(ហាណូយ)៖ យន្តហោះដឹកអ្នកដំណើរប្រភេទ Boeing ធុនមធ្យមពីរគ្រឿងរបស់ប្រទេសវៀតណាម បានជួបបញ្ហាគាំងម៉ាស៊ីន ក្រោយពីបានហោះបុកសត្វបក្សី អំឡុងពេលធ្វើការចុះចតនៅ អាកាសយានដ្ឋានអន្តរជាតិ Noi Bai ភាគខាងជើង និង Tan Son Nhat ភាគខាងត្បូង ប្រទេសអាស៊ានមួយនេះ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាល្ងាចថ្ងៃចន្ទ ទី០៣ ខែតុលា ឆ្នាំ២០១៦។
អាកាសចរណ៍ជាតិវៀតណាម បានប្រាប់ឲ្យដឹងថា នៅយប់ថ្ងៃអាទិត្យ យន្តហោះប្រភេទ Beoing 787 មួយគ្រឿង និង Boeing 777 មួយគ្រឿង សរុបពីរគ្រឿង បានហោះបុកនឹងសត្វបក្សី អំឡុងពេលធ្វើ ការចុះចតនៅព្រលានយន្តហោះខាងលើនេះ បណ្តាលឲ្យម៉ាស៊ីនគាំងដំណើរការ។ ដើម្បីសុវត្ថិភាព ក្រុមជំនាញបានផ្អាកដំណើរការ យន្តហោះទាំងពីរគ្រឿងនោះ ដើម្បីធ្វើការត្រួតពិនិត្យ និង ជួសជុលឡើងវិញ ដែលបាននាំឲ្យជើងហោះហើរអន្តរជាតិជាច្រើន ត្រូវពន្យាពេល។
គួរបញ្ជាក់ថា កាលពីខែមីនា អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម CAAV បានស្នើឲ្យមាន ការដាក់ប្រព័ន្ធចាប់កម្ទេចកម្ទីរ (FODetect) នៅព្រលានយន្តហោះ Noi Bai និង Tan Son Nhat ដើម្បីរារាំងសត្វបក្សីមិនឲ្យចូលមកតំបន់ផ្លូវយន្តហោះ។ ប្រព័ន្ធដែលត្រូវទិញពីបរទេសនេះមានតម្លៃ ៥២លានដុល្លារអាមេរិក ដែលអាចធ្វើការត្រួតពិនិត្យផ្លូវព្រលានរយៈពេល ២៤ម៉ោងលើ២៤ម៉ោង ប៉ុន្តែបច្ចុប្បន្ននេះព្រលានយន្តហោះទាំងពីរ នៅតែត្រូវការមនុស្ស ឲ្យនៅតាមដាននៅឡើយ៕