(សាន់ហ្វ្រាន់ស៊ីស្កូ, អាមេរិក)៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អមដោយអ្នកវិនិយោគពីសមាគមឧកញ៉ាកម្ពុជា កំពុងបំពេញបេសកកម្មការងារនៅសហរដ្ឋអាមេរិក ដើម្បីផ្សព្វផ្សាយ​សក្តានុលពលវិនិយោគនៅកម្ពុជា ក៏ដូចជាបញ្ចុះបញ្ចូល និងកៀរគរអ្នកវិនិយោគអាមេរិក ឱ្យមកវិនិយោគនៅកម្ពុជា។

នៅវេលាថ្ងៃត្រង់ ថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញជួបពិភាក្សា​ការ​ងារ និងទទួលទានអាហារថ្ងៃត្រង់ធុរកិច្ច ជាមួយគណៈប្រតិភូក្រុម​ប្រឹក្សាតំបន់ឈូងសមុទ្រ (Bay Area Council - BAC) ដើម្បីបន្តពាំនាំនូវបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគនៅកម្ពុជា ជូនដល់វិនិយោគិនឯកជន ពីក្រុមហ៊ុនធំៗ​មួយ​ចំនួន ដែលកំពុងវិនិយោគក្នុងក្រុងសាន់ហ្វ្រាន់ស៊ីស្កូ។

កិច្ចពិភាក្សានាឱកាសនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្ហាញជូនវិស័យឯកជនអំពីវឌ្ឍនភាពថ្មីៗនៃសក្ដានុពល និងបរិយាកាសវិនិយោគនៅកម្ពុជា ជាពិសេសគោលនយោបាយថ្មីៗរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលជារាជរដ្ឋាភិបាលគាំទ្រធុរកិច្ច និងការវិនិយោគឯកជន។

ក្រោមការសម្របសម្រួលពីក្រុមប្រឹក្សាតំបន់ឈូងសមុទ្រ (BAC) នាឱកាសនេះ ក៏មានរៀបចំរបៀបវារៈ​ដែលអនុញ្ញាត​ឱ្យវិស័យឯកជនកម្ពុជា ដែលមានសមាសភាពពីសមាគមឧកញ៉ា និងធុរជនអាម៉េរិក បានជួបពិភាក្សាការងារ បង្កើត​បណ្តាញទំនាក់ទំនង និងផ្គូផ្គងធុរកិច្ចផងដែរ។

លោកឧបនាយករដ្ឋមន្រ្តី ក្នុងនាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាសេនាធិការច្រកចេញចូលតែមួយរបស់​រាជ​រដ្ឋា​ភិបាល ក៏បានបង្ហាញអំពីការត្រៀមលក្ខណៈរួចរាល់ក្នុងការសម្របសម្រួលរាល់កិច្ចការងារ​វិនិយោគរបស់វិស័យ​ឯកជន​នៅកម្ពុជា ដែលនឹងធានាបានបរិយាកាសវិនិយោគ ប្រកបដោយភាពបត់បែន អំណោយផល និងអនុគ្រោះបំផុត។

តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រុមប្រឹក្សាតំបន់ឈូងសមុទ្រ ភាគីទាំងពីររំពឹងថានឹងអាចពិនិត្យលទ្ធភាព និង​ឱកាសរួមគ្នាក្នុងបង្កើតកិច្ចសហប្រតិបត្តិការនានា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែល្អប្រសើរ ជាពិសេស​លើវិស័យ​ដឹកជញ្ជូនតាមផ្លូវសមុទ្រ និងកំពង់ផែ៕