(ស្វាយរៀង) កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន ស្ថិតនៅចំណុចភូមិបាវិត សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ហើយបានបញ្ជូនទៅកាន់តុលាការនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦នេះ។
ក្រោមបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង កិច្ចប្រតិបត្តិការបង្ក្រាបនេះ ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះ៖
០១. អៀង ប៊ុនណារិទ្ធ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
០២. អេង ជីវន្ទ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ លំនៅមិនពិតប្រាកដ។
លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានបញ្ជាក់ឱ្យដឹងថាទៀតថា ការឃាត់ខ្លួននេះគឺធ្វើទៅបានដោយមានការ សហការផ្តល់ព័ត៌មានដ៏ល្អពីប្រជាពលរដ្ឋ ថាមានជនសង្ស័យចំនួន០២នាក់ កំពុងចរាចរណ៍គ្រឿងញៀន នៅចំណុចកន្លែងកើតហេតុខាងលើ នៅយប់ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៦។
បន្ទាប់ពីបានទទួលដំណឹងភ្លាម លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក៏បានចាត់ចែងកម្លាំងកងរាជអាវុធហត្ថ ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី វុត្ថា ចុះទៅកន្លែងកើតហេតុភ្លាមៗ ព្រមទាំងបានធ្វើការចាប់យកវត្ថុតាង មួយចំនួនពីជនសង្ស័យរួមមាន៖
០១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន២៩កញ្ចប់ ដែលមានទម្ងន់ស្មើ ១៨ក្រាម
០២. ទូរសព្ទ័ដៃ ចំនួន០១គ្រឿង
០៣. ម៉ូតូ ចំនួន០១គ្រឿង
០៤. នាឡិកា ចំនួន០២គ្រឿង
០៥. ប្រាក់រៀលចំនួន៤៩,០០០៛ (បួនសែនរៀលគត់) និងដុល្លាចំនួន០៤ដុល្លា រួមទាំងសម្ភារៈសម្រាប់ច្រកគ្រឿងញៀនមួយចំនួន។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង កសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕