(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានក្រើនរម្លឹកជាថ្មីជូនដល់ថ្នាក់ថ្នាក់ដឹកនាំនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ត្រូវបន្តពង្រឹងការយកចិត្តទុកដាក់ខ្ពស់ការផ្តល់សេវាថែទាំសុខភាព ប្រកបដោយគុណភាព ជូនប្រជាពលរដ្ឋ ដែលប្រើប្រាស់ប័ណ្ណសមធម៌សុខាភិបាល និងប័ណ្ណរបបសន្តិសុខសង្គមថែទាំសុខភាព (ប.ស.ស)។

ការថ្លែងដូច្នេះរបស់លោកសាស្ដ្រាចារ្យ ក្នុងឱកាសដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី២ នៃខែកញ្ញា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅកិច្ចការបន្ត នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល។

លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក៏ស្នើឱ្យថ្នាក់ដឹកនាំក្រសួង ជាពិសេសនៅតាមបណ្តាលរាជធានី ខេត្ត ត្រូវពិនិត្យតាមដានឱ្យបានជាប្រចាំ និងក្រើនរំលឹកដល់មន្រ្តី និងបុគ្គលិកសុខាភិបាលទាំងអស់ត្រូវបង្កើនការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល។ ជាងនេះទៅទៀត ចំពោះអ្នកទទួលបន្ទុករថយន្តគិលានុសង្រ្គោះ ត្រូវចូលរួមអនុវត្តឱ្យបានខ្ជប់ខ្ជួនតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវតែទទួលខុសត្រូវលើការអនុវត្តរបស់ខ្លួន។

ក្នុងកិច្ចប្រជុំនេះដែរ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានរំលឹកដល់ថ្នាក់ដឹកនាំទាំងអស់ ត្រូវបន្តមានការសម្របសម្រួល និងកាន់តែបង្កើនភាពស្និតស្នាលជាមួយមន្រ្តីសុខាភិបាលគ្រប់កម្រិត រហូតដល់កម្រិតមណ្ឌលសុខភាព។

ទន្ទឹមនឹងនោះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍គន្លឹះ ដើម្បីបង្កើនប្រសិទ្ធភាពការងារប្រចាំថ្ងៃទាំងការងារបច្ចេកទេស និងការងាររដ្ឋបាល ឱ្យប្រកាន់និយាមច្បាស់លាស់ក្នងការដឹកនាំ-គ្រប់គ្រង ដែលមាន ៥ដំណាក់កាល រួមមាន៖ ១)ត្រូវកំណត់ឱ្យបានច្បាស់លាស់ នៅអ្វីដែលត្រូវធ្វើ ២) ការធ្វើផែនការការងារ ៣) សម្របសម្រួលឱ្យបានល្អជាមួយផ្នែកពាក់ព័ន្ធ ៤) បណ្តុះបណ្តាលឥរិយាបថ ៥)កិច្ចសហការ និងសហប្រតិបត្តិការដែលមានប្រសិទ្ធិភាព។

ជាទីបញ្ចប់ លោកសាស្ត្រាចារ្យរដ្ឋមន្រ្តី សូមជូនកុសលផលបុណ្យ ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ រួមជាមួយបងប្អូនអ្នកជំងឺ និងក្រុមគ្រួសារ ញាត្តិមិត្ត ទទួលបាននូវ សុខភាពល្អបរិបូណ៍ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ ជោគជ័យគ្រប់ភារកិច្ចការងារ និងសុខសុវត្ថិភាពគ្រប់ទីកន្លែង ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។

កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមផ្ទាល់ពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក និងអគ្គនាយករង ប្រធាននាយកដ្ឋាន នាយកមន្ទីរពេទ្យជាតិ ប្រធានមជ្ឈមណ្ឌលជាតិ និងតាមប្រព័ន្ធ Zoom រួមមានប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត៕