(កំពង់ធំ)៖ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានជួបសំណេះសំណាលសួរសុខទុក្ខ ក្រុមគ្រួសារអតីតយុទ្ធជន និងឧបត្ថមស្បៀង អាហារគ្រឿងឧបភោគបរិភោគ ដែលជាអំណោយមនុស្សធម៌របស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនអតីតយុទ្ធជនចំនួន១២គ្រួសារ ដែលមានជីវភាពខ្វះខាត កំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ស្ថិតនៅភូមិដងក្តារ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលសម្ដេចទាំងទ្វេតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជននៅគ្រប់ពេលវេលា ពិសេសក្នុងរដូវបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ និងបានផ្សព្វផ្សាយ​អំពី​ការ​សម្រេច​ចិត្ត​របស់​សម្តេច​តេជោ ​ហ៊ុន ​សែន និង​សម្តេច ​ហ៊ុន ​ម៉ាណែត​ ស្តី​ពី​ការ​បញ្ចប់​ការ​ចូល​រួម​តំបន់​ត្រីកោណ​ CLV-DTA ដើម្បី​ដកហូត​អាវុធនយោបាយពីក្រុមប្រឆាំង​កុំ​ឲ្យ​មាន​លេសវាយ​ប្រហារ​មក​លើ​រាជរដ្ឋាភិបាលបាន​ទៀត​។

កន្លង​ទៅ​ពួក​គេ​បានលើក​យក​បញ្ហា​នេះ​ ក្នុង​ការ​គៀងគរប្រមូល​ផ្តុំ​កម្លាំង​ ដើម្បីផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​ ដែល​កើតចេញពីការបោះឆ្នោត​ តែ​ពួក​គេ​ត្រូវ​ទទួល​ការ​បរាជ័យ​យ៉ាង​អាម៉ាស​នៅ​ថ្ងៃទី​១៨​ ខែសីហា​ ឆ្នាំ​២០២៤​កន្លង​មក។

ក្នុងឱកាសសំណេះសំណាលសាកសួរសុខទុក្ខ នារដូវបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី  ឧបត្ថម្ភជូនក្រុមគ្រួសារអតីតយុទ្ធជនទាំង១២គ្រួសារ ដែលមានជីវភាពលំបាកខ្ខះខាតនៅពេលនេះ ដោយក្នុងមួយគ្រួសារ ទទួលបាននូវអង្ករចំនួន២៥ គីឡូក្រាម មីជាតិចំនួន១កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន១យួរ និងត្រីខកំប៉ុងចំនួន១យួរ ផងដែរ។

អតីត​យុទ្ធ​ជន និង​ក្រុមគ្រួសារ​បានសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវការសមរេចិត្តដ៏ត្រឹមត្រូវរបស់​ប្រមុខ​រាជរដ្ឋាភិបាល​ និង​សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត តាមរយៈឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ  ដែលតែងតែយកចិត្តទុកដាក់ដោះស្រាយនូវរាល់ការលំបាក របស់បងប្អូន អតីតយុទ្ធជនយើងនៅទូទាំងខេត្ត និងសូមគោរពជូនពរសម្ដេច លោកជំទាវ អស់លោក លោកស្រីទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ៕