(ណាននីង, ចិន)៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាបានចូលរួមថ្លែងសុន្ទរកថាក្នុងពិធីបើកពិព័រណ៍ ចិន-អាស៊ាន លើកទី២១ ក្រោមមូលបទ «លើកកម្ពស់មិត្តភាពស្មោះត្រង់រួមគ្នា អភិវឌ្ឍន៍ និងចែករំលែកផលប្រយោជន៍ប្រកបដោយបរិយាបន្នក្នុងក្របខណ្ឌសហប្រតិបត្តិការត្បូងពេជ្រ ដើម្បីអនាគតថ្មី និងជំរុញការអភិវឌ្ឍ តំបន់ពាណិជ្ជកម្មសេរី ៣.០ រវាងចិន-អាស៊ាន ដើម្បីកំណើនក្នុងតំបន់» នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី ប្រទេសចិន។
កម្មវិធីនេះមានការចូលរួមពីលោក Ding Xuexiang ឧបនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ថ្នាក់ដឹកនាំ នៃប្រទេសជាសមាជិកអាស៊ាន អគ្គលេខាធិការអាស៊ាន និងលេខាធិការបក្ស និងអភិបាលនៃតំបន់ស្វយ័តក្វាងស៊ី ព្រមទាំងថ្នាក់ដឹកនាំនៃវិស័យឯកជនជាច្រើនរូប។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានថ្លែងថា ឆ្នាំ២០២៤នេះ គឺជាឆ្នាំទី២១ជាប់ៗគ្នាហើយ ដែលពិព័រណ៍ចិន-អាស៊ានត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០០៤ ទោះបីជាមានបញ្ហាប្រឈមជាសកលជាច្រើនក្តី ដូចជាវិបត្តិ នៃជំងឺកូវីដ-១៩, ជម្លោះតាមតំបន់នានា, ការកើនឡើងនៃអំពើហិង្សា, ភាពជ្រុលនិយម, ការបាក់បែក, ភាពចលាចល និងភាពមិនច្បាស់លាស់នៃស្ថានភាពសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ ដែលកំពុងគំរាមកំហែងដល់សន្តិសុខ ភាពសុខដុមរមនា ទំនុកចិត្ត និងវិបុលភាពសកល។
ក្នុងស្មារតីនេះ ពិព័រណ៍ចិន-អាស៊ាន បានក្លាយជាវេទិកាសំខាន់មួយសម្រាប់ការបន្តជំរុញសកលភាវូបនីយកម្ម និងសេរីភាវូបនីយកម្មនៃការធ្វើពាណិជ្ជកម្ម ហើយកិច្ចខិត្តខំប្រឹងប្រែងរបស់ប្រទេសជាសមាជិកលើការងារនេះ និងក្របខ័ណ្ឌសហប្រតិបត្តិការផ្សេងទៀត កំពុងនិងបានបន្តជំរុញការអភិវឌ្ឍនៅក្នុងតំបន់ ហើយក៏បានក្លាយជាផ្នែកដ៏សំខាន់នៃកិច្ចខិតខំប្រឹងប្រែងរួមក្នុងការស្វែងរកការអភិវឌ្ឍ និងអនាគតប្រកបដោយវិបុលភាព។
លោក វង្សី វិស្សុត បានបន្តលើកឡើងថា ការប្រកាន់យកនូវគុណតម្លៃនៃសន្តិភាព, សន្តិសហវិជ្ជមាន និងការគោរពគ្នាទៅវិញទៅមក គឺជាមូលដ្ឋានគ្រឹះ នៃភាពជាដៃគូរវាងចិននិងអាស៊ាន។ ទន្ទឹមនេះ ការប្រកាន់យកជម្រើស ភាពបើកចំហ ជាជាងគាំពារនិយម, ពហុភាគីនិយម ជាជាងឯកតោភាគីនិយម និងកិច្ចសហប្រតិបត្តការជាជាងការប្រឈមមុខដាក់គ្នា គឺជាមូលដ្ឋានគ្រឹះសម្រាប់កំណើន និងការអភិវឌ្ឍប្រកបដោយគុណភាព ព្រមទាំងការទុកចិត្តលើគ្នាទៅវិញទៅមក។
ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបង្ហាញនូវភាពជឿជាក់ថា ចិន-អាស៊ានអាចសម្រេចបាននូវសមិទ្ធផលជាច្រើនថែមទៀត និងកាន់តែបន្តរីកចម្រើនទៅមុខទៀតជាមួយគ្នា។ ក្នុងស្មារតីនេះ ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានអបអរសាទរចំពោះកិច្ចដំណើរការនៃការចរចាក្នុងក្របខ័ណ្ឌតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន ៣.០ ដែលរំពឹងថា នឹងត្រូវបញ្ចប់ក្នុងឆ្នាំនេះ។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ សង្ឃឹមថាកិច្ចព្រមព្រៀងថ្មីនេះ នឹងរួមចំណែកក្នុងការសម្រេចនូវសេចក្តីប្រាថ្នារួមរបស់អាស៊ាន-ចិន ដែលចង់បានអនាគតប្រកបដោយវិបុលភាពរួមគ្នា និងចក្ខុវិស័យរបស់ប្រទេសជាសមាជិកសម្រាប់ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន, កិច្ចព្រមព្រៀងពាណិជ្ជកម្មគ្រប់ជ្រុងជ្រោយក្នុងតំបន់ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មទេ្វភាគីផ្សេងទៀត។
នៅក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសបញ្ជាក់ថា សម្រាប់កម្ពុជា, រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត, បានដាក់ឱ្យអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយកំណត់ទិសដៅកសាងជាតិមួយដែលមានភាពរស់រវើក ប្រកបដោយថាមវន្ត និងមានចំណូលខ្ពស់ត្រឹមឆ្នាំ២០៥០។ រាជរដ្ឋាភិបាលកម្ពុជាផ្តោតលើការកសាងស្ថាប័នរដ្ឋបាលសាធារណៈ និងក្របខណ្ឌគតិយុត្តដែលរឹងមាំ ដែលអាចជឿជាក់បាន, កសាងមូលធនមនុស្សដែលខ្លាំង, ហេដ្ឋារចនាសម្ព័ន្ធទំនើប, បណ្តាញ និងភាពជាដៃគូពាណិជ្ជកម្មធំទូលាយ ព្រមទាំងការកសាងបរិយាកាសធុរកិច្ច និងវិនិយោគដែលមានភាពអំណោយផល សម្រាប់ធុរជន និងវិនិយោគិនមកពីគ្រប់ទិសទី។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិន ដែលបានបន្តផ្តល់អាទិភាព និងគាំទ្រដល់ការអភិវឌ្ឍ និងវឌ្ឍនភាពរបស់អាស៊ាន តាមរយៈគំនិតផ្តួចផ្តើមជាច្រើន៕