(ភ្នំពេញ)៖ វិមានរដ្ឋធម្មនុញ្ញដ៏ល្អវិចិត្រតម្លៃជាង២លានដុល្លារអាមេរិក ត្រូវបានសម្ពោធជាផ្លូវការ​ហើយនៅព្រឹកថ្ងៃអង្គារ ទី២៤ ខែកញ្ញា ឆ្នាំ២០២៤នេះ។ ព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញដែល​តំណាងឱ្យភាពគង់វង់ដ៏រឹងមាំនៃរដ្ឋធម្មនុញ្ញរបស់កម្ពុជា ត្រូវបានប្រព្រឹត្តទៅយ៉ាងមហោឡារិក ក្រោម​ព្រះរាជាធិបតីភាព ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា។

ព្រះរាជពិធីប្រកបដោយក្តីសោមនស្សរីករាយយ៉ាងក្រៃលែងនេះ ក៏មានការអញ្ជើញចូលរួមអម​ព្រះ​មហាក្សត្រ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ា​ណែត នាយករដ្ឋមន្ត្រីកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត លោកកិត្តិនីតិកោសល​បណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋា​ភិបាល ភ្ញៀវបរទេស​ជា​ឯកអគ្គរាជទូត រដ្ឋទូតប្រទេសជាមិត្តប្រចាំនៅកម្ពុជា ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​យ៉ាង​ច្រើនកុះករ។

វិមានរដ្ឋធម្មនុញ្ញត្រូវបានក្រុងពាលីបញ្ចុះបឋមសិលាសាងសង់នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ហើយរួចរាល់ជាស្ថាពរនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ ដោយប្រើរយៈពេលប្រមាណ១៤ខែ។ វិមានរដ្ឋធម្មនុញ្ញ ដឹកនាំសាងសង់ដោយលោកបណ្ឌិតស្ថាបត្យករ លី រស្មី រួមជាមួយក្រុម អ្នក​បច្ចេកទេសជំនាញជាស្ថាបត្យករ វិស្វករ សិល្បករ វិចិត្រករ អ្នកអក្សរសាស្ត្រ សរុបចំនួន ៧០រូប ចំណាយថវិកាជាងសរុប ២,២៣៨,៨៤៧ដុល្លារអាមេរិក។

វិមានរដ្ឋធម្មនុញ្ញ មានកម្ពស់ពីទ្រនាប់ខ្សាច់ដល់កំពូលត្រីសូល៍សរុប ២៣,៤ម៉ែត្រ និងមានទម្ងន់​សរុបប្រមាណ ១១២,៩៩តោន ត្រូវបានសាងសង់លើផ្ទៃដីទំហំ ២,៣៨០ម៉ែត្រក្រឡា សង់បែរ មុខទៅទិសខាងកើត។

វិមានរដ្ឋធម្មនុញ្ញ ត្រូវបានសង់ឡើងលើទីតាំងសួនច្បាររាងត្រី​កោណ ស្ថិតនៅប៉ែក​ខាងលិច​នៃ​វិមាន​ឯករាជ្យ ដោយសារទីសួននេះ ប្រកបដោយអត្ថន័យជ័យភូមិ ដ្បិតមានវត្ត​លង្កា​ព្រះកុសុ​មា​រាម ស្ថិតនៅទិសខាងត្បូង ជានិមិត្តរូបនៃសីលធម៌ និងមានវិទ្យាស្ថានជាតិអប់រំ ស្ថិតនៅទិស​ខាង​ជើង ជានិមិត្តរូបនៃចំណេះវិជ្ជា។ ជាមួយវត្តមានវិមានរដ្ឋធម្មនុញ្ញ បានធ្វើឱ្យទីតាំងនេះ និងតំបន់​ជុំវិញ​បានក្លាយជាទីតាំងដ៏ពិសិដ្ឋមួយរបស់កម្ពុជា នៅក្នុងរាជធានីភ្នំពេញ អាស្រ័យដោយមាន សំណង់បេតិកភណ្ឌជាតិចំនួនបីតាំងនៅជាជួរលើអ័ក្សតែមួយ គឺវិមានឯករាជ្យ ជានិមិត្តរូបជាតិ, វិមាន​រដ្ឋធម្មនុញ្ញ ជានិមិត្តរូបសាសនា ច្បាប់, មណ្ឌបព្រះបរមរូបជានិមិត្តរូប ព្រះមហាក្សត្រ ដែល សំណង់ទាំងបីប្រៀបបានតាមទស្សនៈដ៏សំខាន់នៃជំនឿ វប្បធម៌ សាសនា ក្នុងទ្រឹស្តីត្រីមូរតិ ស្រប​នឹងទស្សនាទានជាតិ គឺជាតិ សាសនា ព្រះមហាក្សត្រ ដែលជាព្រលឹងជាតិ​។

លោកកិត្តិនីតិកោសល​បណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញបានថ្លែងថា វិមាន​រដ្ឋ​ធម្ម​នុញ្ញដ៏ល្អប្រណីតឧត្តមថ្លៃថ្លានេះ គឺជានិមិត្តរូប នៃគុណតម្លៃធម្មនុញ្ញទំនើបផ្សារភ្ជាប់ជាមួយ​វប្ប​ធម៌ សាសនា ប្រពៃណីទំនៀម​ទម្លាប់​ល្អនៃដួងព្រលឹងជាតិខ្មែរ ធ្វើឱ្យវិមាន ដ៏ពិសិដ្ឋនៅលើទីឧទ្យាននេះ​នឹងក្លាយ​ជាមជ្ឈ​មណ្ឌល​ជួបជុំនៃប្រជាពលរដ្ឋ ជនានុជនទាំងឡាយគ្រប់និន្នាការនយោបាយ ដែល​នឹងមកទស្សនា សិក្សា​ស្រាវ​ជ្រាវ បានយល់ដឹងអំពីអត្ថន័យខ្លឹមសារនៃរដ្ឋធម្មនុញ្ញ និងអត្ថន័យ​នៃ​ស្ថាបត្យកម្មវិមាន​រដ្ឋ​ធម្ម​នុញ្ញ។

លោក អ៉ឹម ឈុនលឹម បន្តថា វិមានរដ្ឋធម្មនុញ្ញ នឹងពិតជាបានលើកកម្ពស់មនសិការឯកភាពជាតិ និងស្នេហាជាតិ ដែលជាស្មារតីដ៏ថ្លៃថ្លាដូចបានឆ្លុះបញ្ចាំងនៅក្នុងបុព្វកថានៃរដ្ឋធម្មនុញ្ញ ដែលមាន​ខ្លឹមថា «យើង ប្រជារាស្ត្រខ្មែរ... បានភ្ញាក់រលឹក ក្រោកឈរឡើង ចងបាច់ឆន្ទៈមោះមុត ប្តូរផ្តាច់រួ​ប​រួមគ្នា ពង្រឹងឯកភាពជាតិ រក្សាការពារ ទឹកដីកម្ពុជា អធិបតេយ្យថ្លៃថ្លា និងអារ្យធម៌អង្គរ​ដ៏បវរ កសាង​ប្រទេសជាតិឱ្យទៅជា [កោះសន្តិភាព] ឡើងវិញ ផ្អែកលើប្រព័ន្ធប្រជាធិប តេយ្យសេរីពហុ បក្ស ធានាសិទ្ធិមនុស្ស គោរពច្បាប់, ទទួលខុសត្រូវ ខ្ពស់ចំពោះវាសនាអនាគតជាតិ ឱយបានឈានឡើងរីកចំរើន លូតលាស់ សម្បូររុងរឿងជានិច្ចនិរន្តរ៍»

វិមានរដ្ឋធម្មនុញ្ញ ត្រូវបានសម្ពោធចំខួប៣១ឆ្នាំ នៃការកកើតឡើងវិញនៃរដ្ឋធម្មនុញ្ញព្រះរាជាណា​ចក្រ​កម្ពុជា ក្រោយបញ្ចប់ជម្លោះជាង២០ឆ្នាំ។ ព្រះករុណាព្រះមហាក្សត្រខ្មែរ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី មានព្រះរាជបន្ទូលថា វិមានរដ្ឋធម្មនុញ្ញ ជាការបង្ហាញឱ្យឃើញថា ប្រជា​ជាតិ​ខ្មែរ​មានឆន្ទៈគោរព ការពារ លើកតម្កើង និងប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលរបស់ជាតិ។

ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង បានបង្ហាញព្រះរាជហឫទ័យរំភើបជាអនេក ចំពោះវិមាន​រដ្ឋ​ធម្ម​នុញ្ញ ដែលត្រូវបានស្ថាបនាក្នុងទម្រង់សិល្បៈស្ថាបត្យកម្មដ៏ល្អវិចិត្រ។ ព្រះមហាក្សត្រខ្មែរ បាន​មានព្រះរាជបន្ទូលចាត់ទុកវិមានរដ្ឋធម្មនុញ្ញ គឺជានីតិបូជនីយដ្ឋានដ៏ពិសិដ្ឋតំណាងឱ្យ និមិត្ត​រូប​នីតិរដ្ឋ ដែលមានរដ្ឋធម្មនុញ្ញ ជាកំពូលនៃច្បាប់ផងទាំងឡាយនៅកម្ពុជា។

សូមបញ្ជាក់ថា សំណង់វិមានរដ្ឋធម្មនុញ្ញ ត្រូវបានរៀបចំជាពីរផ្នែកចម្បង។ ផ្នែកទី១ គឺវិមានផ្នែកខាងក្រោម មានសាលតូចរាងកាកបាទ ត្រូវបានប្រសិទ្ធនាមថា ខេមរសន្តិមូលសាល ជាទីតាំងស្ដម្ភរដ្ឋធម្មនុញ្ញ ដែលនៅខាងលើមានទម្រតម្កល់ព្រះសិរមហាព្រហ្ម កសាងពីសំរឹទ្ធ។ សសរ​ស្ដម្ភរដ្ឋធម្មនុញ្ញ មានរាង៦ជ្រុង ដែលជ្រុងខាងមុខមានចារឹកបុព្វកថារដ្ឋធម្មនុញ្ញ និង៥ជ្រុង​ផ្សេង​ទៀត សម្រាប់ចារឹកយុទ្ធវិធីទាំងប្រាំនៅក្នុងយុទ្ធសាស្ត្រនយោបាយឈ្នះ-ឈ្នះនាំមក នូវ​សន្តិ​ភាពដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន គឺបំបែក, ឯកោ បញ្ចប់, សមាហរណកម្ម, អភិវឌ្ឍន៍ តំណាងដោយព្យពា្ជនៈប្រាំតួគឺ «ប-ឯ-ប-ស-អ»

ផ្នែកទី២ គឺតួមហាបុស្បុក មានទម្ងន់សរុបប្រមាណ ១២តោន កសាងពីសំរឹទ្ធប្រមាណ៧០​ភាគ​រយ ស្ពាន់ប្រមាណ៣០ភាគរយ ក្នុងទម្រង់សិល្បៈខ្មែរប្រកបដោយក្បូរក្បាច់ដ៏ល្អិតល្អន់ ល្អវិចិត្រ សាងឡើងតាមក្បួនខ្នាតរចនាបថខ្មែរបុរាណ។ ក្នុងទម្រង់សិល្បៈបែបនេះ ទើបនាំឱ្យសន្និដ្ឋាន​បាន​ថា វិមានរដ្ឋធម្មនុញ្ញ គឺជាសិលាលោហប្រាសាទ ដ៏ធំល្អវិចិត្រនៅកម្ពុជា ដែលនឹងក្លាយជា សំណង់សតវត្សរ៍ក្នុងអនាគតកាល៕