(កណ្ដាល)៖ លោក យី យ៉េន អភិបាលស្រុកមុខកំពូល ព្រមទាំងលោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក រួមទាំងមន្ត្រីរាជការ នៃរដ្ឋបាលស្រុកមុខកំពូល នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៧ នៅចំនួន២វត្ត គឺនៅវត្តមហាអម្ពវ័ន ហៅវត្តឫស្សីជ្រោយ និងវត្តព្រះធម៌កំពូលត្រ័យភព ហៅវត្តអំពិលទឹក ស្ថិតនៅឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល។
ក្នុងរយៈពេលនៃថ្ងៃកាន់បិណ្ឌនីមួយៗ គឺជាឱកាសដែលពុទ្ធសាសនិកខ្មែរបានធ្វើបុណ្យ ដាក់ទាន ដោយមានការធ្វើចង្ហាន់ យកទៅវេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅតាមបណ្តាវត្តជិតឆ្ងាយដើម្បីឧទ្ទិសកុសលផលបុណ្យ ទាំងឡាយជូនដល់វិញ្ញាណក្ខន្ធញាតិទាំង៧សន្តាន ដែលបានចែកឋាន រំលាយក្ខន្ធទៅកាន់បរមលោកក្តី ទៅទីណាក្តី សូមមកទទួលមគ្គផលដែលកូនចៅ បានធ្វើជូននាឱកាសបុណ្យនៅពេលនេះ។
ពិធីបុណ្យនេះក៏ជាការផ្សារភ្ជាប់ និងជួបជុំញាតិមិត្ត និងផ្សព្វផ្សាយពីវប្បមធ៌ អរិយធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ដូនតាខ្មែរដ៏យូរលង់ ដល់យុវជនជំនាន់ក្រោយគ្រប់រូបបានយល់ដឹងកាន់តែច្បាស់ និងបន្តថែរក្សាកេរដំណែល ដូនតានេះឱ្យបានគង់វង្ស និងឱ្យសកលលោកបានដឹងថា វប្បធម៌ អរិយធម៌ប្រពៃណី ទំនៀមទម្លាប់ខ្មែរអស្ចារ្យ។
ក្នុងពិធីកាន់បិណ្ឌនេះ លោកអភិបាលស្រុក រួមនឹងសហការីបាននិមន្តព្រះសង្ឃសូត្រមន្តចម្រើនព្រះបរិត្ត រាប់បាត្រ ប្រគេនទេយ្យទាន ក្នុងមួយវត្តរួមមាន៖ អង្ករ ឭ៤០០គីឡូ មី៤កេស ទឹកបរិសុទ្ធ៤កេស ត្រីខ៤យួរ និងបច្ច័យ៥០០,០០០រៀល និងសហការី៣០០,០០០រៀល សរុប៨០០,០០០រៀល។
ឆ្លៀតឱកាសនេះ លោកអភិបាលស្រុក យី យ៉េន បានប្រគេនបច្ច័យចំនួន១,០០០ដុល្លារ សម្រាប់ការកសាងព្រះវិហារ ឭក្នុងវត្តព្រះធម៌កំពូលត្រ័យភព ហៅវត្តអំពិលទឹក ដែលស្ថិតនៅក្នុងឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល៕