(ភ្នំពេញ)៖ ជនដៃដល់ម្នាក់ដែលបានធ្វើសកម្មចាក់គូជម្លោះដល់ក្នុងផ្ទះ បណ្ដាលឲ្យរងរបួសព្រោះទំនាស់ពាក្យសម្ដី នៅចំណុចភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវកម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវតាមចាប់ខ្លួនបានភ្លាមៗ ក្រោយរត់គេចខ្លួនប៉ុន្មានម៉ោង។
លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការខណ្ឌច្បារអំពៅ បានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌស្រាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែន។
ជនសង្ស័យឃាត់ខ្លួនឈ្មោះ ហឿន សុខខន អាយុ៤២ឆ្នាំ មុខរប លក់ដូរ ស្នាក់នៅភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ជនសង្ស័យ និងជនរងគ្រោះ មិនដែលមានទំនាស់ជាមួយគ្នាទេ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ជនរងគ្រោះកំពុងនៅផ្ទះកើតហេតុ ស្រាប់តែជនសង្ស័យជិះម៉ូតូម៉ាកហុងដាគុប ពណ៌ទឹកសមុទ្រ ពាក់ផ្លាកលេខកណ្តាល1A-2737 មកឈប់មុខផ្ទះជនរងគ្រោះដើរចូលរួចយក កូនកាំបិត ចាក់ជនរងគ្រោះ ពេលនោះក្រុមគ្រួសារជនរងគ្រោះឃើញស្រែកឲ្យជួយ ជនរងគ្រោះក៏គេចផុតហើយប្រតាយប្រតប់គ្នា រួចជនសង្ស័យ ក៏ចាក់ជនរងគ្រោះថែមទៀតត្រូវកំភួនដៃខាងឆ្វេង១កន្លែង រួចជិះម៉ូតូគេចខ្លួន។
រំលងប្រហែលប៉ុន្មានម៉ោងក្រោយបន្ទាប់ពីរត់គេចខ្លួន ជនសង្ស័យត្រូវកម្លាំងនគរបាលចាប់ខ្លួន រួមជាមួយវត្ថុតាងកូនកាំបិត ដែលប្រើប្រាស់សម្រាប់ធ្វើសកម្មភាព។ បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមផ្លូវច្បាប់៕