(ភ្នំពេញ)៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានចេញសេចក្តីបំភ្លឺមួយ ពាក់ព័ន្ធនឹងករណីការអនុវត្តនីតិវិធី លើឈ្មោះ រឿង អ៊ូច ពាក់ព័ន្ធករណីឆបោកប្រាក់តាមបណ្តាញទំនាក់ទំនងសង្គម។
សេចក្តីបំភ្លឺនេះធ្វើឡើងបន្ទាប់ពីនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ មានសារព័ត៌មានមួយ បានធ្វើការផ្សព្វផ្សាយពីសកម្មភាពប្រមូលផ្តុំរបស់ប្រជាពលរដ្ឋ ព្រមទាំងរិះគន់ក្នុងន័យចោទប្រកាន់មកលើអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និង ផ្សព្វផ្សាយអប់រំ អំពីការអនុវត្តនីតិវិធី លើឈ្មោះ រឿង អ៊ូច ភេទស្រី ពាក់ព័ន្ធករណីឆបោកប្រាក់តាមបណ្តាញទំនាក់ទំនងសង្គម កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។
អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានបំភ្លឺថា ក្រោយទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះលើករណីឆបោកប្រាក់តាមបណ្តាញទំនាក់ទំនងសង្គម មន្ត្រីបច្ចេកទេសនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានសហការជាមួយ អគ្គស្នងការដ្ឋាននគរបាលជាតិ ត្រួតពិនិត្យលេខទូរសព្ទ ចំនួន ០១ខ្សែ ដែលបានប្រើប្រាស់ជាមធ្យោបាយប្រព្រឹត្តបទល្មើស ឃើញថាលេខទូរសព្ទចុះឈ្មោះប្រើប្រាស់ដោយអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ មានឈ្មោះ រឿង អ៊ូច។ ក្រោយពីឈ្មោះ រឿង អ៊ូច បានទទួលលិខិតកោះហៅពីនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល រូបគាត់ (រឿង អ៊ូច) បានចូលមកបំភ្លឺជាមួយសមត្ថកិច្ច និងបានសារភាពកំហុសព្រមទាំងសន្យាចូលរួមសហការឱ្យល្អប្រសើរ ជាមួយសមត្ថកិច្ចពាក់ព័ន្ធ ពេលដែលសមត្ថកិច្ចត្រូវការព័ត៌មានណាមួយបន្ថែម ដោយបានពិនិត្យឃើញថា សាមីខ្លួនទទួលស្គាល់កំហុសឆ្គង និងចូលរួមសហការល្អជាមួយសមត្ថកិច្ច និងពិនិត្យលើអង្គហេតុ ព្រមទាំងឯកសារពាក់ព័ន្ធផ្សេងៗ និងដោយមានការធានាពីលោក ហៀ សុខា មេភូមិក្រាំងតាឡាត់ សមត្ថកិច្ចបានសម្របសម្រួលអនុញ្ញាតឱ្យឈ្មោះ រឿង អ៊ូច ត្រឡប់ទៅលំនៅឋានវិញ។
ទន្ទឹមនោះ សមត្ថកិច្ចក៏បានអប់រំណែនាំដល់ឈ្មោះ រឿង អ៊ូច ពីការប្រើប្រាស់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ក្នុងការទិញស៊ីមកាត ព្រមទាំងណែនាំឱ្យឈ្មោះ រឿង អ៊ូច ចូលរួមសហការផ្តល់ព័ត៌មាន ជាបន្តទៀត នៅពេលដែលសមត្ថកិច្ចត្រូវការព័ត៌មានបន្ថែម។ ការកោះហៅបុគ្គលខាងលើមកបំភ្លឺ គឺដើម្បីស្វែងរកភាពស្អាតស្អំជូនរូបគាត់ក្នុងករណីរូបគាត់ (រឿង អ៊ូច) ពុំបានប្រព្រឹត្តបទល្មើស និងជាមូលដ្ឋានឈានទៅកំណត់មុខសញ្ញាជនប្រព្រឹត្តបទល្មើស ដើម្បីយកមកអនុវត្តនីតិវិធីតាមផ្លូវច្បាប់ជាធរមាន។
អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានអំពាវនាវដល់ ប្រជាពលរដ្ឋដែលនិយមប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមនានា ចូលរួមសហការជាមួយមន្ត្រីអនុវត្តច្បាប់ ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា ព្រោះថាកន្លងមកមានប្រជាពលរដ្ឋមួយចំនួនបានជួលអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជួលគណនីធនាគារ ក៏ដូចជាឯកសារផ្សេងទៀត ឱ្យទៅបុគ្គលដទៃយកទៅប្រើប្រាស់តាមកម្មវត្ថុផ្សេងៗ ឬយកទៅប្រើប្រាស់ជាមធ្យោបាយប្រព្រឹត្តបទល្មើសបច្ចេកវិទ្យា បទល្មើសឆបោកតាមប្រព័ន្ធធនាគារ និង បទល្មើសសម្អាតប្រាក់ជាដើម។
ក្នុងករណីប្រជាពលរដ្ឋបាត់អត្តសញ្ញាណបណ្ណ និងឯកសារបញ្ជាក់ផ្សេងៗ សូមរាយការណ៍ជូនសមត្ថកិច្ចជាបន្ទាន់៕