(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤នេះ ទ្រង់បានមានព្រះរាជបន្ទូលសំណូមពរដល់ សូមប្រជាជាតិខ្មែរទាំងមូលតាំងចិត្ត ក្នុងសមាទិដ្ឋិ (ដំណើរយល់ឃើញត្រូវ) ប្រកាន់យកជានិច្ចនិរន្តរ៍នូវស្មារតី៖ «យើងប្រជារាស្រ្តខ្មែរ រួបរួមគ្នាថែរក្សា ការពារ គោរពខ្ជាប់ខ្ជួនរដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលរបស់ប្រទេស»

ព្រះអង្គមានព្រះរាជបន្ទូល ដូច្នេះក្នុងឱកាសស្ដេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ ដែលមានទីតាំងស្ថិតនៅជិតវិមានឯករាជ្យ រាជធានីភ្នំពេញ។

ព្រះអង្គមានព្រះរាជបន្ទូលថា «សមិទ្ធផលធម្មនុញ្ញដ៏ត្រចះត្រចង់សម្រេចបានយ៉ាងដូច្នេះ ខ្ញុំ ព្រះករុណា ខ្ញុំ សំណូមពរ សូមប្រជាជាតិខ្មែរទាំងមូល តាំងចិត្តក្នុងសមាទិដ្ឋិ ប្រកាន់យកជានិច្ចនិរន្តរ៍ នូវស្មារតី៖ «យើងប្រជារាស្រ្តខ្មែរ រួបរួមគ្នាថែរក្សា ការពារ គោរពខ្ជាប់ខ្ជួនរដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ប្រទេស ជានិមិត្តរូបនៃគុណតម្លៃទំនើបរួមផ្សំបុរាណ ជាការសន្យាចំពោះអនាគតរុងរឿងនៃប្រជាជាតិយើង»

ព្រះអង្គមានព្រះរាជបន្ទូលសង្កត់ធ្ងន់ថា ជាសច្ចធម៌មិនអាចប្រកែកបាន រយៈពេលជាង៣០ឆ្នាំ នៃការអនុវត្តរដ្ឋធម្មនុញ្ញ ព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព និងឯកភាពជាតិ អាស្រ័យដោយមាននយោបាយឈ្នះ-ឈ្នះ ដែលត្រូវបានដាក់ចេញ និងដឹកនាំអនុវត្តផ្ទាល់ប្រកបដោយភាពប៉ិនប្រសប់ ឈ្លាសវៃដ៏ឆ្នើមរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានធ្វើឱ្យសម្រេចសមិទ្ធផលដ៏ធំធេង ក្នុងការការពារ ជាតិ សាសនា ព្រះមហាក្សត្រ និង «ការពង្រឹងឯកភាពជាតិ រក្សាការពារទឹកដីកម្ពុជា អធិបតេយ្យថ្លៃថ្លា និងអរិយធម៌អង្គរដ៏បវរ កសាងប្រទេសជាតិ ទៅជា «កោះសន្តិភាព» ឡើងវិញ ផ្អែកលើប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស ធានាសិទ្ធិមនុស្ស គោរពច្បាប់ ធ្វើឲ្យប្រទេសជាតិ បានឈានឡើងរីកចម្រើនលូតលាស់សម្បូររុងរឿង» ដូចបច្ចុប្បន្ន។

សមិទ្ធផលធម្មនុញ្ញដ៏ឧត្តុង្គឧត្តមនេះ គឺជាមរតករបស់ជាតិ ដែលកំពុងត្រូវបានថែរក្សា និងបន្តអភិវឌ្ឍ ប្រកបដោយភាពអង់អាចស្វាហាប់ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីក្នុងកាលបច្ចុប្បន្ន ដើម្បីបន្តដឹកនាំកម្ពុជា ឲ្យកាន់តែមានការអភិវឌ្ឍក្លាយជាអរិយប្រទេស។

អាស្រ័យដោយរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ មានអត្ថិភាព និងស្ថិរភាពជាងបីទសវត្សរ៍ ជារយៈពេលមួយវែងក្នុងប្រវត្តិរដ្ឋធម្មនុញ្ញ និងដោយបច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ធានាបានភាពរឹងមាំនៃរដ្ឋធម្មនុញ្ញ ដូច្នេះជាពេលវេលាសមស្របដែលត្រូវមានវិមានរដ្ឋធម្មនុញ្ញ សម្រាប់ឱ្យខេមរជនក្នុងពេលបច្ចុប្បន្ន និងតទៅអនាគតដឹងនូវគុណបំណាច់របស់ ឥស្សរជនសេ្នហាជាតិ ជាស្ថាបនិកនិងជាប្រតិបត្តិករ នៃច្បាប់កំពូលមួយនេះ និងសូមគោរពចងចាំ អំពីក្រមសីលធម៌ និងច្បាប់នានា នៃព្រះរាជាណាចក្រកម្ពុជា៕