(ភ្នំពេញ)៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានចេញសេចក្ដីជូនដំណឹង អំពីការស្នើសុំអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សម្រាប់ប្រជាពលរដ្ឋដែលមានអាយុ ១៥ឆ្នាំឡើង និងប្រជាពលរដ្ឋ មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលផុតសុពលភាព ឬមានសុពលភាពតិចជាង១៨០ថ្ងៃ។

អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជាឯកសារផ្លូវការមួយសម្រាប់បញ្ជាក់អត្តសញ្ញាណជាពលរដ្ឋខ្មែរ ដើម្បី ប្រើប្រាស់ក្នុងការស្នើសុំសេវា ទទួលបាននូវសិទ្ធិ និងផលប្រយោជន៍នានា តាមការកំណត់នៃច្បាប់។ អត្តសញ្ញាណ ប័ណ្ណសញ្ជាតិខ្មែរ ត្រូវផ្តល់ជូនពលរដ្ឋខ្មែរគ្រប់រូប ដែលមានអាយុចាប់ពី ១៥ឆ្នាំឡើង។

កន្លងមក មានប្រជាពលរដ្ឋ ខ្មែរជិត ១៣លាននាក់ បានបំពេញបែបបទ និងទទួលបានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរសម្រាប់ប្រើប្រាស់រួច ទៅហើយ។ ក្នុងចំណោមនោះ មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមួយចំនួនបានផុតសុពលភាពជាបន្តបន្ទាប់។

ក្នុងន័យនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមជូនព័ត៌មានដល់ប្រជាពលរដ្ឋគ្រប់រូប ដែលមានអាយុ ១៥ឆ្នាំឡើង ហើយពុំទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណផុត សុពលភាព ឬមានសុពលភាពតិចជាង ១៨០ថ្ងៃ សូមអញ្ជើញទៅបំពេញបែបបទស្នើសុំអត្តសញ្ញាណប័ណ្ណ នៅតាមទីតាំងដូចតទៅ៖

(១) នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ (២) នៅអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ (៣) នៅស្នងការដ្ឋាននគរបាលរាជធានី ខេត្ត (៤) នៅនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ខណ្ឌច្បារអំពៅ (៥) នៅស្នាក់ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផ្សារទំនើបអ៊ីអនម៉ល២ ខណ្ឌសែនសុខ។

ឯកសារដែលតម្រូវ ឱ្យប្រជាពលរដ្ឋភ្ជាប់ ក្នុងការស្នើសុំអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មានដូចខាងក្រោម៖ ចំពោះពលរដ្ឋមានអាយុ ១៥ឆ្នាំឡើង ហើយពុំទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ត្រូវមានឯកសារ ភ្ជាប់ចំនួន២គឺ៖

* សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត និង
* សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិតបញ្ជាក់ទីលំនៅ។

ចំពោះពលរដ្ឋមានអត្តសញ្ញាណប័ណ្ណផុតសុពលភាព ឬមានសុពលភាពតិចជាង ១៨០ថ្ងៃ ត្រូវមានឯកសារ ភ្ជាប់ដូចខាងក្រោម៖
* អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផុតសុពលភាព ឬមានសុពលភាពតិចជាង ១៨០ថ្ងៃ
* ករណីផ្លាស់ប្តូរអាសយដ្ឋាន ត្រូវភ្ជាប់ជាមួយនូវ សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិតបញ្ជាក់ទីលំនៅ នៃលំនៅឋានថ្មី។

កំណត់សម្គាល់៖ ករណីមិនមានការកែតម្រូវទិន្នន័យ ឬផ្លាស់ប្តូរ អាសយដ្ឋានលើសន្លឹកអត្តសញ្ញាណប័ណ្ណ មន្ត្រីមានសមត្ថកិច្ចមិនត្រូវទាមទារឯកសារបន្ថែមផ្សេង ទៀតឡើយ (លើកលែងតែករណីសង្ស័យថា ជននោះជាជនបរទេសដែលកាន់ឯកសាររដ្ឋបាល កម្ពុជាមិនប្រក្រតី ឬពុំមានឯកសារសម្អាងច្បាស់លាស់ថាជាពលរដ្ឋខ្មែរ)៕