(សាន់ហ្វ្រាន់ស៊ីស្កូ, សហរដ្ឋអាមេរិក)៖ ក្នុងដំណើរស្វះស្វែងរកការវិនិយោគពីសហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អមដោយអ្នកវិនិយោគរបស់កម្ពុជាពីសមាគមឧកញ៉ាកម្ពុជាផងនោះ បានអញ្ជើញជួបជាមួយសភាពាណិជ្ជកម្មទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ដើម្បីបង្ហាញបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគនៅកម្ពុជា។

ក្នុងជំនួបនេះ មានការអញ្ជើញចូលរួមពីគណៈប្រតិភូធុរជនមកពីវិស័យពាក់ព័ន្ធ ដឹកនាំដោយលោក Crisostomo G. Ibarra ទីប្រឹក្សាផ្នែកច្បាប់ នៃការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ក្នុងរដ្ឋកាលីហ្វរញ៉ា។

គណៈប្រតិភូកម្ពុជាបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់សភាពាណិជ្ជកម្មទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូដែលជាម្ចាស់ផ្ទះ និងបានជជែកពិភាក្សាផ្លាស់ប្តូរយោបល់ ចែករំលែកបទពិសោធន៍លើបច្ចុប្បន្នភាព​នៃការធ្វើពាណិជ្ជកម្មទាំងនៅ​កម្ពុជា និងនៅក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូផ្ទាល់។

ចំពោះគោលដៅចម្បងនៃជំនួបពិភាក្សានេះ គឺបង្ហាញពីឱកាសនៃការវិនិយោគនៅកម្ពុជា ក៏ដូចជាក្របខ័ណ្ឌគោល​នយោ​បាយវិនិយោគថ្មីៗ វិធីសាស្រ្តគាំទ្រអាជីវកម្ម និងការត្រៀមខ្លួនដើម្បីបម្រើវិនិយោគិន​ឱ្យបានទាន់​ពេល​របស់​កម្ពុជា ដែលជាប្រទេសមានទីតាំងយុទ្ធសាស្ត្រ នៅចំកណ្តាលអាស៊ាន។ មួយផ្នែកទៀត គោលដៅនៃជំនួបនេះ សំដៅសម្របសម្រួលទំនាក់ទំនងរវាងសហរដ្ឋអាមេរិក កាណាដា ជាមួយនិងក្រុមហ៊ុនក្នុងស្រុករបស់កម្ពុជា ដើម្បីកំណត់អត្តសញ្ញាណដៃគូពាណិជ្ជកម្មដែលមានសក្តានុពល។

ក្នុងកិច្ចពិភាក្សានេះ លោកឧបនាយករដ្ឋមន្ត្រី បានរំលេចអំពីសក្តានុពលនានា របស់កម្ពុជា ដោយសង្កត់ធ្ងន់លើ​សុខ​សន្តិភាព និងស្ថិរភាពនយោបាយ លំនឹងម៉ាក្រូសេដ្ឋកិច្ច កម្លាំងពលកម្មវ័យក្មេងដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងត្រៀមរួចរាល់សម្រាប់បរិវត្តកម្មឌីជីថល ហេដ្ឋារចនាសម្ព័ន្ធអន្តរមធ្យោបាយដែលបាន និងកំពុងអភិវឌ្ឍឱ្យកាន់តែមានភាពសម្បូរបែប និងប្រទាក់ក្រឡា។

បន្ថែមពីលើនោះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីការគាំទ្រពីសំណាក់រាជរដ្ឋាភិបាល ដល់ការរីកលូត​លាស់នៃវិស័យធុរកិច្ចឯកជន ដោយមានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាសេនាធិការច្រកចេញ​ចូលតែមួយ​ក្នុងការ​សម្របសម្រួលជាមួយបែបបទនៃការវិនិយោគដែលមានភាពបត់បែន សំដៅលើកកម្ពស់បរិយាកាសធុរកិច្ចឱ្យកាន់​តែមាន ជវភាព ភាពទាក់ទាញ ភាពអំណោយផលខ្ពស់ និងអនុគ្រោះបំផុតសម្រាប់វិនិយោគិនបរទេសផងដែរ៕