(កំពង់ឆ្នាំង)៖ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការ សម្រេចចិត្តរបស់រាជរដ្ឋាភិបាល ដែលបានបញ្ចប់ការចូលរួមតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះតទៅ ដើម្បីទប់ស្កាត់ក្រុមជ្រុលនិយមដែលបានចាប់យកចំណុចនេះ ធ្វើជាអាវុធ នយោបាយ ដើម្បីមួលបង្កាច់ និងវាយប្រហារចំពោះរាជរដ្ឋាភិបាលឥតឈប់ឈរ ដែលបានធ្វើឱ្យប្រជាជនមួយចំនួនមាន ការយល់ច្រឡំមកលើរាជរដ្ឋាភិបាលស្របច្បាប់។

ទន្ទឹមនឹងនេះ ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល គឺជាទឡីករណ៍បញ្ជាក់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជា ពិតជាបានយកចិត្តទុកដាក់ខ្ពស់រាល់មតិយោបល់ និងក្តីកង្វល់នានារបស់ប្រជាពលរដ្ឋ ចំពោះជោគវាសនាជាតិ និងក្នុងកិច្ច ដំណើរការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ព្រំដែន។

រាជរដ្ឋាភិបាលបានចាត់វិធានការអប់រំ ផ្សព្វផ្សាយ ដើម្បីឱ្យប្រជាពលរដ្ឋ បានយល់ច្បាស់អំពីកិច្ចសហប្រតិបត្តិការ CLV-DTA និងល្បិចកលនយោបាយរបស់ក្រុមជ្រុលនិយមទាំងវិធានការរដ្ឋបាល និងវិធានការផ្លូវច្បាប់ ប្រកបដោយប្រសិទ្ធភាព និងបានធ្វើឱ្យ ផែនការ ១៨សីហា របស់ក្រុមប្រឆាំងជ្រុលនិយមបានបរាជ័យទាំងស្រុង ដោយធានាបាននូវសុខសន្តិភាព និងស្ថិរភាពសង្គម។

ទោះបីជាផែនការ ១៨ សីហា របស់ក្រុមជ្រុល និយមបានរលាយទាំងស្រុងហើយយ៉ាងណាក្ដី ក៏របៀបនៃការធ្វើការរបស់សម្តេចតេជោ ហ៊ុន សែន គឺ «មិនអង្គុយបក់ផ្សែងនោះទេ គឺត្រូវពន្លត់ភ្លើងទាំងស្រុង»

ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំងទាំងអស់ សូមបន្តស្មារតីសាមគ្គីជាធ្លុងមួយ ដើម្បីរួមគ្នាសម្រេច បានសមិទ្ធផលថ្មីៗបន្ថែមទៀតជូនជាតិ ស្ថិតក្រោមម្លប់សុខសន្តិភាព ដែលមានការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងបច្ចុប្បន្នមានរាជរដ្ឋាភិបាលបន្តវេនប្រកបដោយភាពស្វាហាប់ ក្រោមមាគ៌ាដឹកនាំប្រកបដោយភាពវាងវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា៕