(ភ្នំពេញ)៖ កុដិរបស់សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ) សម្ដេចព្រះសង្ឃរាជថ្នាក់ទី១ នៃគណៈមហានិកាយ ដែលមានអាយុកាល ៧៤ឆ្នាំ ជួសជុលបាន ជាង ៨០ភាគរយហើយ នៅឡើយតែការតុបតែងផ្នែកខាងក្នុង (ដេគ័រ) ប៉ុណ្ណោះ។ នេះបើតាមសង្ឃដីកាបញ្ជាក់ពីព្រះតេជគុណ ញ៉េប តាត ព្រះលេខាធិការវត្តឧណ្ណាលោម មកកាន់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥។

កុដិរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ដែលធ្លាប់គង់នៅ ត្រូវបានជួលជុលនៅដើមឆ្នាំ២០២៣ និងគ្រោងបញ្ចប់នៅដើមឆ្នាំ២០២៥។ ថវិកាជួលជុស ឧបត្ថម្ភដោយលោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី និងជាអតីតរដ្ឋមន្រ្តី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ចំណែកឯការដេគ័រ ឧបត្ថម្ភថវិកាដោយលោកស្រី ខៀវ ស៉ីណា ជាចាន់តូ។

សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត ព្រះចៅអធិការវត្តឧណ្ណាលោម នឹងគង់នៅកុដិនេះ ក្រោយពេលជួសជុលរួចរាល់។ នេះបើតាមសង្ឃដីកា ព្រះតេជគុណ ញ៉េប តាត ដដែល។

សម្តេចព្រះសង្ឃរាជ ជួន ណាត គឺជាសម្ដេចព្រះសង្ឃរាជអង្គទី៤ នៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា។ ទ្រង់កាន់តំណែង ពីព.ស.២៤៩២ ដល់ ព.ស.២៥១៣ ក្នុងរជ្ជសម័យព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ៕