(កំពង់ស្ពឺ)៖ ប្រជាពលរដ្ឋរស់នៅ ភូមិត្រពាំងថ្លុង ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បានរិះគន់ចំៗលើក្រុមមន្រ្តី នៃស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ផ្លូវលេខ៥១ ដែលបានសង់ស្ថានីយ៍លុប លើប្រឡាយ បណ្ដាលឱ្យទឹកភ្លៀងកកស្ទះ លិច ជន់ជោក្នុងភូមិឋាន និងដំណាំរបស់គាត់។
ប្រជាពលរដ្ឋមូលដ្ឋាន បានថ្លែងប្រាប់អង្គភាព Fresh New នៅថ្ងៃទី៣ ខែតុលានេះ ថា តាំងពីមានស្ថានីយ៍ជញ្ជីងថ្លឹង មកដាក់នៅទីតាំងខាងលើមក ឲ្យតែរដូវវស្សាម្ដងៗតែងតែ មានជំនន់ទឹកភ្លៀងជោជន់លិចភូមិឋាន បណ្ដាលឱ្យខូចខាតផលដំណាំរបស់ពួកគាត់ ធ្វើដំណើរទៅណាមកណាក៏មិនរួច ដោយសារតែស្ទះប្រឡាយទឹកហូរ នៅកន្លែងជញ្ជីងនោះតែម្តង។
ប្រជាពលរដ្ឋបានបន្តថា កាលពីមិនទាន់មានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមកដាក់នៅទីតាំងលើនោះ មិនមានលិចលង់ភូមិឋានពួកគាត់ទេ ព្រោះនៅពេលរដូវវស្សាមានភ្លៀងធ្លាក់ ទឹកអាចហូរកាត់ប្រឡាយ ធ្លាក់ទៅខាងក្រោមអស់ តែដល់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តបានចាក់ដីលុបប្រឡាយចាស់នោះមក ធ្វើឲ្យទឹកស្ទះហូរទៅណាមិនរួច ទើបលេចលង់ភូមិឋាន និងខូចខាតផលដំណាំអស់ជាច្រើនផងដែរ។
លើសពីនេះ នៅពេលប្រជាពលរដ្ឋបានទៅនិយាយស្នើទៅក្រុមមន្រ្តីនៃស្ថានីយ៍ជញ្ជីងថ្លឹង ឱ្យជួយបើកប្រឡាយ រំដោះទឹកចេញពីកន្លែងជុំវិញនោះ ខាងមន្រ្តីជញ្ជីងថ្លឹងទាំងនោះ ក៏មិនមានវិធានការអ្វីទេ ហើយនៅតែមិនព្រមដោះស្រាយឱ្យប្រជាពលរដ្ឋឡើយ។
មួយទៀតសោត ផ្លូវលេខ៥១នេះ កាលពីមិនទាន់មានជញ្ជីងថ្លឹងរថយន្តនៅលើផ្លូវ ការធ្វើចរាចរណ៍ពីថ្នល់ទទឹងមកស្រុកឧដុង្គ ក៏ប្រព្រឹត្តទៅដោយងាយស្រួលផងដែរ តែដល់ពេលមានវត្តមាន ក្រុមជញ្ជីងថ្លឹងរថយន្តខាងលើមក ផ្លូវដែលធ្លាប់តែរឹងមាំមួយនេះ បានខូចខាតរបះកើតចេញជាគំហុក ត្រឹមៗចង្កេះ ស្ទើរតែ១០០ភាគរយអស់ទៅហើយ។
ទន្ទឹមនេះ ប្រជាពលរដ្ឋក៏បានស្នើយ៉ាងទទូចទៅ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន មេត្តាចាត់ក្រុមការងារចុះពិនិត្យមើលទីតាំងខាងលើ ព្រោះមកដល់ពេលនេះហើយ ជំនន់ទឹកភ្លៀងនៅតែលេចលង់ភូមិឋាន និងផលដំណាំរបស់ពួកគាត់នៅឡើយ ដោយសារតែប្រឡាយត្រូវបានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត លុបធ្វើឲ្យទឹកស្ទះហូរទៅណាមិនរួច ហើយអាជ្ញាធរក៏គ្មានចាត់វិធានការអីសោះ៕