(មណ្ឌលគិរី)៖ ដែន​ជម្រក​សត្វ​ព្រៃ​កែវ​សីមា​ មាន​ទ្រព្យ​ធម្មជាតិ​ដ៏​មហាសាល​ លើ​ស​ពី​នេះ​ទៅ​ទៀត​គម្រោង​រេដ​បូក ​នៅ​កែវ​សីមា ក៏​បាន​ជួយ​ការ​ពារ​ព្រៃ​ឈើ ​និង​សត្វ​ព្រៃ​ជា​ច្រើន​អនេក​ ព្រម​ទាំង​ជួយ​ដល់​ការ​រស់​នៅ​របស់​សហគមន៍​មូល​ដ្ឋាន​ជា​ពិសេស​ជន​ជាតិ​ដើម​ភាគ​តិច​ពូនង​។

ដោយឡែកសម្រាប់សហគមន៍ទឹកធ្លាក់ «ឡែងកៅ» ជាតំបន់ទេសចរណ៍មួយដែលពុំទាន់មានអ្នកទេសចរណាមកលេងច្រើននៅឡើយ ប៉ុន្តែ មានទេសភាពស្រស់ស្អាត ជាមួយនឹងទឹកធ្លាក់មកពីលើភ្នំបែបធម្មជាតិ និងទេសភាពព្រៃភ្នំខៀវស្រងាត់ មានទឹកត្រជាក់ងូតលេងកម្សាន្ត ខ្យល់អាកាសបរិសុទ្ធ ស្តាប់នូវសំឡេងសត្វព្រៃយំ កំដរអារម្មណ៍របស់ទេសចរ ពេលមកលេងនៅទីនេះហើយពិតជាមានភាពស្រស់ស្រាយដក់ជាប់ជាមួយនឹងធម្មជាតិដ៏ស្រស់បំព្រងនៅទីនេះ។

ទឹកធ្លាក់ឡែងកៅ គឺទឹកធ្លាក់ធម្មជាតិបង្កើតបានជាសំលេងធម្មជាតិយ៉ាងពិរោះ។ ទឹកជ្រោះមានចម្ងាយ១ គីឡូម៉ែត្រ ពីផ្លូវជាតិលេខ៧៦ ត្រង់ផ្លូវបត់ចូលទៅទឹកជ្រោះមានចម្ងាយ៣៤៥គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ឬហួសស្នាក់ការអូររាំង នៃដែនជម្រកសត្វព្រៃកែវសីមាប្រមាណ ១គីឡូម៉ែត្រ នៅខាងស្តាំដៃ ឬ២៦គីឡូម៉ែត្រ ពីក្រុងសែនមនោរម្យ នៅខាងឆ្វេងដៃ។ ភ្ញៀវទេសចរដែលចង់មកលេងកម្សាន្ត ​គ្រាន់តែ​ធ្វើ​ដំណើរ​ដោយ​ថ្មើ​ជើង​ចុះ​ពី​ផ្លូវ​ក្រាល​កៅស៊ូ​ជាង​៥០០​ម៉ែត្រ​ប៉ុណ្ណោះ នោះ​នឹង​បានឃើញ​ទឹកធ្លាក់​ពីលើ​កំពូលភ្នំ​ ១កន្លែង មាន​ភាព​ទាក់ទាញ​ដោយ​លាយឡំ​នឹង​អាកាសធាតុ​ត្រជាក់​នឹង​មក​គ្រប់​ដណ្តប់​កាយ​យា។

អ្នក​ទេសចរណ៍​ដែល​បាន​ទស្សនា​តំបន់​ទឹកធ្លាក់​ធម្មជាតិ​ឡែ​ង​កៅ ផ្ទាល់​ក៏​អាច​បាត់​អារម្មណ៍​ស្មុគស្មាញ​មួយ​រយៈពេល​ផង​ដែរ នៅ​ពេល​ឃើ​ដើមឈើ​ធំ​ៗ​ធម្មជាតិ​ស្រស់​ស្អាត។ តំបន់​ទេសចរណ៍​ទឹកធ្លាក់​ធម្មជាតិ​ឡែងកៅនេះមាន​ទំហំ​ផ្ទៃដី​ ១៨,២៤​ហិ​កតា។ ភ្ញៀវទេសចរអាច​មក​ទស្សនា​នៅ​គ្រប់​រដូវ​មិន​ថា រដូវប្រាំង និង​រដូវវស្សា​នោះ​ទេ ប៉ុន្តែ សម្រាប់រដូវវស្សាទឹកមានសភាពល្អក់បន្តិច តែចាប់ពីខែ ១១ ឬខែ១២ ទឹកនឹងមានសភាពថ្លាយង់។

ចំពោះស្ថានភាពទឹកធ្លាក់ឡែងកៅនេះ ត្រូវបានកញ្ញា សែន ទី ជាគណៈកម្មការ​អេកូ​ទេសចរណ៍​ទឹកធ្លាក់​ទឹក​ឡែង​កៅ បានឱ្យដឹង​ថា​ តំបន់​ទេសចរណ៍​ទឹកធម្មជាតិនេះ បាន​បង្កើត​ឡើងនៅ​ឆ្នាំ​២០២៣ ហើយតំបន់​អេកូ​ទេ​ចរណ៍​ធម្មជាតិនេះ ទទួលបានការគាំទ្រពី​គម្រោង​ទេសចរណ៍​រេ​ដ​បូក នៅ​ក្នុង​ឆ្នាំ​២០២៤ បាន​ទទួល​ថវិកា​ពី​គម្រោង​រេ​ដ​បូក ជាង​២​ម៉ឺន​ដុល្លារ។

កញ្ញា​ជាជនជាតិភាគតិចរូបនេះ បាន​​​បញ្ជាក់ថា តំបន់​ទេសចរណ៍​នេះ មាន​លក្ខណៈ​សំខាន់​ដែល​ជា​សក្តានុពល មាន​ជ្រោះ​ចំនួន​៣​ជាន់ ព្រមទាំង​ផ្ទាំង​ថ្ម​ធំ​ៗ​ព្រមទាំង​ធម្មជាតិ​ដើមឈើ​ធំ​ៗ​ដែល​មាន​ភាព​ស្រស់បំព្រង រួម​ទាំង​សត្វ​៥៨​ប្រភេទ។

កញ្ញា សែន ទី បានឱ្យដឹងថា គិតចាប់ពីថ្ងៃបើកឱ្យភ្ញៀវទេសចរមកលេងកម្សាន្ត រហូតមកពេលនេះ ទឹកធ្លាក់ឡែងកៅនេះ បាន​ទទួលភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​បាន​ជាង​១០០​នាក់ហើយ។ សម្រាប់តំបន់​ទេសចរណ៍នេះក៏មានទទួល​សេវា​សម្រាប់​ភ្ញៀ​ង​ដូច​ជា៖ មាន​ម្ហូប​របស់​បងប្អូន​ជនជាតិភាគតិច សេវា​ជូន​ភ្ញៀវ នៅ​តាម​កន្លែង​នានាជាដើម។

កញ្ញា សែន ទី បាន​គូសបញ្ជាក់ថា សម្រាប់ប្រវត្តិ «ទឹកធ្លាក់ឡែងកៅ» កាលដើមឡើយមានបុរសចាស់ម្នាក់ (តា) បានចិញ្ចឹមកូនខ្លាឃ្មុំមួយក្បាលដែលត្រូវបានចិញ្ចឹមដោយយកចិត្តទុកដាក់ និងផ្តល់ក្តីស្រលាញ់ទៅឱ្យសត្វនោះរហូតដល់ធំ។ ថ្ងៃមួយលោកតាបាននាំខ្លាឃ្មុំនោះទៅលេងផ្ទះបងប្អូនដែលនៅឆ្ងាយពីភូមិ នៅពេលទៅដល់ផ្ទះបងប្អូនរបស់គាត់ បងប្អូនគាត់ក៏បានរៀបចំម្ហូប អាហារ ស្រា សម្រាប់សា្វគមន៍គាត់។ ដល់ពេលថ្ងៃបន្តិចគាត់បានទទួលទានស្រាជាមួយបងប្អូនគាត់រហូតដល់ស្រវឹង។ នៅថ្ងៃរសៀលគាត់ត្រឡប់មកផ្ទះវិញ ដោយគាត់ស្រវឹងស្រាដើរដល់ពាក់កណ្តាលផ្លូវគាត់អស់កំលាំងក៏បានសម្រេចចិត្តសម្រាកនៅក្បែរទឹកធ្លាក់ជាមួយសត្វខ្លាឃ្មុំរបស់គាត់ មួយរំពេចនោះ ក៏ស្រាប់តែមានសត្វខ្លាធំមួយក្បាលលោតមករកខាំគាត់ដែលជាម្ចាស់សត្វខ្លាឃ្មុំនោះ សំណាងល្អខ្លាឃ្មុំក៏បានប្រឹងប្រែងជួយម្ចាស់របស់វារហូតផុតពីគ្រោះថ្នាក់ និងបានខាំខ្លាធំឱ្យស្លាប់បាត់ទៅ។ ក្រោយមកទើបអ្នកភូមិសម្រេចដាក់ឈ្មោះទឹកធ្លាក់នេះថា ទឹកធ្លាក់ «ឡែងកៅ» រហូតមកដល់សព្វថ្ងៃ៕