(ស្ទឹងត្រែង)៖ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ទឹកទន្លេមេគង្គ នៅខេត្តស្ទឹងត្រែង មានកម្ពស់១០.៤៤ម៉ែត្រ ខណៈកម្រិតប្រកាសឱ្យប្រុងប្រយ័ត្នមានកម្ពស់១០.៧០ម៉ែត្រ ដែលកត្តានេះតម្រូវឱ្យប្រជាកសិករគិតគូរពីការងារ ប្រមូលផលដំណាំកសិកម្ម នៅតាមជួមាត់ទន្លេ និងលើកកម្ពស់ការប្រុងប្រយ័ត្ន។
លោក លំ សេរីគុត ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ បានបញ្ជាក់ថា «ទឹកទន្លេមេគង្គមិនអាចឡើងដល់កម្រិតកម្ពស់ប្រកាសឱ្យប្រុងប្រយ័ត្ននៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ដូចនេះសូមឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅតាមជួរដងទន្លេមេគង្គ ទន្លសេសាន ទន្លេសេកុង ទន្លេស្រែពក ត្រូវលើកកម្ពស់ការពារផ្នែកសុវត្ថិភាពក្នុងការរស់នៅ»។
លោកបានបន្ថែមថា ឆ្នាំនេះទឹកទន្លេមេគង្គ មានបរិមាណខ្ពស់ជាងឆ្នាំ២០២៣ ដោយសារតែនៅផ្នែកក្បាលទន្លេមានភ្លៀង។ ចំណែកនៅប្រទេសឡាវ-វៀតណាម ក៏មានទឺកឡើងខ្លាំងដែរ ទើបឥទ្ធិពល នៃលំហូរទឹកមកដល់ប្រទេសកម្ពុជាបែបនេះ។
ប្រធានមន្ទីរបានបន្តថា នៅឆ្នាំ២០២៤ ទឹកមានកម្រិតហូរចូលព្រែក បំពេញបឹងបួរ សម្រាប់កសិករយើងប្រើប្រាស់បានតាមតម្រូវការជាកត្តាមួយសម្រាប់កសិករប្រុងប្រៀបរៀបចំធ្វើការងារបង្កបង្កើនផលស្រែចំការពេញបរិបូរ។
លោក ឃួន រ៉ានី ប្រជាកសិករនៅភូមិហាងខូសួន សង្កាត់សាមគ្គី បានបញ្ជាក់ថា តាមការឱ្យដឹងពីមន្ទីរធនធានទឹក និងឧតុនិយម របបទឹកភ្ញៀងមានជាហូរហែរ ឆ្នាំនេះមានភ្លៀងច្រើនកសិករធ្វើស្រែស្រូវ បានរួចរាល់ហើយ តែព្រួយខ្លាច ទឹកលិចខូចខាតអស់ទៅវិញប៉ុណ្ណោះ។
លោកបន្តថា នេះជាកត្តាធម្មជាតិដែលកសិករជួបប្រទះជាហូរហែរមក តែការធ្វើការងារកសិកម្មបច្ចុប្បន្នកសិករ ភាគច្រើនបានផ្លាស់ប្តូរទំលាប់ទៅធ្វើតាមបច្ចេកទេស ហើយសព្វថ្ងៃនេះ៕