(ភ្នំពេញ)៖ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) នៅថ្ងៃទី២៣​ ខែកញ្ញា ឆ្នាំ២០២៤ បានចេញកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ លើករណីសំណុំរឿងកិច្ចសន្យាដោះដូរ​ និងកិច្ចសន្យាទិញ-លក់ដីធ្លី​ ៥​ កន្លែង​នៅខេត្ត​មណ្ឌលគិរី​ និងខេត្តកំពត​ បន្ទាប់ពី លោកមេធាវី រស់​ មុនិន្ទៈ​ ជាតំណាងឱ្យភាគីវិវាទ បានដាក់ពាក្យស្នើសុំរៀបចំកំណត់​ហេតុព្រមព្រៀងបញ្ចប់វិវាទ មក​ អ.ដ.ក.​។

ផ្អែកតាមពាក្យស្នើសុំខាងលើ លោកស្រី​ រាជ្យ​ ច័ន្ទ​ថេង,​ លោកស្រី​ ស​ ស៊ីយ៉េត​ និងលោក​ អៀម​ ប៊ុន​លី​ មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានរៀបចំចេញនូវកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទលើសំណុំរឿងនេះ ដោយអនុលោមតាមខ្លឹមសារនៃលទ្ធផលសម្រុះសម្រួលដោះស្រាយវិវាទដែលធ្វើទ្បើងដោយ​មេធាវី និងបន្ទាប់ពីបានបញ្ជាក់អំពីឆន្ទៈពិតប្រាកដ និងត្រឹមត្រូវរបស់គូភាគីរួចមក។

ការចេញកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទខាងលើនេះ គឺធ្វើទ្បើងក្នុងក្របខ័ណ្ឌនៃការអនុវត្តនូវអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ រវាង អ.ដ.ក. និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែល​តាមរយ:​ MOU នេះ​ មេធាវី​ ដែលបានសម្រុះសម្រួលផ្សះផ្សាវិវាទដោយជោគជ័យ​ជូនភាគីវិវាទ​ អាចដាក់ពាក្យស្នើសុំមក​ អ.ដ.ក.​ ដើម្បីរៀបចំ​ចេញជាកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ​ ដែលតាមច្បាប់​ កំណត់ហេតុ​នេះមានអានុភាពអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការ៕