(ភ្នំពេញ)៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការ បានអញ្ជើញចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងសុខាភិបាល និងក្រុមហ៊ុនVINCI នៃសាធារណរដ្ឋបារាំង ក្រោមអធិបតីភាពលោកសាស្ត្រាចារ្យ កុយ វ៉ាន់នី តំណាងរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក Junsereiwath SOK Economic Attaché តំណាងឯកឧត្តម Jacques Pellet ឯកអគ្គរដ្ឋទូតវិសាមញ្ញ ពេញសមត្ថភាព នៃស្ថានទូតបារាំងប្រចាំកម្ពុជា។
អនុស្សរណៈនៃការយោគយល់គ្នានេះ បានប្រព្រឹត្តទៅនៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល។
សម្រាប់អនុស្សរណៈនៃការយោគយល់គ្នានេះ គឺរៀបចំឡើងក្នុងគោលបំណងសំខាន់ រៀបចំប្រតិបត្តិគម្រោងសិក្សាលទ្ធភាព នៃការសាងសង់មន្ទីរពេទ្យអន្តរជាតិ កម្ពុជា-បារាំង ដែលគ្រោងជាមន្ទីរពេទ្យ ចូលរួមចំណែកក្នុងការធ្វើឱ្យកាន់តែប្រសើរឡើង នូវសេវាសុខាភិបាលប្រកបដោយបច្ចេកទេសខ្ពស់ ព្រមទាំងបម្រើឱ្យការបណ្តុះបណ្តាល និងការធ្វើការសិក្សាស្រាវជ្រាវផងដែរ។
គួរបញ្ជាក់ផងដែរថា គម្រោងសិក្សាដែលមានរយៈពេលប្រមាណជា ៩ខែនេះទទួលបានការគាំទ្រពីរដ្ឋាភិបាលបារាំង ក៏ដូចជាឆ្លុះបញ្ចាំងអំពីកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំ រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។
នៅក្នុងពិធីនោះ លោកសាស្ត្រាចារ្យរដ្ឋលេខាធិការបានថ្លែងអំណរគុណដល់ ក្រុមហ៊ុន Vinci និង Assistance publique des Hôpitaux de Paris (AP-HP) ភាគីពាក់ព័ន្ធផ្សេងទៀតក្នុងគម្រោងនេះ ជាពិសេសស្ថានទូតបារាំង ប្រចាំកម្ពុជា ក៏ដូចជារដ្ឋាភិបាលនៃ សាធារណរដ្ឋបារាំងតែម្តង ដែលតែងតែ បានជួយឧបត្ថម្ភគាំទ្រវិស័យសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។
ជាចុងក្រោយ លោកសាស្ត្រាចារ្យរដ្ឋលេខាធិការ បានជំរុញលើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធទាំងអស់ ខិតខំអនុវត្តឱ្យសម្រេចនូវ គោលបំណង ដែលបានចែងក្នុងអនុស្សរណៈយោគយល់គ្នានេះ៕