(ភ្នំពេញ)៖ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤នេះ បានដាក់ចេញនូវឯកសារយុទ្ធសាស្ត្រចំនួនពីរ ដែលនឹងកំណត់អនាគតនៃការឆ្លើយតបនឹងមេរោគអេដស៍របស់ប្រទេស មានដូចជា ផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍លើកទី៦ ឆ្នាំ២០២៤-២០២៨ (NSP VI) និងលទ្ធផលការអង្កេតជាតិនៃការចំណាយថវិកាឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍លើកទី៧ ឆ្នាំ២០២០-២០២២(NASA VII)។

ទស្សនវិស័យនៃផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍លើកទី៦ គឺប្រាថ្នាចង់ឱ្យប្រជាជនទាំងអស់នៅក្នុងប្រទេសកម្ពុជា រស់នៅប្រកបដោយសុខភាព និងផលិតភាព ដោយមិនឆ្លងមេរោគអេដស៍ និងគ្មានការមាក់ងាយ ឬការរើសអើងដែលទាក់ទងនឹងមេរោគអេដស៍។ ផែនការយុទ្ធសាស្រ្តជាតិនេះកំណត់គោលដៅ ប្រកបដោយមហិច្ឆតាសម្រាប់ប្រទេសកម្ពុជា ក្នុងការបញ្ចប់ជំងឺអេដស៍ ដែលជាការគំរាមកំហែងសុខភាពសាធារណៈនៅឆ្នាំ២០២៨ តាមរយៈការឆ្លើយតបមេរោគអេដស៍ជាពហុវិស័យ និងការធានាបាននូវដោយចីរភាព។ ផែនការយុទ្ធសាស្ត្រជាតិ ផ្តល់ផែនទីបង្ហាញផ្លូវសម្រាប់អ្នកពាក់ព័ន្ធជាតិ និងអន្តរជាតិ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ និងធានាបានការចូលរួមប្រកបដោយបរិយាបន្ន និងផ្អែកលើសិទ្ធិមនុស្ស ចំពោះការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍។

ទន្ទឹមនឹងនេះ ផែនការយុទ្ធសាស្រ្តជាតិលើកទី៦ របាយការណ៍អង្កេតជាតិនៃការចំណាយថវិកាលើកទី៧ ធ្វើការវិភាគលើការចំណាយឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍សម្រាប់ឆ្នាំសារពើពន្ធឆ្នាំ២០២០-២០២២។ របាយការណ៍អង្កេតនេះគូសបញ្ជាក់ ពីគំរូនៃការបែងចែកធនធានលើការបង្ការ ការថែទាំ ការព្យាបាល និងការគ្រប់គ្រងកម្មវិធី ជាមួយនឹងគោលបំណងចុងក្រោយនៃការបង្កើនប្រសិទ្ធភាពនៃការបែងចែកធនធាន ដើម្បីបំពេញតាមតម្រូវការនៃការវិវត្តរាតត្បាតជំងឺអេដស៍។ ការរកឃើញរបស់លទ្ធផលការអង្កេតជាតិ នៃការចំណាយថវិកាឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍លើកទី៧ ឆ្នាំ២០២០-២០២២ (NASA VII) ផ្តល់ជាព័ត៌មានសំខាន់មួយសម្រាប់អ្នកធ្វើការសម្រេចចិត្ត គាំទ្រគោលនយោបាយផ្អែកលើភស្តុតាង ដែលធានាថាការឆ្លើយតបនឹងមេរោគអេដស៍របស់កម្ពុជាមានប្រសិទ្ធភាព សមធម៌ និងផ្តល់លទ្ធផល។

លោកទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃឯកសារទាំងពីរនេះថា ការដាក់ឱ្យដំណើរការផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍លើកទី៦ ឆ្នាំ២០២៤-២០២៨(NSP VI) និងលទ្ធផលការអង្កេតជាតិ នៃការចំណាយថវិកាឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍លើកទី៧ ឆ្នាំ២០២០- ២០២២(NASA VII) គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ សម្រាប់ការឆ្លើយតបនឹងមេរោគអេដស៍របស់កម្ពុជា។ តាមរយៈការធានានូវវិធីសាស្រ្តពហុវិស័យប្រកបដោយនិរន្តរភាពចំពោះជំងឺរាតត្បាត យើងកំពុងស្ថិតនៅលើផ្លូវ ដើម្បីសម្រេចបាននូវគោលដៅរបស់យើង ក្នុងការលុបបំបាត់មេរោគអេដស៍ដែលជាការគំរាមកំហែងដល់សុខភាពសាធារណៈ នៅឆ្នាំ២០២៨។

លោកទេសរដ្ឋមន្ត្រីបន្តថា លើសពីនេះ លទ្ធផលការអង្កេតជាតិនៃការចំណាយថវិកាឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍លើកទី៧ ឆ្នាំ២០២០-២០២២ (NASA VII) ផ្តល់នូវការយល់ដឹងសំខាន់ៗ អំពីរបៀបដែលយើងអាចបង្កើនប្រសិទ្ធភាពធនធានរបស់យើង ដើម្បីដោះស្រាយតម្រូវការរបស់អ្នក ដែលរស់នៅជាមួយ និងរងផលប៉ះពាល់ដោយមេរោគអេដស៍ ឱ្យកាន់តែប្រសើរឡើង។ យើងសូមថ្លែងអំណរគុណចំពោះការគាំទ្រ ផ្នែកបច្ចេកទេសពីអង្គការ UNAIDS ដែលបានផ្តល់ការគាំទ្រដល់ការរៀបចំឯកសារយុទ្ធសាស្ត្រ ដែលផ្អែកលើភស្តុតាងសម្រាប់បន្ត និងជំរុញការឆ្លើយតបមេរោគ អេដស៍របស់ប្រទេសកម្ពុជា។

លោកវេជ្ជបណ្ឌិត Ye Yu Shwe តំណាងអង្គការ UNAIDS ប្រចាំប្រទេសកម្ពុជា ឡាវ និងម៉ាឡេស៊ី បានកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នា នៅពីក្រោយការរៀបចំ និងការប្រកាសដាក់ឱ្យដំណើរជាផ្លូវការ ឯកសារសំខាន់ៗទាំងពីរនេះ។ របាយការណ៍ ផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍លើកទី៦ ឆ្នាំ២០២៤-២០២៨ (NSP VI) និងលទ្ធផលការអង្កេតជាតិ នៃការចំណាយថវិកាឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍លើកទី៧ ឆ្នាំ២០២០- ២០២២ (NASA VII) ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត និងការវិនិយោគដែលមិនផ្លាស់ប្តូររបស់កម្ពុជា ក្នុងការបញ្ចប់ការរីករាលដាលនៃជំងឺអេដស៍។ ឯកសារយុទ្ធសាស្ត្រទាំងនេះ នឹងដើរតួយ៉ាងសំខាន់ក្នុងការរៀបចំការឆ្លើយតបរបស់កម្មវិធីអេដស៍នាពេលអនាគត និងធានាថា ធនធានត្រូវបញ្ជូនដល់អ្នកដែលត្រូវការបំផុត រួមទាំងសម្រាប់ប្រជាជនគន្លឹះ និងអ្នកដែលងាយរងគ្រោះបំផុតចំពោះការឆ្លងមេរោគអេដស៍។

លោកវេជ្ជបណ្ឌិតបន្តថា អង្គការ UNAIDS ត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយដល់ប្រទេសកម្ពុជាក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍លើកទី៦ ឆ្នាំ២០២៤-២០២៨ (NSP VI) និងដំណើរឆ្ពោះទៅរកស្ថានភាពមួយដែលគ្មានការឆ្លងថ្មី គ្មានការស្លាប់និងគ្មានការមាក់ងាយរើសអើងទាក់ទងនឹងជំងឺអេដស៍។

ការប្រកាសដាក់ឱ្យដំណើរជាផ្លូវការ ឯកសារទាំង២ខាងលើប្រារព្ធឡើងនៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីភាគីពាក់ព័ន្ធសំខាន់ៗរួមមាន តំណាងរដ្ឋាភិបាល ដៃគូអន្តរជាតិ និងអង្គការសង្គមស៊ីវិល។
កន្លងមកភាពជាដៃគូ និងកិច្ចសហការ គឺជាចំណុចស្នូលនៃភាពជោគជ័យនៃការឆ្លើយតបនឹងមេរោគអេដស៍ របស់ប្រទេសកម្ពុជា។ ការអនុវត្ត ផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍លើកទី៦ ឆ្នាំ២០២៤-២០២៨ (NSP VI) នឹងបន្តមរតកនេះដោយចាត់ទុកថាជាធាតុផ្សំ ដែលនាំប្រទេសកម្ពុជាធ្វើដំណើរឆ្ពោះទៅរកការបញ្ចប់ជំងឺអេដស៍ប្រកបដោយជោគជ័យ៕