(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ បានថ្លែងប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦នេះថា គ្រោះថ្នាក់ចរាចរណ៍រយៈពេល៥ថ្ងៃ ក្នុងអំឡុងបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ បានឆក់យកអាយុជីវិតប្រជាពលរដ្ឋ២៨នាក់ ខណៈដែលប្រជាពលរដ្ឋ ៩៤នាក់បានរងរបួសធ្ងន់ និង៥៥នាក់រងរបួសស្រាល។
លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បានបញ្ជាក់ថា បើប្រៀបធៀបរយៈពេល៥ថ្ងៃ នៃគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០១៦ ទៅនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៥ ចំនួនគ្រោះថ្នាក់ចរាចរណ៍ និងចំនួនអ្នកស្លាប់ និងអ្នករបួស បានធ្លាក់ចុះគួរឲ្យកត់សម្គាល់ ពោលនៅឆ្នាំ២០១៥ ចំនួនអ្នកស្លាប់មានរហូតដល់៤៥នាក់ (ធ្លាក់ចុះ១៧នាក់) អ្នករបួសធ្ងន់មានចំនួន១៣៩នាក់ (ធ្លាក់ចុះ៤៥នាក់) និងអ្នករបួសស្រាលចំនួន៧៩នាក់ (ធ្លាក់ចុះ២៤នាក់)។
បើទោះបីជាចំនួនគ្រោះថ្នាក់ចរាចរណ៍ និងចំនួនអ្នកស្លាប់ និងរងរបួសធ្លាក់ចុះយ៉ាងណាក្តី លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បានបញ្ជាក់យ៉ាងច្បាស់ថា សមត្ថកិច្ចនគរបាលចរាចរណ៍ នៅតែប្រុងប្រយ័ត្ន និងបំពេញភារកិច្ចរបស់ខ្លួន ឲ្យបានល្អប្រសើរថែមទៀត ធ្វើយ៉ាងណាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាមលទ្ធភាព ដែលអាចធ្វើទៅបាន។
ជាមួយគ្នានេះដែរ ប្រធាននាយកដ្ឋានចរាចរាណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទូទាំងប្រទេស បើកបរគោរពច្បាប់ចរាចរណ៍ ដើម្បីការពារជីវិតពីគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតមានឡើង គ្រប់វិនាទីប្រសិនបើ បើកបរធ្វេសប្រហែស៕