ្ជូនទៅកាន់ពន្ធនាគាររង់ចាំការកាត់ទោស ក្រោមការសង្ស័យថាមាន ជាប់ពាក់ព័ន្ធនឹងការធ្វើចារកម្មសម្ងាត់នៅក្នុងទឹកដីរុស្ស៊ី។ នេះបើតាមប្រភពពី FSB ប្រាប់សារព័ត៌មានរុស្ស៊ី TASS នៅល្ងាចថ្ងៃចន្ទ ទី០៣ ខែតុលា ឆ្នាំ២០១៦។
តាមព័ត៌មានរុស្ស៊ី បានឱ្យដឹងទៀតថា ភ្នាក់ងារ FSB បានឃាត់ខ្លួនមន្ត្រីចារកម្មម្នាក់ នៃក្រសួងការពារជាតិ អ៊ុយក្រែន ឈ្មោះលោក Sushchenko Roman Vladimirovich ខណៈរូបគេកំពុងធ្វើសកម្មភាព ស៊ើបការណ៍សម្ងាត់នៅក្នុងទីក្រុងមូស្គូ ដើម្បីប្រមូលឯកសារទាក់ទិននឹងកងទ័ព រួមទំាងឆ្មាំការពាររុស្ស៊ី ព្រមទាំង ឯកសារសម្ងាត់រដ្ឋជាច្រើន ផ្សេងទៀត។
គួរបញ្ជាក់ថា ឆ្លើយតបនឹងបញ្ហានេះ ខាងរដ្ឋាភិបាលអ៊ុយក្រែន ពុំទាន់មានប្រតិកម្ម ឬធ្វើអត្ថាធិប្បាយ ណាមួយនៅឡើយទេ ជុំវិញការអះអាងរបស់ភ្នាក់ងារ FSB ខណៈទីភ្នាក់ងារសារព័ត៌មានអ៊ុយក្រែន Ukrinform បានរាយការណ៍ថា លោក Sushchenko គឺជាអ្នកឆ្លើយឆ្លងព័ត៌មានរបស់ខ្លួនប្រចំា ប្រទេសបារំាង ហើយលោកបានធ្វើដំណើរទៅកាន់ទីក្រុងមូស្គូ ដើម្បីសម្រាកវិសម្សកាលតែប៉ុណ្ណោះ៕