(រតនគិរី)៖ ឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំនាយទាហាន នាយទាហានរង និងពលអាវុធហត្ថ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចូលរួមកាន់បិណ្ឌទី៧ (វេនកងរាជអាវុធហត្ថខេត្ត) នៅវត្តឦសានរតនារាម (ហៅវត្តភ្នំស្វាយ) ស្ថិតនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
ក្នុងឱកាសនោះ ឧត្តមសេនីយ៍ត្រី សោ សាវឿន បាននាំយកនូវទានមកប្រគេនព្រះសង្ឃរួមមាន៖ ទឹកបរិសុទ្ធ វីតាល់ ០៩កេស, ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ ០៩កេស, មីជាតិ ០៥កេស និងចង្ហាន់។
ក្នុងនោះដែរ លោកឧត្តមសេនីយ៍ មេបញ្ជាការ បានតម្កល់បច្ច័យសម្រាប់កសាងក្នុងវេនទី៧ ចំនួន ៦,៣១០,០០០រៀល។
សូមជម្រាបជូនថា ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ ត្រូវបានប្រជាពលរដ្ឋខ្មែរ ជាពុទ្ធសាសនិកជនប្រារព្ធឡើងក្នុងគោលបំណង ដើម្បីរៀបចំសង្ឃភត្តទំនុកបម្រុង ដល់ព្រះសង្ឃក្នុងរដូវវស្សា ពីព្រោះរដូវនេះ មានភ្លៀងធ្លាក់បង្កឲ្យមានការលំបាក ដល់ព្រះសង្ឃក្នុងការនិមន្តបិណ្ឌបាត្រ។
នៅក្នុងឆ្នាំនេះ ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ត្រូវបានប្រារព្ធឡើងចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤៕