(មណ្ឌលគិរី)៖ យុវជនជាច្រើននាក់ ដែលកំពុងរស់នៅក្នុងតំបន់ការពារធនធានធម្មជាតិ នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា បានបង្ហាញពីការចូលរួមបណ្តុះគំនិត «ពន្លកបៃតង» ដែលផ្តួចផ្តើមឡើងដោយក្រសួងបរិស្ថាន ដើម្បីសម្រេចបានការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្ពោះទៅកម្ពុជាជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃ៦០% នៅឆ្នាំ២០៥០។
កាលពីពេលថ្មីៗនេះ សិស្សានុសិស្ស នៅវិទ្យាល័យ ហ៊ុនសែន កែវសីមា ខេត្តមណ្ឌលគិរី បានបង្ហាញពីការប្តេជ្ញាចិត្តចូលរួមយុទ្ធនាការ «ពន្លកបៃតង» ដោយចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ ការបណ្តុះ ការដាំដើមឈើ ដែលរួមចំណែកបង្កើនគម្របបៃតង នៅតាមសហគមន៍ និងបង្កើនជីវភាពតាមរយៈកំណប់ទ្រពរបស់ព្រៃឈើ នៅថ្ងៃខាងមុខទេ គឺជួយឱ្យប្រទេសកម្ពុជាអាចលក់កាបូន ដ៏ធំអាចរកចំណូលដល់សហគមន៍មូលដ្ឋាន និងក៏ដូចជាប្រទេសជាតិផងដែរ។
សម្រាប់យុវត្តី ញាំ សៀវអ៉ី ជាជនជាតិភាគតិចពូនង រៀនថ្នាក់ទី១០ នៅវិទ្យាល័យ ហ៊ុនសែន កែវសីមា បានបានយល់ឃើញថា ដើមឈើពិតជាផ្តល់នូវសារៈប្រយោជន៍យ៉ាងសំខាន់សម្រាប់មនុស្សសត្វ។ ពេលនេះកម្ពុជាកំពុងបានក្លាយជាប្រទេសលក់កាបូន ដែលជាក្តីដ៏រីករាយសម្រាប់យុវជនក្នុងការចូលរួមដាំក៏ដូចជាអភិរក្សដើមឈើ។កាលណាយើងមានដើមឈើកាន់តែច្រើន ការលក់កាបូនក៏កាន់តែបានច្រើនដែរ។
យុវត្តីរូបនេះ បានរៀបរាប់ថា កញ្ញារួមជាមួយមិត្តភក្តិបានយល់ពីតម្លៃដើមឈើ ហើយមិនថាថ្ងៃនេះ ឬថ្ងៃខាងមុខទេ គឺមិនកាប់ព្រៃឈើ និងសម្លាប់សត្វព្រៃជាដាច់ខាត។ យុវត្តី ញាំ សៀវអ៉ី បានថ្លែងថា កញ្ញារួមជាមួយមិត្តភក្តិបានយល់ពីតម្លៃដើមឈើ ហើយមិនថាថ្ងៃនេះ ឬថ្ងៃខាងមុខទេគឺមិនកាប់ព្រៃឈើ និងសម្លាប់សត្វព្រៃជាដាច់ខាត។
ដោយឡែកសម្រាប់យុវត្តីខ្មែរឥស្លាម កែ ស៉ីខ ជាសិស្សវិទ្យាល័យកែវសីមា ខេត្តមណ្ឌលគិរី បានថ្លែងថា ក្នុងនាមជាយុវជនមួយរូប យល់ឃើញថាដាំកូនឈើ និងការចូលរួមការពារព្រៃឈើ គឺមានសារៈសំខាន់ខ្លាំងណាស់ ពីព្រោះដើមឈើបានផ្តល់សារៈសំខាន់ជាច្រើនសម្រាប់ជីវិតមនុស្សជាតិទាំងអស់។ ហើយព្រៃឈើបានស្រូបយកឧស្ម័នកាបូនិច ដោយបញ្ចេញវិញនូវឧស្ម័នអូស្សូន សម្រាប់ជាខ្យល់ដកដង្ហើមមនុស្ស សត្វគ្រប់ប្រភេទ។
យុវត្តីខ្មែរឥស្លាមរូបនេះបានលើកឡើងថា ព្រៃឈើបានចូលរួមចំណែកថែរក្សាប្រព័ន្ធអេកូឡូស៉ី បន្ថែមពីនេះព្រៃឈើជាផ្នែកមួយទាក់ទាញភ្ញៀវទេសចរដោយសារតែសម្រស់ខៀវស្រងាត់ ធ្វើឱ្យខ្យល់អាកាសត្រជាក់បរិសុទ្ធ ដែលអាចទាក់ចិត្តទេសចរទាំងឡាយមកលេងកម្សាន្តតាមទីតាំងដែលពោលពេញដោយព្រៃឈើសម្បូរបែបជាដើម។
ដើម្បីបង្ហាញពីការស្រឡាញ់ដើមឈើ និងក៏ដូចជាចង់ឱ្យយុវជនដទៃទៀតឱ្យចូលរួមដាំដើមឈើ និងអភិរក្សដើមឈើ, យុវសិស្សម្នាក់ទៀត មកពីវិទ្យាល័យ ហ៊ុនសែន កែវសីមា ក៏បានបង្ហាញការយល់ឃើញថាកាលណាយើងរួមរក្សាព្រៃឈើបានល្អនោះវានឹងជួយដល់មនុស្សសត្វវិញតាមរយៈការផ្តល់ជាជម្រក ផ្តល់ជាអាហារដ៏សម្បូរបែបសម្រាប់មនុស្ស និងសត្វគ្រប់ប្រភេទ ជាពិសេសព្រៃឈើបានផ្តល់នូវគុណតម្លៃមិនអាចកាត់ថ្លៃបាន គឺជួយទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ជាដើម។
ជាមួយនឹងគុណតម្លៃមិនអាចកាត់ថ្លៃ បានរបស់ធនធានធម្មជាតិ យុវជនដែលរស់នៅក្នុងតំបន់ការពារធនធានធម្មជាតិ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានប្រកាសរួមគ្នា និងប្តេជ្ញាចិត្តដាំ ការពារព្រៃឈើឱ្យនៅគង់វង្សដើម្បីទុកជាប្រយោជន៍រួមរបស់មនុស្សជាតិ និងទាំងសត្វព្រៃគ្រប់ប្រភេទ។ ព្រមទាំងគាំទ្រនូវរាល់សកម្មភាពការពារធនធានធម្មជាតិ និងរួមគ្នាអភិរក្សសត្វព្រៃកម្រៗ ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា ដើម្បីក្លាយជាចំណែកមួយសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍។ ជាពិសេសរួមគ្នាសផ្សព្វផ្សាយពីសារៈសំខាន់របស់ព្រៃឈើ និងអំពាវនាវឱ្យបញ្ឈប់ការចូលព្រៃកាប់ឈើ និងបរបាញ់សត្វព្រៃដោយខុសច្បាប់តទៅទៀត។
នៅក្នុងយុទ្ធនាការ «ពន្លកបៃតង» នៅតំបន់គម្រោងរេដបូក កែវសីមា ក្នុងភូមិសាស្រ្តខេត្តមណ្ឌលគីរី ចាប់បីថ្ងៃទី២១-២៣ ខែកញ្ញា ឆ្នាំ២០២៤ថ្មីៗនេះ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ដើម្បីការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថានឱ្យបានល្អ មានបរិស្ថានស្អាត កម្ពុជាបង្កើនបានគម្របបៃតង មានខ្យល់អាកាសល្អ និងការអភិវឌ្ឍប្រកបដោយចីរភាព ត្រូវផ្ដើមពីយើងទាំងអស់គ្នា ជាពិសេសយុវជនដែលជាអនាគតរបស់ប្រទេសជាតិ ចូលរួមក្នុងការផ្លាស់ប្តូរទម្លាប់រស់នៅប្រចាំថ្ងៃ ដូចជាការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ចូលរួមញែកសំរាមតាមបច្ចេកទេស ដោយទុកដាក់វេចខ្ចប់សំរាមតាមប្រភេទ គឺសំណល់សរីរាង្គ សំណល់ដែលអាចកែច្នៃ និងប្រើប្រាស់ឡើងវិញបាន និងសំណល់ដែលគ្រោះថ្នាក់ ហើយចូលរួមបណ្តុះ គំនិត «ពន្លកបៃតង» បណ្តុះកូនឈើ ដាំដើមឈើឱ្យបានច្រើន ជាមួយយុទ្ធនាការរបស់ក្រសួងបរិស្ថាន ចូលរួមផ្សព្វផ្សាយពីសារៈសំខាន់នៃការការពារអភិរក្សធនធានធម្មជាតិដល់សហគមន៍។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា ក្រសួងបរិស្ថាន តែងតែគិតគូរជានិច្ចពីការថែរក្សា ការពារ និងលើកកម្ពស់បរិស្ថាននៅកម្ពុជា និងបានជំរុញឱ្យអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញនាពេលកន្លងមក ដោយមានសសរស្តម្ភ៣នោះគឺ ស្អាត បៃតង និងចីរភាព។
ទាក់ទងនឹងការបណ្តុះ «ពន្លកបៃតង» ក្រសួងបរិស្ថានកំពុងសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ គណៈបញ្ជាការឯកភាពក្រុង ស្រុក ខេត្តនានា អនុវត្តច្បាប់ ១០០% ប្រឆាំងបទល្មើសធនធានធម្មជាតិ ពោលគឺបើមានបទល្មើសត្រូវបង្រ្កាបមិនលើកលែងជាដាច់ខាត។ កិច្ចការពារព្រៃឈើ មិនត្រឹមតែផ្តល់នូវជម្រកសត្វព្រៃ ជីវៈចម្រុះគ្រប់ប្រភេទនោះទេ តែវាកំពុងនាំកម្ពុជា យើងក្លាយជាទីផ្សារកាបូន ដ៏ធំនៅពេលខាងមុខផងដែរ។ លោក ខ្វៃ អាតិត្យា បានលើកឡើងបន្ថែម។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះកម្ពុជាមានគម្រោងរេដបូក (REDD+) ចំនួន២កន្លែងធំៗ គឺនៅដែនជម្រកសត្វព្រៃកែវសីមា និងនៅតំបន់ជួរភ្នំក្រវាញ។ សម្រាប់ឆ្នាំខាងមុខ កម្ពុជានឹងពង្រីកចំនួន២ទៀតគឺ នៅដែនជម្រកសត្វព្រៃភ្នំសំកុស និងដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព។ ក្រៅពីនេះកម្ពុជាក៏កំពុងអនុវត្តគម្រោង យន្តការកាបូករួមជាមួយ ប្រទេសជប៉ុន នៅព្រៃឡង់ផងដែរ។ ទៅថ្ងៃខាងមុខ កម្ពុជាគ្រោងដាក់ឱ្យមានគម្រោង REDD+ ចំនួន៥ ទៀតបន្ថែមទៀត នៅតាមតំបន់ការពារធម្មជាតិរបស់កម្ពុជា។
គម្រោងរេដបូក (REDD+) មានគោលបំណងធំៗពីរគឺ ការពារព្រៃឈើឱ្យបានគង់វង្ស សម្រាប់ជាប្រយោជន៍ជាតិ និងចូលរួមកាត់បន្ថយ ការប្រែប្រួលអាកាសធាតុសកល ក្នុងអនុសញ្ញាក្របខ័ណ្ឌ សហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ។ ក្រៅពីផលប្រយោជន៍ ជាមុខងារក្នុងប្រព័ន្ធអេកូឡូស៊ី ព្រៃឈើនៅមានមុខងារដ៏សំខាន់មួយទៀត គឺការស្រូបយកឧស័្មនកាបូនិច (ឧស័្មនផ្ទះកញ្ចក់) ពីបរិយាកាស ដែលមុខងារនេះ ដើរតួនាទីសំខាន់ ក្នុងការកាត់បន្ថយឧស័្មនផ្ទះកញ្ចក់សកល៕