(មណ្ឌលគិរី)៖ គម្រោងរេដបូក កែវសីមា នាពេលបច្ចុប្បន្ន បាននិងកំពុងផ្តល់អាហារូបករណ៍ដល់យុវជនជនជាតិដើមភាគតិចព្នង (ពូនង) ចំនួន៦៥នាក់ ក្នុងនោះមាន៥នាក់ រៀនបន្តថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យនៅទីក្រុងភ្នំពេញ, ចំនួន២០នាក់ ជាសិស្សថ្នាក់វិទ្យាល័យដើម្បីទទួលបានការសិក្សាចប់កម្រិតវិទ្យាល័យ និង៤០នាក់ទៀត បានទទួលវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនៅខេត្តមណ្ឌលគិរី។
គម្រោងបានផ្តល់ជំនួយខ្នាតតូចទៅអង្គការអ៉ីតាលី ជួយសង្គ្រោះកុមារ (CIAI) ក្នុងការផ្តល់សេវាកម្មសុខភាពតាមរយៈគ្លីនិកចល័តបានចំនួន ៣៦លើក នៅក្នុងភូមិចំនួន៦ ដែលមានប្រជាជន ៣,៨២៤នាក់ (២,៣៧៥ ស្រ្តី) និងកុមារចំនួន ២,២៣០នាក់ បានទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យ។ គម្រោងក៏បានផ្តល់ការ ពិនិត្យសុខភាពជូនដល់សិស្សានុសិស្ស ចំនួនប្រមាណ១,៨៧៨នាក់ នៅសាលាបឋមសិក្សាចំនួន៧។
សម្រាប់លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ការផ្តល់អាហារូបករណ៍ពីគម្រោងរេដបូកកែវសីមា គឺមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់អភិវឌ្ឍន៍សហគមន៍នៅតាមតំបន់ការពារធនធានធម្មជាតិ ជាពិសេសជនជាតិដើមភាគតិច ឱ្យពួកគាត់មានជម្រើសថ្មីមុខរបរថ្មី ដោយកាត់ផ្តាច់ជាបណ្តើរៗចេញពីការពឹងផ្អែកទាំងស្រុងទៅលើធនធានធនធានធម្មជាតិ។
«កាលណាកូនចៅរបស់ពួកគាត់មានចំណេះដឹង មានការសិក្សាខ្ពង់ខ្ពស់មានការងារធ្វើ នឹងឱ្យពួកគាត់មានជម្រើសថ្មី ក្រៅពីចូលព្រៃ ហើយក្រសួងបរិស្ថាន ដោយមានចូលរួមពីដៃគូទាំងអស់ គឺលើកទឹកចិត្តឱ្យមានការបណ្តុះបណ្តាលវិជ្ជាជីវៈ មុខរបរ ជំនាញថ្មីដល់ពួកគាត់ (យុវជនជនជាត់ដើមភាគតិច) ដើម្បីឱ្យពួកគាត់អាចមានចំណូល សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ»។ នេះជាថ្លែងបន្ថែមរបស់លោក ខ្វៃ អាទិត្យា។
អ្នកនាំពាក្យរូបនេះ បានបន្តថា សម្រាប់គម្រោងរេដបូក ដែលផ្តល់អាហារូបករណ៍ជូនសិស្សានុសិស្សជាកូនចៅបងប្អូនជនជាតិដើមភាគតិច ត្រូវបានអនុវត្តនៅតំបន់ដែនជម្រកសត្វព្រៃកែវសីមាន និងតំបន់ជួរភ្នំក្រវាញ ដោយបានជំរុញដល់យុជន យុវនារី ជាជនជាតិដើមភាគតិច ទទួលបានការអប់រំខ្ពង់ខ្ពស់ទាំងកម្រិតថ្នា់វិទ្យាល័យ រហូតបញ្ចប់ថ្នាក់មហាវិទ្យាល័យ។
មន្ត្រីតំណាងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានឱ្យដឹងថា ក្រៅពីការងារចូលរួមលើកម្ពស់ជីវភាពសហគមន៍ គម្រោងរេដបូក កែវសីមា បានចូលរួមផ្តល់អាហារូបករណ៍ដល់សិស្សដែលជាជនជាតិដើមភាគតិច ដែលជាក្រុុមគោលដៅទាំង២០ភូមិ កំពុងរស់នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី ដែលមិនមានលទ្ធភាពបន្តការសិក្សា។ កាលពីឆ្នាំ២០២៣ គម្រោងបានផ្តល់អាហារូបករណ៍ដល់យុវជនជាជាតិដើមភាគតិច ចំនួន៥រូប ឱ្យបានបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យ នារាជធានីភ្នំពេញ។
លោកបានថ្លែងថា ជាមួយគ្នានេះដែលគម្រោងបានផ្តល់ជូនយុវជនចំនួន៤០រូប នូវការបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីផ្តល់ឱកាសដល់យុវជន យុវនារី ដែលជាជនជាតិដើមភាគតិច វិលត្រឡប់មកមូលដ្ឋានរបស់ខ្លួនវិញមានការងារធ្វើច្បាស់លាស់ សម្រាប់រកចំណូលចិញ្ចឹមគ្រួសារ។ ប្រសិនបើពួកគាត់មិនមានចំណេះដឹង ឬមិនមានមុខរបរណាមួយឱ្យច្បាស់លាស់នោះទេ នឹងធ្វើឱ្យពួកគាត់វិលទៅរកមុខរបស់ចាស់របស់ឪពុក ម្តាយគាត់ដែលធ្វើពីមុន ដោយពឹងផ្អែកទាំងស្រុងលើអនុផលព្រៃឈើ ហើយពេលខ្លះពួកគាត់អាចធ្វើសកម្មភាពខុសច្បាប់ដោយបរបាញ់សត្វ ឬកាប់ឈើ ដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។
«អ៊ឹចឹងហើយនៅពេលពួកគាត់មានការធ្វើ មានវិជ្ជាជីវៈបានពួកគាត់រកចំណូលចិញ្ចឹមជីវិត តាមរយៈសកម្មភាពស្របច្បាប់ ហើយបានចូលរួមការពារធនធានធម្មជាតិ។ អាហារូបករណ៍ គឺផ្តល់ជូនដល់សិស្សនៅក្នុងភូមិគោលដៅទាំង២០ភូមិ ជាក់ស្តែងនិស្សិត៥នាក់ ដែលបានសិក្សានៅរាជធានីភ្នំពេញ ពួកគាត់បានចូលទៅហាត់ការជាមួយអង្គការដៃគូ ដើម្បីឱ្យពួកគាត់បានសិក្សាស្វែងយល់បន្ថែម!»។ នេះជាការលើកឡើបន្ថែមរបស់តំណាងអង្គការ WCS។
លោកបានបន្ថែមថា គម្រោងរេដបូកកែវសីមា ដែលមានក្រសួងបរិស្ថាន ជាម្ចាស់គម្រោង ហើយអង្គការ WCS ជាដៃគូអនុវត្តន៍គម្រោង។ ដោយឡែកសម្រាប់សិស្សានុសិស្សជាជនជាតិដើមភាគតិចទាំង២០រូប ដែលទទួលបានអាហារូបរកណ៍ពីគម្រោងរេដបូក កែវសីមា នៅពេលពួកគាត់សិក្សាបញ្ចប់ថ្នាក់វិទ្យាល័យនោះអង្គការ WCS នឹងពិគ្រោះយោបល់ជាមួយអង្គការ CCI ដើម្បីពិនិត្យថាតើមានសិស្សប៉ុន្មាននាក់ ចង់បន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យតទៅទៀត។ បន្ថែមពីនេះអង្គការនឹងស្វែងរកដៃគូផ្សេងទៀត ដើម្បីសិក្សាពីលទ្ធភាពផ្តល់អាហារូបករណ៍បន្ថែមដល់យុវជន យុវនារី ជាជនជាតិដើមភាគតិច អាចបន្តការសិក្សានៅថ្នាក់វិទ្យាល័យ និងថ្នាក់មហាវិទ្យាល័យជាដើម។
បើតាមអ្នកគ្រូ សំអែល សុភាព ជាគ្រូគ្រប់គ្រងសិស្សទទួលបានអាហារូបរកណ៍ពីគម្រោងរេដបូក កែវសីមា បានឱ្យដឹងថា តាមរយៈគម្រោងផ្តល់អាហារូបករណ៍នេះ បានជួយដល់សិស្សក្រីក្រដែលជាជនជាតិភាគតិច រស់នៅក្នុងតំបន់ដែនជម្រកសត្វកែវសីមាចំនួន ២០រូប មកពី២០ភូមិ ឱ្យបន្តការសិក្សានៅថ្នាក់វិទ្យាល័យរយៈពេល៣ថ្ងៃ ពោលគឺចាប់ពីថ្នាក់ទី១០ ដល់ថ្នាក់ទី១២ ដោយក្នុងនោះពួគាត់ទទួលបានការឧបត្ថម្ភជាសម្ភារៈសិក្សា ការស្នាក់នៅ អាហារហូបចុក ជាដើម។
អ្នកគ្រូដែលជាជនជាតិភាគតិចពូនងរូបនេះ បានថ្លែងថា ប្រសិនបើគ្មានគម្រោងនេះទេ ច្បាស់ណាស់កូនសិស្សដែលជាជនជាតិដើមភាគតិច រស់នៅក្នុងតំបន់ដាច់ស្រយាលនឹងបន្តបោះបង់ការសិក្សា ពីព្រោះស្ថានភាពគ្រួសារក្រីក្រ រស់នៅឆ្ងាយពីសាលារៀន ដូច្នេះ តាមរយៈគម្រោងផ្តល់អាហារូបករណ៍បានផ្តល់ឱកាសជាច្រើនដល់យុវជន យុវនារី ដែលជាជនជាតិដើមភាគតិច បានឈានជើងទទួលការអប់រំកាន់ខ្ពស់ សម្រាប់ជាទុនកសាងគ្រួសារទៅថ្ងៃអនាគត។
អ្នកគ្រូ សំអែល សុភាព បានរំពឹងថាតាមរយៈការទទួលបានការអប់រំខ្ពស់នឹងធ្វើឱ្យយុវជន យុវនារី ដែលជាជនជាតិដើមភាគតិច ប្រែក្លាយជាជន្ទល់រឹងមាំមួួសម្រាប់ចូលរួមអវឌ្ឍន៍សហគមន៍របស់ខ្លួន ជាពិសេសនឹងធ្វើឱ្យពួកគាត់កាន់តែយល់ច្បាស់ពីសារៈសំខាន់មិនអាចកាត់ថ្លៃបានពីធនធានធម្មជាតិ និងសត្វព្រៃនៅក្នុងមូលដ្ឋានរបស់ពួកគាត់ជាដើម។
អ្នកគ្រូបានបញ្ជាក់ថា បច្ចុប្បន្ននេះ បងប្អូនជនជាតិដើមភាគតិច កាន់តែច្រើនឡើងមានការយល់ដឹងពីសារៈសំខាន់នៃធនធានធម្មជាតិ ជាពិសេសលើវិស័យអប់រំ ដើម្បីជាបង្អែកធ្វើឱ្យជីវភាពរបស់កូនចៅពួកគាត់មានការកែប្រែ ប៉ុន្តែ អ្វីដែលជាបញ្ហារបស់ក្រុមគ្រួសាររបស់បងប្អូនជនជាតិដើមភាគតិច គឺកត្តាជីវភាព ដែលធ្វើឱ្យពួកគាត់ខ្វះលទ្ធភាពផ្គត់ផ្គង់ថវិកាឱ្យកូនៗរបស់ពួកគាត់បន្តការសិក្សាបាន។ តែបន្ទាប់ពីគម្រោងរេដបូក កែវសីមា បានផ្តល់អាហារូបករណ៍ដល់យុវជន យុវនារី ជាជនជាតិដើមភាគតិចនេះ បានធ្វើឱ្យឪពុក ម្តាយ អាណាព្យាបាលជាជនជាតិដើមភាគតិច សប្បាយចិត្តយ៉ាងខ្លាំង។ ត្រង់ចំណុចនេះបានធ្វើឱ្យជនជាតិដើមភាគតិច កាន់តែច្រើនឡើងយល់ដឹងពីព្រៃឈើ និងធនធានធម្មជាតិ ដោយងាកមករួមគ្នាជាមួយគ្រប់ភាគីពាក់ព័ន្ធដើម្បីរក្សាការពារកេរ្តិ៍ដំណែលនេះឱ្យនៅគង់វង្ស។
ដោយឡែកបើតាមយុវត្តី នាង សូរិយា ជាជនជាតិដើមភាគតិចពូនង ដែលទទួលបានអាហារូបករណ៍ពីគម្រោងរេដបូកកែវសីមា បានថ្លែងថា «នាងខ្ញុំគិតថា អាហារូបករណ៍នេះសំខាន់ខ្លះណាស់សម្រាបយុវជន យុវនារី ជាជនជាតិដើមភាគតិច ពីព្រោះអាហារូបករណ៍នេះបានផ្តល់ឱកាសនូវការសិក្សាដល់កូនសិស្សក្រីក្រ នៅតាមតំបន់ដាច់ស្រយាលគ្មានលទ្ធភាពបានបន្តការសិក្សា អាចបានបន្តការសិក្សាបាន»។
យុវត្តីជាជនជាតិដើមភាគតិចរូបនេះ បានបន្តថា សម្រាប់ទឹកចិត្តរបស់នាងខ្ញុំ គឺចង់បន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យ ប្រសិនបើជោគជ័យលើការសិក្សានៅថ្នាក់វិទ្យាល័យ។ បន្ថែមពីនេះ គម្រោងរេដបូក មានសារៈសំខាន់ខ្លាំងណាស់ ដោយបានជួយផ្តល់ថវិកាសម្រាប់ជួយដល់សហគមន៍ ជាក់ស្តែងគម្រោងបានផ្តល់អាហារូបករណ៍ជូនដល់សិស្សានុសិស្សដែលជាជនជាតិដើមភាគតិច ក្នុងការបន្តការសិក្សា ព្រមទាំងអប់រំប្រជាពលរដ្ឋ ឱ្យយល់ដឹងពីសារៈសំខាន់នៃធនធានធម្មជាតិ។
ដោយឡែកយុវសិស្ស ផាត សូណា ជាជនជាតិពូនង កំពុងសិស្សកំពុងសិក្សានៅវិទ្យាល័យកែវសីមា បានលើកឡើងថាស្របគ្នាថា អាហារូបករណ៍ដែលផ្តល់ដោយគម្រោងរេដបូក បានជួយសម្រាលការលំបាកជាច្រើនដល់សិស្សានុសិស្សដែលជាជនជាតិដើមភាគតិច ជាក់ស្តែង អាហារូបករណ៍នេះបានជួយដោះស្រាយបន្ទុកចំណាយដល់ឪពុក ម្តាយរបស់ខ្លួន តាមរយៈការផ្តល់កន្លែងស្នាក់ សម្លៀកបំពាក់ អាហារហូបចុក សម្ភារៈសិក្សា រួមទាំងការចំណាយមួយចំនួនទៀតជាដើម។
យុវសិស្ស ផាត សូណា បានបន្តថា៖ «ពួកខ្ញុំមានការខ្វះខាត ប្រសិនបើមិនបានអាហារូបករណ៍នោះទេ ប្រហែលភាគរយយុវជនជាជនជាតិដើមភាគតិច ជាច្រើនអាចនឹងបោះបង់ការសិក្សា ពីព្រោះគ្មានលទ្ធភាព នៅឆា្ងយពីសាលារៀន ផ្លូវពិបាកធ្វើដំណើរ ដោយសារតែជនជាតិដើមភាគតិច គឺរស់នៅក្នុងតំបន់ដាច់ស្រយាល»៕