(កំពង់ធំ)៖ ក្នុងឱកាសអញ្ជើញកាន់បិណ្ឌទី៧ ជាមួយពុទ្ធបរិស័ទ ប្រជាពលរដ្ឋ ចំណុះឱ្យជើងវត្តទាំង៦ នៅឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ នៅថ្ងៃទី២៤ ខែកញ្ញាឆ្នាំ ២០២៤នេះ, លោក ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំចំណាលើ បានជំរុញអាជ្ញាធរមូលដ្ឋានត្រូវជួយសហការកសាងធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធឱ្យបានរឹងមាំ។

ក្នុងនាមលោកជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំចំណាលើ និងសហការី ពិតជាមានសេចក្តីរីករាយក្រៃលែង ដែលបានចូលរួមកាន់បិណ្យធ្វើបុណ្យរួមគ្នាជាមួយព្រះសង្ឃ ព្រះគ្រូចៅអធិការ លោកអាចារ្យគណៈកម្មការ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាននាឱកាសនេះ។

នាឱកាសនោះដែរ លោកបានសង្កត់ធ្ងន់ថា ក្នុងនាមក្រុមការងារ គឺជាអ្នកបម្រើប្រជាពលរដ្ឋដោយអស់ពីបេះដូងជាអ្នករួមសហការ និងជួយអភិវឌ្ឍមូលដ្ឋានលើកគ្រប់វិស័យទាំងហេដ្ឋារចនាសម្ព័ន្ធនានា សេដ្ឋកិច្ចមូលដ្ឋាន និងវិស័យអាទិភាពជាច្រើនទៀត។

លោក ចាន់ ស៊ីណាត ក៏បានជំរុញថែមទៀតដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានជាពិសេសយុវជន ត្រូវខិតខំសិក្សារៀនសូត្រ នៅឱ្យឆ្ងាយពីគ្រឿងញៀន ឬអំពើអបាយមុខទាំងឡាយ ហើយអាណាព្យាបាលត្រូវជំរុញការសិក្សារៀនសូត្របុត្រធីតារបស់ខ្លួនឱ្យបានខ្ពង់ខ្ពស់ និងខិតខំអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារដែលជាដើមចមនៃការស្នេហាជាតិយ៉ាងពិតប្រាកដ។

ទន្ទឹមនឹងនេះ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក ចាន់ ស៊ីណាត ព្រមសហការី ដែលជានិច្ចជាកាលតែងតែគិតគូរយកចិត្តទុកដាក់ដល់សុខទុក្ខ សុខុមាលភាពពលរដ្ឋនិងបានជួយអភិវឌ្ឍន៍មូលដ្ឋានស្រុកស្ទោង ជាពិសេសឃុំចំណាលើ នូវផ្លូវបេតុងប្រវែងជាង ១០គីឡូម៉ែត្រ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត។

ក្នុងឱកាសនោះដែរ ប្រធានក្រុមការងារបានប្រគេននទេយ្យទានមួយចំនួនធំព្រមទាំងបច្ច័យ ១លានរៀល ក្នុងមួយវត្ត និងចែកទានដល់ប្រជាពុទ្ធបរិស័ទប្រមាណជិត៥០០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀលផងដែរ៕