អ្នកនាំពាក្យក្រសួងធនធានទឹក៖ ជំនន់ទឹកភ្លៀង កំពុងគម្រាមកំហែងភាគខាងជើង ខេត្តកំពង់ស្ពឺ, លោក លឹម គានហោ កំពុងដឹកនាំកម្លាំងរំដោះទឹកជំនន់
03-10-2016 17:14
(កំពង់ស្ពឺ)៖ ដូចអ្វីដែលក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹង និងអំពាវនាវឲ្យមានការប្រុងប្រយ័ត្ននាសប្តាហ៍កន្លងទៅ ពេលនេះជំនន់ទឹកភ្លៀង បាន និងកំពុងគម្រាមកំហែងភាគខាងជើង ខេត្តកំពង់ស្ពឺ នេះបើយោងតាមលោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក បានថ្លែងប្រាប់អង្គភាព Fresh News នៅល្ងាចថ្ងៃទី០៣ ខែតុលានេះ។
ជំនន់នៅពេលនេះកើតឡើងដោយសារភ្លៀងធ្លាក់ខ្លាំងៗជាបន្តបន្ទាប់ជាប់ៗគ្នា នៅជួរភ្នំឱរ៉ាល់ ស្រុកឧដុង្គ ថ្ពង សំរោងទង និងក្រុងច្បារមន។ ជំនន់ទឹកភ្លៀងបានធ្វើឲ្យលិចភូមិឋាន ហេដ្ឋារចនាសម្ព័ន្ធ និងស្រែរបស់បងប្អូនប្រជាកសិករមួយចំនួន នៅភាគខាងជើង ខេត្តកំពង់ស្ពឺ ក្នុងភូមិសាស្ត្រ ស្រុកឧដុង្គ និងស្រុកថ្ពង ហើយទឹកនឹងបន្តហូរចុះមកតំបន់ទំនាប និងបង្កឲ្យមានការជន់លិចនៅតំបន់មួយចំនួនទៀត។
លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅមុននេះបន្តិចយ៉ាងដូច្នេះថា «ឯកឧត្តម លឹម គានហោ កំពុងដឹកនាំបញ្ជាលើការរំដោះទឹកជំនន់នេះដោយផ្ទាល់ ដោយបង្វែរទឹកជំនន់នេះ តាមប្រឡាយមេរលាំងជ្រៃខាងជើង មកកាន់អូរក្រាំងអំបិល រួចបន្តបង្ហូរតាមប្រឡាយមេតាហោ ទម្លាក់ចូលទៅស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រខេត្តកណ្តាល។ ទន្ទឹមនឹងវិធានការនេះ ក្រុមគ្រឿងចក្រធុនធ្ងន់ ក៏បានរៀបចំបញ្ជូនទៅ កាន់តំបន់មានជំនន់ ដើម្បីត្រៀមលក្ខណ:កាយបើកផ្លូវទឹកបន្ថែម ក្នុងករណីចាំបាច់»៕