(តូក្យូ, ជប៉ុន)៖ បន្ទាប់ពីការបំពេញទស្សនកិច្ចសិក្សាអស់រយៈពេលប្រមាណ ៩ថ្ងៃ ក្រោមកម្មវិធីបណ្តាញផ្លាស់ប្តូរសិស្ស និស្សិត និងយុវជនរវាងប្រទេសជប៉ុន និងប្រទេសអាស៊ីខាងកើត ហៅកាត់ថា JENESYS ក្រុមយុវជននៅតំបន់អាស៊ីខាងកើត រួមទាំងកម្ពុជាផងដែរ បានបង្ហាញការស្ញប់ស្ញែងខ្លាំងចំពោះការ អភិវឌ្ឍជាមួយនិងបច្ចេកវិទ្យាខ្ពស់របស់ប្រទេសជប៉ុន ព្រមទាំងបានបង្ហាញបំណងចង់ឲ្យប្រទេសរបស់ពួកគេ ឲ្យមានការអភិវឌ្ឍតាមលំអានរបស់ប្រទេសជប៉ុនផងដែរ។
នៅក្នុងរយៈពេល ៩ថ្ងៃនេះ ក្រុមយុវជនមកពីបណ្តាប្រទេសកម្ពុជា ថៃ វៀតណាម ឡាវ ហ្វីលីពិន មីយ៉ាន់ម៉ា សិង្ហបុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ព្រុយណេ ទីម័រ រួមទាំងប្រទេសឥណ្ឌាផងដែរ ត្រូវបានរាជរដ្ឋាភិបាលជប៉ុនរៀបចំឲ្យទស្សនកិច្ចសិក្សានៅតំបន់ផ្សេងៗគ្នានៅក្នុងប្រទេសជប៉ុន មានទាំងនៅតាមបណ្តាខេត្ត ហើយក៏មានការស្នាក់នៅដោយផ្ទាល់ជាមួយប្រជាពលរដ្ឋជប៉ុនផងដែរ។
តាមរយៈដំណើរទស្សនកិច្ចសិក្សានេះ ក្រុមយុវជនមកពីបណ្តាអាស៊ីខាងកើត បានបង្ហាញការចាប់អារម្មណ៍ខ្លាំង ជាមួយនិងការអភិវឌ្ឍរបស់ជប៉ុន ជាមួយនិង បច្ចេកវិទ្យាទំនើបៗ ស្ទើរគ្រប់វិស័យ រួមទាំងវិស័យកសិកម្មផងដែរ។ ក្រុមយុវជន ក៏បានចាប់អារម្មណ៍ទៅលើវប្បធម៌ប្រពៃណីរបស់ជប៉ុន និងការរស់នៅ របស់ប្រជាពលរដ្ឋជប៉ុនគ្រប់វ័យ។
តាមរយៈបទបង្ហាញក្រោយបញ្ចប់ដំណើរទស្សនកិច្ចសិក្សា នៅរសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦នេះ យុវជនកម្ពុជា កញ្ញា អ៉ឹង ឈីវ លី បានចាប់អារម្មណ៍ទៅលើបច្ចេកវិទ្យាទំនើបរបស់ជប៉ុន ដែលបានធ្វើឲ្យប្រទេសមួយនេះមានការអភិវឌ្ឍជឿនលឿន។ ឈីវលី ក៏បានមើលឃើញផងដែរ ពីភាពមមាញឹករបស់ប្រជាពលរដ្ឋជប៉ុន។
កញ្ញា បានថ្លែងថា «អំឡុងពេលទស្សនកិច្ចនៅក្នុងប្រទេសជប៉ុន ខ្ញុំមើលឃើញថា ប្រជាពលរដ្ឋជប៉ុនពិតជាមមាញឹក ជាមួយការងាររបស់ពួកគេ តាមដងផ្លូវប្រជាពលរដ្ឋជប៉ុនធ្វើដំណើរលឿនៗ ហើយគ្មានពេលជជែកគ្នានោះឡើយ។ សូម្បីតែនៅតាមទីជនបទទីកន្លែង ដែលខ្ញុំបានទៅស្នាក់នៅជាមួយប្រជាកសិករក្នុងខេត្ត Fukushima ខ្ញុំបានមើលឃើញថា ប្រជាពលរដ្ឋជប៉ុន បើទោះបីពួកគាត់មានវ័យចំណាស់ (អាយុជាង ៦០ឆ្នាំ) ទៅហើយ ក៏ពួកគាត់នៅតែបន្តធ្វើស្រែចំការ និងមមាញឹកជាមួយការងារ»។
កញ្ញា អ៊ូ បញ្ញាសុកិត្យា ក្រៅពីការចាប់អារម្មណ៍ទៅលើបច្ចេកវិទ្យាទំនើប របស់ប្រទេសជប៉ុនហើយនោះ ក៏បានចាប់អារម្មណ៍ទៅលើបញ្ហា បរិស្ថានរបស់ជប៉ុនផងដែរ។ កញ្ញា បានលើកឡើងថា ទន្ទឹមនិងភាពជឿនលឿនជប៉ុន បានយកចិត្តទុកដាក់ខ្ពស់ ទៅលើភាពល្អបរិសុទ្ធនៅក្នុងបរិយាកាស ក្នុងនោះមិនត្រឹមតែនៅទីក្រុងឡើយ សូម្បីនៅតាមវាលស្រែរាល់លំនៅឋានទឹកកខ្វក់ មិនត្រូវបានបង្ហូពាសវាលពាស កាលនោះឡើយ ពោលរាល់ប្រព័ន្ធទឹកកខ្វក់ទាំងអស់នោះ ត្រូវបានរៀបចំប្រព័ន្ធលូក្បែភ្លឺស្រែ ដើម្បីផ្តល់សំណើមដល់ស្រូវ។
មិនថាតែយុវជនកម្ពុជានោះទេ បណ្តាយុវជនមកពីបណ្តាប្រទេសដទៃទៀត សុទ្ធតែមើលឃើញស្ទើរតែដូចគ្នាទាំងអស់ ពីការអភិវឌ្ឍន៍របស់ប្រទេសជប៉ុន ជាពិសេសការខិតខំរបស់ប្រជាពលរដ្ឋជប៉ុន ដើម្បីប្រទេសជាតិរបស់ពួកគេ។ ក្រុមយុវជនបានអរគុណដល់រដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ឱកាសដល់ពួកគេបានបំពេញទស្សនកិច្ច និងដកស្រង់ពិសោធន៍ល្អក្នុងការអភិវឌ្ឍប្រទេស ដើម្បីផ្តល់ជាចក្ខុវិស័យក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសរបស់ពួកគេ។
សូមបញ្ជាក់ដំណើរទស្សនកិច្ចសិក្សារបស់យុវជនកម្ពុជា និងយុវជនមកពីបណ្តាប្រទេសអាស៊ីខាងកើត ត្រូវបានបិទបញ្ចប់នៅរសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦នេះហើយ ហើយពួកគេនឹងវិលត្រឡប់ទៅកាន់ប្រទេសកំណើតរៀងៗខ្លួន នៅថ្ងៃទី០៤ ខែតុលា ជាមួយនិងការបន្សល់នូវអនុស្សាវរីយ៍ល្អៗជាច្រើន នៅក្នុងប្រទេសជប៉ុនរយៈ៩ថ្ងៃមកនេះ៕