(ភ្នំពេញ)៖ រដ្ឋមន្ត្រីការបរទេសកម្ពុជា និងរដ្ឋមន្ត្រីការបរទេសហុងគ្រី បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ស្តីពីកម្មវិធីផ្លាស់ប្តូរការអប់រំកម្រិតឧត្តមសិក្សាសម្រាប់ឆ្នាំ២០២៤-២០២៩ រវាងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងវប្បធម៌ និងនវានុវត្តន៍ នៃប្រទេសហុងគ្រី។

កម្មវិធីនេះ ធ្វើឡើងស្របពេលដែល ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារទ្វេភាគី ជាមួយលោក Péter Szijjártó រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី ក្នុងអំឡុងមហាសន្និបាតលើកទី៧៩ របស់ អង្គការសហប្រជាជាតិ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្នាក់ការអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក។

ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់ និងការពិគ្រោះយោបល់ទ្វេភាគីផ្សេងៗ រួមមានគណៈកម្មការចម្រុះ នៃកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច កិច្ចពិគ្រោះយោបល់ទ្វេភាគី និងកិច្ចពិគ្រោះយោបល់ស្តីពីធម្មនុញ្ញសន្តិភាពរវាងសភាជាតិនៃប្រទេសទាំងពីរ។

ចំណែក លោក Péter Szijjártó វិញក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរផងដែរ៕