(មណ្ឌលគិរី)៖ លោកស្រី​ ឆាយ គឹមហ៊ាក ប្រធាន​ផ្នែក​សហគមន៍​រេដបូក​កែវសីមា នៃអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) កម្ពុជា​ ​បានពន្យល់ពីគម្រោង​រេដបូក​កែវសីមា ដើម្បី​លើក​កម្ពស់​សិទ្ធិ​​ក្នុង​ការ​គ្រប់គ្រង​ដីធ្លី​ និង​ធនធាន​ធម្មជាតិ​​របស់​ជនជាតិ​ភាគតិច ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​កែវសីមា​ គឺ​ការ​ចុះ​បញ្ជី​ដី​សហគមន៍​តំបន់​ការពារ​ធម្មជាតិជនជាតិដើម​ភាគតិច (CPA) និងសហគមន៍​ចុះបញ្ជី​​ដី​សមូហភាព​​ជនជាតិ​ដើម​ភាគ​តិច CLP។

គម្រោង​រេដបូក​កែវសីមា បាន​ធ្វើការ​ជាមួយ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ក្នុង​ខេត្ត​មណ្ឌលគីរី ដើម្បី​លើក​កម្ពស់​សិទ្ធិ​ក្នុង​ការ​គ្រប់គ្រង​ដីធ្លី​ និង​ធនធាន​ធម្មជាតិ​ ដែល​ជា​ផ្នែក​​មួយ​នៃ​ការ​ចូលរួម​លើក​កម្ពស់ប្រព័ន្ធ​សុវត្ថិភាព​ការ​ប្រើប្រាស់​​ដីធ្លី​របស់​ជនជាតិ​ដើម​ភាគតិចនៅ​ខេត្តភូមិភាគឦសាន។

លោកស្រី​​បាន​លើក​ឡើង​ពី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ភូមិ​ពូត្រុំ នៅ​ក្រុង​សែន​មនោរម្យ​ ដែលបាន​ការ​គាំទ្រ​ពី​គម្រោង​រេដបូក​កែវសីមា​​ ទទួល​បាន​​ទាំង​បណ្ណ​កម្មសិទ្ធិ​ដី​សមូហភាព និង​ដី​​តំបន់ការពារ​​ធម្មជាតិដែល​ធ្វើឱ្យសហគម​ន៍មាន​សុវត្ថិភាព​​ប្រើប្រាស់ដីធ្លី​សម្រាប់​បម្រើ​ដល់​ប្រយោជន៍​សហគមន៍។

អង្គការ WCS បាននិងកំពុងសម្របសម្រួលជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធក្នុងការចុះបញ្ចីដីកម្មសិទ្ធិសមូហភាពរបស់សហគមន៍ជនជាតិដើមភាគតិច (ICT) ចំនួន១៥ភូមិ ក្នុងដែនជម្រកសត្វព្រៃកែវសីមា។ មកដល់បច្ចុប្បន្ននេះ ភូមិចំនួន៧ បានទទួលបណ្ណកម្មសិទ្ធិដីសមូហភាព និងភូមិចំនួន៨ទៀត ស្ថិតក្រោមដំណើរការចុះបញ្ជី។

គម្រោងបន្តពង្រឹងសមត្ថភាពគណៈកម្មាធិ ការសហគមន៍ជនជាតិដើមភាគតិច ក្នុងការគ្រប់គ្រងដីសមូហភាពដូចជាការធ្វើបច្ចុប្បន្នភាពសមាជិកសហគមន៍ ការរៀបចំរចនាសម្ព័ន្ធ សមាជិកគណៈកម្មាធិការឡើងវិញ ការរៀនសូត្រ និងឆ្លុះបញ្ចាំងបទធិសោធន៍ និងធ្វើបច្ចុប្បន្នភាពបទបញ្ជា/បទប្បញ្ញត្តិផ្ទៃក្នុង និងលក្ខខណ្ឌចូលជាសមាជិកសហគមន៍ និងការដោះស្រាយទំនាស់។

អង្គការ WCS កំពុងបន្តគាំទ្រសហគមន៍ឱ្យគ្រប់គ្រងដីសមូហភាពតាមរយៈការធ្វើសារពើភណ្ឌដីសហគមន៍នៅក្នុងភូមិចំនួន៥ (ភូមិអណ្តូងក្រឡឹង ស្រែល្វី និងអូរច្រា ហ្កាទី និងពូត្រុំ) ជាព័ត៌មានមូលដ្ឋាន ដើម្បីបង្កើតផែនការ គ្រប់គ្រងការប្រើប្រាស់ដី និងពង្រឹងការគ្រប់គ្រងដី ដែលជាភូមិមានបណ្ណកម្មសិទ្ធិដីសមូហភាព៕

សូមស្តាប់ការពន្យល់របស់មន្ត្រីជំនាញនៃអង្គការ WCS ដូចខាងក្រោម៖