(ភ្នំពេញ)៖ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨ កាលពី ២៦ឆ្នាំមុននេះ សម្តេច ហ៊ុន សែន បានរួចផុតពីអំពើប៉ុនប៉ងបាញ់សម្លាប់ ដោយការបញ្ជាបំផ្ទុះគ្រាប់B40 តាមប្រព័ន្ធចុចពីចម្ងាយ។ Fresh Exclusive មានសេចក្តីរាយការណ៍តាមដានស៊ីជម្រៅ អំពីហេតុការណ៍នេះ តាមរយៈការដកស្រង់ខ្លឹមសារ នៃសៀវភៅ «ឃាតកម្មក្រោយខ្នង សម្តេចតេជោ ហ៊ុន សែន» ៖

«ខ្ញុំត្រូវគេធ្វើរដ្ឋប្រហារ ចាប់ឃុំក្នុងផ្ទះម្តង ធ្វើរដ្ឋប្រហារបីដង និងការប៉ុនប៉ងសម្លាប់ខ្ញុំ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨ នៅសៀមរាប»។ នេះជាប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មហាវីរៈបុរសជាតិខ្មែរជុំ វិញការប៉ុនប៉ងធ្វើបាប ចង់យកអាយុជីវិតរបស់សម្តេច ក្នុងរង្វង់ជីវិតធ្វើនយោបាយរំដោះជាតិ។

ក្រោមយុទ្ធសាស្ត្រ DIFID នៃនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ប្រទេសកម្ពុជា ដែលរងនឹងសង្គ្រាមស៊ីវិលក្រោយរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ នៅទីចុងក្រោយបំផុត បានទទួលសន្តិភាពពិតប្រាកដនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ និងថ្ងៃនោះ ក៏ជាថ្ងៃលើកដំបូងបំផុតរបស់ប្រវត្តិសាស្ត្រខ្មែរជាង៥០០ឆ្នាំកន្លងមក ដែលកម្ពុជាបំបាត់អស់ទាំងស្រុងនូវតំបន់អបគមន៍នានាទាំងអស់ នៅទូទាំងប្រទេស។

ប៉ុន្តែនៅជាមួយនឹងជីវិតតស៊ូដើម្បីការរំដោះប្រទេសជាតិនេះ អំពើប៉ុនប៉ងធ្វើបាប និងចង់ធ្វើឃាតដាក់មកលើរូបសម្តេច ដោយក្រុមធ្វើនយោបាយប្រឆាំង ក៏មានមិនតិចផងដែរ ប៉ុន្តែជាភ័ព្វវាសនាល្អជាប់ជារៀងរហូត គឺអំពើល្អរបស់សម្តេចដើម្បីប្រយោជន៍ជាតិនិងប្រជាជន តែងបានជួយបញ្ចៀសសម្តេច ឱ្យរួចផុតជានិច្ច ពីអំពើចង់យាយីដាក់មកលើរូបរាងកាយ។ ថ្ងៃទី២៤ ខែកញ្ញា, ២៦ឆ្នាំមុននេះ សម្តេច ហ៊ុន សែន បានរួចផុតពីអំពើប៉ុនប៉ងបាញ់សម្លាប់ មួយ ដែលក្រោយមកត្រូវបានគេរកឃើញថា គឺជាមនុស្សរបស់មេខ្លោងក្បត់ជាតិបីជំនាន់ សម រង្ស៊ី។

*តើថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨ គឺជាថ្ងៃអ្វី?

ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨ គឺជាថ្ងៃជួបជុំគ្នាដំបូងនៃគណបក្សនយោបាយធំៗទាំងបី ដែលឈ្នះឆ្នោត និងត្រូវបានចាត់ទុកថា ជាថ្ងៃដើម្បីបញ្ចប់វិបត្តិផ្ទៃក្នុង ក្រោយការតវ៉ារបស់គណបក្សចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី២។

លទ្ធផលនៃការបោះឆ្នោតថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៩៨នាពេលនោះបានបង្ហាញថា គណបក្សដែលមានសម្លេងគាំទ្រក្នុងអាសនៈរដ្ឋសភា មានចំនួនបីគណបក្ស គឺគណបក្សប្រជាជនកម្ពុជា ដែលទទួលបានអាសនៈ៦៤ គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន៤៣ និងគណបក្ស សម រង្ស៊ី ទទួលបាន១៥ អាសនៈ។ ប៉ុន្តែក្រោយការប្រកាសលទ្ធផលតាមរយៈគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គឺមិនទាន់បានប៉ុន្មានម៉ោងផង ស្រាប់តែគេឃើញគណបក្សចាញ់ឆ្នោត បានប្រមូលផ្តុំគ្នាផ្ទុះការតវ៉ា ដែលជាចរឹតមួយនៃវិធីផ្តួលរំលំតាមបែបបដិវត្តន៍ពណ៌។ ព្រឹត្តិការណ៍ពាក់ព័ន្ធទាំងនោះហើយ បានឈានដល់ការប៉ុនប៉ងរៀបចំគម្រោងការណ៍ ដើម្បីប្រល័យជីវិតសម្តេចតេជោ ហ៊ុន សែន។

*ហេតុការណ៍កើតឡើង មុនថ្ងៃប៉ុងប៉ងធ្វើឃាត

នៅថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ១៩៩៨ ខណៈគណបក្សចំនួន១៥ បានចេញលិខិត និងប្រកាសថាពួកគេមិនចូលរួមតវ៉ា ដោយការយល់ព្រមទទួលយកនូវលទ្ធផលនៃការបោះឆ្នោតនោះ គឺមានតែគណបក្សហ៊្វុន ស៊ិនប៉ិច និងគណបក្ស សម រង្ស៊ី តែ២នេះប៉ុណ្ណោះ នៅបន្តអំពើឡាំប៉ាមិនទទួលយកនូវលទ្ធផលនៃការបោះឆ្នោតក្នុងពេលនោះ។

គណបក្សទាំង២នេះ បានទាមទារឱ្យមានការស៊ើបអង្កេត និងការរាប់សន្លឹកឆ្នោតសាឡើងវិញ នៅតាមមណ្ឌលមួយចំនួនក្រោមលេសថា មានភាពមិនប្រក្រតី និងការលួចបន្លំសន្លឹកឆ្នោត បើទោះបីជាសហគមន៍ផ្តល់ជំនួយក្នុងការរៀបចំបោះឆ្នោត បានចេញសេចក្តីប្រកាសទទួលស្គាល់ថា លទ្ធផលនៃការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រនីតិកាលទី២ អាចទទួលយកបានក៏ដោយ។

លេសដែលចោទប្រកាន់ថា ការបោះឆ្នោតមិនប្រក្រតីនាពេលនោះ បានផ្អែកលើការនិយាយថា ការិយាល័យបោះឆ្នោត មានភាពចង្អៀតណែន និងគ្មានសណ្តាប់ធ្នាប់ដែលនាំឱ្យមន្ត្រីការិយាល័យបោះឆ្នោត មិនអាចគ្រប់គ្រងដំណើរការជាធម្មតាបានឡើយ។ ចំណុចតវ៉ាដទៃទៀត បាននិយាយថា មិនមានចំនួនលេខនៅលើហិបឆ្នោត និងចោទថា អ្នកយាមទ្វារពន្យាពេលបើកទ្វារ ដែលធ្វើឱ្យអ្នកបោះឆ្នោតតវ៉ា និងបានចោទទៀតថា សន្លឹកឆ្នោតត្រូវបានហែកពីខាងក្រោម និងមិនបានហែកពីខាងលើ និងការចោទថា ហិបឆ្នោតបិទមិនជិត គម្របមិនជិត ដែលអាចលូកម្រាមដៃបានថែមទៀត។

បាតុកម្មតវ៉ានោះ ក្រោយមកកាន់តែរាលដាលធំឡើងៗ និងបន្ទាប់មកបានបង្ហាញនូវក្រឡាសាពិតប្រាកដរបស់ខ្លួន នៃល្បែងឈានទៅរកការចង់ធ្វើបដិវត្តន៍ពណ៌ផ្តួលរំលំអ្នកឈ្នះសន្លឹកឆ្នោត។ បាតុកម្មដោយក្រុមគណបក្សនយោបាយទាំង២នោះ ទាមទារឱ្យសម្តេច ហ៊ុន សែន នៃគណបក្សដែលឈ្នះឆ្នោត ត្រូវចុះចេញពីអំណាច។

ការទាមទារតាមលំនាំនៃចលនាបដិវត្តន៍ពណ៌ ក្នុងការចង់ឱ្យការផ្លាស់ប្តូរដោយបង្ខំតាមរូបភាព ដំបូងអហិង្សានោះ និងក្រោយមកបានក្លាយជាអំពើហិង្សា ដែលទង្វើនោះត្រូវបានគេចាត់ទុកថា ជាអំពើក្បត់ឆន្ទៈរបស់ពលរដ្ឋភាគច្រើន ដែលបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។ ការទាមទារតវ៉ាឱ្យគណបក្សឈ្នះឆ្នោតចុះចេញពីតំណែងនោះទៀត គឺជាការទាមទារខុសបែបបទ ដែលមិនស្របតាមបែបលទ្ធិប្រជាធិបតេយ្យគោរពភាគច្រើននៃសម្លេងអ្នកបោះឆ្នោតឡើយ។

ខណៈបាតុកម្ម កាន់តែរាលដាលធំ ដោយមានមនុស្សចូលរួមដល់ច្រើនម៉ឺននាក់ ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៩៨ បានមានព្រះរាជបន្ទូលអំពាវនាវដល់គណបក្សធំទាំងបី ដែលជាប់ឆ្នោត សូមបញ្ជូនអ្នកតំណាងពីរៗរូបរបស់ខ្លួនមកចូលរួមប្រជុំក្នុងលក្ខណៈជាគ្រួសារ នៅព្រះរាជដំណាក់ព្រះកុសមៈ ក្នុងខេត្តសៀមរាប។ យោងតាមគំរោង ជំនួបនោះ នៅបានអញ្ជើញតំណាងក្រុមប្រឹក្សាធម្មនុញ្ញ និងតំណាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីការចូលរួមផងដែរ។

គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ១៩៩៨ បានថ្លែងទទួលយកព្រះរាជសំណើ ដោយបញ្ជាក់ថានឹងចាត់បញ្ជូនសម្តេច ជា ស៊ីម និងសម្តេច ហ៊ុន សែន សម្រាប់ការត្រៀមចូលរួម នៅព្រះរាជដំណាក់ខេត្តសៀមរាប ខណៈមេដឹកនាំគណបក្សនយោបាយជំទាស់ទាំង២ នាពេលនោះ មិនបានធ្វើ តាមព្រះរាជតំរិះចង់បានរបស់អតីតព្រះមហាក្សត្រខ្មែរឡើយ។ ហេតុដូច្នេះហើយគឺ នៅថ្ងៃទី៥ ខែកញ្ញានោះ កិច្ចប្រជុំនោះពុំបានដំណើរការទេ ពីព្រោះសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៃគណបក្សហ៊្វុនស៊ិនប៉ិច និង សម រង្ស៊ី នៃគណបក្ស សម រង្ស៊ី ពុំបានចូលរួមទេ ប៉ុន្តែបានចាត់មន្ត្រីថ្នាក់បន្ទាប់របស់ខ្លួន ដែលមិនអាចមានសិទ្ធិសម្រចក្នុងកិច្ចការនយោបាយពាក់ព័ន្ធនឹងវាសនាជាតិបានឡើយ។

*ភូមិគ្រឹះរបស់សម្តេច ហ៊ុន សែន នៅកណ្តាលរាជធានី រងការវាយប្រហារដោយគ្រាប់បែក

២ថ្ងៃក្រោយមកទៀត គឺនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ១៩៩៨ ភូមិគ្រឹះរបស់សម្តេច ហ៊ុន សែន នៅកណ្តាលរាជធានី ក្បែរវិមានឯករាជ្យ បានរងការវាយប្រហារដោយការគប់គ្រាប់បែកដៃចំនួន២គ្រាប់ ដោយក្រុមភេរវករមិនស្គាល់មុខ ដែលពួកគេបានជិះម៉ូតូ ហើយគេចខ្លួនបាត់ស្រមោល។ ក្នុងអតីតកាលនោះ មិនមានការដាក់កាមេរ៉ាសុវត្ថិភាព និងក៏គ្មានប្រព័ន្ធបច្ចេកវិទ្យាទំនើប ស្វែងតាមចាប់ជនសង្ស័យដូចបច្ចុប្បន្ននេះឡើយ។ សមត្ថកិច្ចទោះជាយ៉ាងណាក៏ដោយ ក្នុងពេលនោះបានដាក់ពង្រាយកម្លាំង ដើម្បីតាមស្វែងរកជនសង្ស័យគប់គ្រាប់បែកនោះ ប៉ុន្តែនៅតែមិនអាចរកឃើញឡើយ។

ព្រឹត្តិការណ៍វាយប្រហារដោយគ្រាប់បែកដៃនាវេលាព្រឹកថ្ងៃ៧ ខែកញ្ញានោះ ក៏ត្រូវបានចាត់ទុកថា គឺជាបំណងមួយនៃការគំរាមប៉ុនប៉ងយាយី ដល់អាយុជីវិតសម្តេចតេជោផងដែរ ប៉ុន្តែសម្តេចនាយករដ្ឋមន្ត្រីនាពេលនោះ មិនបានស្ថិតនៅក្នុងផ្ទះឡើយ។ រហូតដល់ថ្ងៃត្រង់ ថ្ងៃដដែលទើបសម្តេច បានវិលត្រឡប់ពីខេត្តសៀមរាបវិញ និងបានធ្វើសន្និសីទសារព័ត៌មានថ្កោលទោសចំពោះអំពើឃោរឃៅនោះ និងបានចាត់ទុកថា ជាអំពើភេរវកម្មនយោបាយ។

សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ក្នុងសម័យប្រជុំដំបូងនីតិកាលទី៥ នៃ ព្រឹទ្ធសភា បានមានប្រសាសន៍រំលឹកអំពីព្រឹត្តិការណ៍ដែលបានកើតឡើងកាលពីជាង២០ឆ្នាំមុននោះ៖

«ការប៉ុនប៉ងធ្វើឃាតដែលខ្លួនខ្ញុំចាត់ទុកថា ជាភ័ព្វសំណាងសម្រាប់ប្រទេសជាតិមួយដែរ ឬ ជាភ័ព្វសំណាងផ្ទាល់របស់ខ្ញុំ (នោះ) រឿងនេះមិនតូចទេប្រសិនបើពេលនោះខ្ញុំស្លាប់ សៀមរាបនឹងក្លាយទៅជាវាលពិឃាត ថ្លុកឈាម នឹងកើតពេញក្រុងសៀមរាបតែម្តង សូម្បីតែខ្ញុំគ្មានគ្រោះថ្នាក់ ក៏មានមេទ័ពមួយចំនួនទាមទារវាយប្រហារតែម្តង រ៉ុក្កែតបួនគ្រាប់ ផ្ទុះមួយគ្រាប់នេះជាព្រឹត្តិការណ៍អាណោចអធម។

ប៉ុន្តែយើងនៅតែប្រជុំសភា បានបន្ទាប់ទៅយើង(បាន)ទៅស្បថនៅអង្គរវត្ត។ ក្រោយការប្រជុំសភាហើយ រាជរដ្ឋាភិបាលមិនទាន់ត្រូវបានបង្កើតទេពេលនោះ។ សមាជិកសភាដែលបានស្បថហើយគឺ មានអភ័យឯកសិទ្ធិ បន្ទាប់ពីការបោកគ្រាប់បែកចូលផ្ទះខ្ញុំនៅទីក្រុងភ្នំពេញ ដោយពួកបាតុកម្មមួយចំនួន ដែលធ្វើការបោះជំរុំនៅមុខរដ្ឋសភា។ ពេលនោះខ្ញុំចេញបទបញ្ជាហាមឃាត់មនុស្សទាំងអស់ មិនឱ្យចាកចេញពីទីក្រុងភ្នំពេញ ចេញទៅក្រៅប្រទេសឡើយ។

ឯកឧត្តម តុល ឡោះ ក្នុងពេលចរចានៅទីក្រុងសៀមរាប បាននិយាយជាមួយខ្ញុំថា សម្តេចការហាមឃាត់តំណាងរាស្រ្តមិនអោយចាកចេញពីប្រទេស វាខុសជាមួយអភ័យឯកសិទ្ធិ។ ខ្ញុំបានចង្អុលទៅ ឯកឧត្តមតុល ឡោះ ថា តើពួកឯកឧត្តម ទៅជាតំណាងរាស្រ្តហើយ ឬ នៅ? បើសភាមិនទាន់ប្រជុំ មិនទាន់បានស្បថ ឯកឧត្តមមិនទាន់មានអភ័យឯកសិទ្ធិទេ។ ប៉ុន្តែក្រោយការប្រជុំ រួចហើយគឺតំណាងរាស្រ្ត លាចាកចេញ ពីប្រទេស អញ្ចឹងភាពជាប់គាំងខាងនយោបាយ ត្រូវបានបន្ត»

រំលឹកអំពីព្រឹត្តិការណ៍ដដែលនោះវិញ ដើម្បីស្វែងតាមចាប់មនុស្សសង្ស័យជាប់ពាក់ព័ន្ធនឹងអំពើភេរវកម្មគប់គ្រាប់បែកនោះជនទាំងឡាយ ដែលជាប់ពាក់ព័ន្ធនឹងចលនាបាតុកម្មខុសច្បាប់ ពុំត្រូវបានគេអនុញ្ញាត ឱ្យចាកចេញពីប្រទេសឡើយ។ ប៉ុន្តែក្នុងពេលដែលអាជ្ញាធរកំពុង តែមានចំណាត់ការស្វែងរកក្រុមភេរវកម្មគប់គ្រាប់បែកនោះ ស្រាប់តែ សម រង្ស៊ី ដែលជាមេខ្លោងដឹកនាំចលនាបាតុកម្ម បានប្រញាប់រត់គេចខ្លួន ចូលទៅការិយាល័យតំណាងពិសេសអង្គការសហប្រជាជាតិប្រចាំកម្ពុជា ដែលពេលនោះការិយាល័យតំណាងអង្គការសហប្រជាជាតិនោះ មានទីតាំងស្ថិតក្នុងសណ្ឋាគារកាំបូឌីយ៉ាណា។

សម រង្ស៉ី បានស្វែងរកសិទ្ធិសុំកិច្ចការពារ និងគាំទ្រ។ ប៉ុន្តែអ្វីដែលគេងឿងឆ្ងល់នោះ គឺថាហេតុអ្វីបានជា សម រង្ស៊ី បានរអៀសខ្លួន និងព្យាយាមស្វែងរកការជួយពីមន្ត្រីបរទេស បើសិនជាមិនបានប្រព្រឹត្តអ្វីដែលផ្ទុយនឹងច្បាប់នោះទេ? តើអ្វីទាំងនេះដូចពាក្យចាស់ថា «ស៊ីលាស រអៀសខ្លួន» ដែរ ឬ ទេ?

*បាតុកម្មរវាងក្រុមគាំទ្រ និងក្រុមប្រឆាំង ប្រឈមមុខគ្នា

តំណាងពិសេសអង្គការសហប្រជាជាតិប្រចាំកម្ពុជា ក្នុងសម័យនោះគឺលោក ឡាក់ ខាន់ ម៉េរ៉ូ ដ្រា Lakhan Mehrotra។ វេលាយប់ថ្ងៃទី៧ ខែកញ្ញានោះ គេបានឃើញក្រុមបាតុករគាំទ្រ សម រង្ស៉ី បានប្រមូលផ្តុំគ្នា នៅមុខសណ្ឋាគារកាំបូឌីយ៉ាណា និងពួកគេបានប៉ះទង្គិចហិង្សាជាមួយនឹងសមត្ថកិច្ច ដោយបណ្តាលឱ្យមានការផ្ទុះអាវុធ និងមានមនុស្សម្នាក់បានស្លាប់នៅនឹងកន្លែងក្នុងហេតុការណ៍នោះ។

ដើម្បីបំបែកបាតុកម្មហិង្សាខុសច្បាប់សមត្ថកិច្ច បានបង្ក្រាបក្រុមបាតុករហិង្សាទាំងនោះចាប់ពីមុខទីតាំងរដ្ឋសភាចាស់ រហូតដល់ក្រសួងព័ត៌មាន។ ក្រុមបាតុករ ត្រូវគេឃើញបានប្រមែប្រមួលគ្នា នៅវិមានឯករាជ្យ ក្បែរស្ថានទូតចាស់របស់សហរដ្ឋអាមេរិក និងតាមកន្លែងមួយចំនួនទៀត។

នៅថ្ងៃទី១១ ខែកញ្ញា ស្រាប់តែគេបានឃើញការលេចចេញក្រុមបាតុករផ្សេងមួយក្រុម ដែលគាំទ្រគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត ដោយពួកគេបាននាំគ្នាធ្វើដំណើរមកពីតាមបណ្តាខេត្តនានា ប្រមូលផ្តុំគ្នា និងធ្វើបាតុកម្មគាំទ្រលទ្ធផលការបោះឆ្នោត។

ក្រុមបាតុករគាំទ្រ និងក្រុមបាតុករប្រឆាំង បានប៉ះទង្គិចគ្នាដំបូងជាពាក្យសម្តី និងក្រោយមកបានឈានដល់ការប្រើអំពើហិង្សា ប៉ុន្តែមិនធ្ងន់ធ្ងរឡើយ។ ការប្រឈមមុខគ្នា ដោយក្រុមបាតុករទាំង២ មានរយៈពេលបីថ្ងៃ គឺបន្តដល់ថ្ងៃទី១២ និង១៣កញ្ញា ទើបបានបញ្ចប់នោះគឺបន្ទាប់ពីសម្តេច ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើសេចក្តីអំពាវនាវឱ្យបញ្ចប់បាតុកម្ម នៅក្នុងរាជធានី និងស្នើឱ្យមានកិច្ចប្រជុំកំពូលមួយរវាងគណបក្សនយោបាយធំទាំងបី។

*គណបក្ស ហ៊្វុន ស៊ិនប៉ិច និងគណបក្ស សម រង្ស៊ី យល់ព្រមទទួលលទ្ធផលបោះឆ្នោត

ព្រះករុណា ព្រះមហាក្សត្រ បានមានព្រះរាជបន្ទូល អំពាវនាវដល់គណបក្ស ហ្វ៊ុន ស៊ិនប៉ិច និងគណបក្ស សម រង្ស៉ី ត្រូវមកចូលរួមកិច្ចប្រជុំរដ្ឋសភាលើកទីមួយ នីតិកាលទី២ នៅខេត្តសៀមរាប ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨ ដើម្បីទទួលយកអភ័យឯកសិទ្ធិសភា។ គណបក្ស ហ្វ៊ុន ស៊ិនប៉ិច និងគណបក្ស សម រង្ស៊ី ដែលពេលនោះមិនអាចប្រើល្បិចកលផ្តួលរំលំគណបក្សឈ្នះឆ្នោត បានតាមចលនាបដិវត្តន៍ពណ៌នោះ បានព្រមព្រៀងទទួលយកលទ្ធផលនៃការបោះឆ្នោត។ ពួកគេបានយល់ព្រមនឹងចូលរួមកិច្ចប្រជុំរដ្ឋសភាលើកទីមួយ នីតិកាលទី២ នាថ្ងៃទី២៤ ខែកញ្ញា នៅក្នុងខេត្តសៀមរាប។ នៅថ្ងៃទី១៥កញ្ញា, បាតុកម្ម ប្រឆាំងនឹងការបោះឆ្នោតត្រូវបានបញ្ចប់ ក្រោយពីមេចលនាបាតុកម្មរបស់ពួកគេបានស្នើឱ្យឈប់បន្តសកម្មភាព។

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅថ្ងៃទី១៦ ខែកញ្ញា បានអំពាវនាវឱ្យអ្នកគាំទ្រផ្អាកបាតុកម្មផងដែរ និងព្រះអង្គបានយាងចូលគាល់ព្រះមហាក្សត្រ នៅព្រះរាជដំណាក់ខេត្តសៀមរាប។ ព្រះប្រធានគណបក្ស ហ៊្វុន ស៊ុនប៉ិច រូបនេះបានយល់ព្រមចូលរួមប្រជុំសភានិងកិច្ចប្រជុំកំពូល ប៉ុន្តែនៅតែរក្សាការទាមទាររបស់ព្រះអង្គជាដដែល។

នៅថ្ងៃព្រហស្បតិ៍ទី១៧ ខែកញ្ញា សម រង្ស៉ី បានចូលក្រាបបង្គំគាល់ព្រះមហាក្សត្រនៅព្រះរាជដំណាក់ខេត្តសៀមរាប និងបានបញ្ជាក់ការយល់ព្រមចូលរួមប្រជុំសភា និងកិច្ចប្រជុំកំពូលក្រោម ព្រះរាជាធិបតីរបស់អង្គព្រះមហាក្សត្រខ្មែរ សម្តេចព្រះ នរោត្តម សីហនុ។ ប៉ុន្តែគ្មានអ្នកណាដឹងថា តើល្បិចកលជាបន្ត ក្នុងបំណងចង់ផ្តួលរំលំគណបក្សប្រជាជនកម្ពុជាដែលឈ្នះឆ្នោតនោះនឹងមានអ្វីទៀតទេ ក្រោយការបរាជ័យមួយដែលមិនអាចប្រើកម្លាំងបាតុកម្មរបស់ខ្លួនធ្វើការ ផ្លាស់ប្តូរស្ថានការណ៍នាពេលនោះបានឡើយ។

*អំពើប៉ុនប៉ងធ្វើឃាតលើរូបសម្តេច ហ៊ុន សែន កើតឡើងក្នុងខេត្តសៀមរាប

បញ្ហាកកស្ទះ នៅក្នុងការរៀបចំរាជរដ្ឋាភិបាលថ្មីអាណ្ណត្តិទី២ បានអូសបន្លាយជិត ៤ខែ។ អតីតព្រះមហាក្សត្រខ្មែរ ត្រូវគេរាយការណ៍ថា ព្រះអង្គបានរិះរកវិធីសាស្ត្រសម្របសម្រួល ដើម្បីឱ្យស្ថានភាពនយោបាយ វិលត្រឡប់មករកភាពល្អប្រសើរវិញ។ បន្ទាប់ពីមានអំពើគប់គ្រាប់បែកចូលក្នុងបរិវេណភូមិគ្រឹះរបស់សម្តេច ហ៊ុន សែន នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ១៩៩៨រួចមក ការប៉ុនប៉ងធ្វើឃាតសាជាថ្មីមួយទៀត បានកើតឡើងនៅថ្ងៃទី២៤ ខែកញ្ញា គឺ ១៧ថ្ងៃបន្ទាប់ពីថ្ងៃគប់គ្រាប់បែកនោះមក។

ថ្ងៃទី២៤ ខែសីហា គឺជាថ្ងៃដែលគណបក្សធំទាំងបីឈ្នះឆ្នោត ក្នុងអាសនៈរដ្ឋសភាអាណ្ណត្តិទី២ បានឯកភាពយកថ្ងៃនោះជាថ្ងៃជួបប្រជុំគ្នាដំបូង ដើម្បីបញ្ចប់វិបត្តិនៃភាពតានតឹងទាំងឡាយ។ ប៉ុន្តែគេមិននឹកស្មានថានៅថ្ងៃនោះ មានការរៀបចំអំពើប៉ុនប៉ងធ្វើឃាតមួយទៀតបានកើត ឡើងក្នុងបំណងឆក់យកជីវិតសម្តេចប្រមុខរាជរដ្ឋាភិបាលនាពេលនោះឡើយ។

ខណៈគណបក្សនយោបាយតវ៉ាជំទាស់ បានធ្វើដំណើរដល់ខេត្តសៀមរាប តាំងពីថ្ងៃទី១៧ ខែកញ្ញា គឺ៧ថ្ងៃ មុនថ្ងៃកំណត់កិច្ចប្រជុំលើកដំបូងរបស់រដ្ឋសភានោះ គណៈប្រតិភូគណបក្សប្រជាជនកម្ពុជា បានធ្វើដំណើរទៅដល់ខេត្តសៀមរាប នៅថ្ងៃទី២៣ ខែកញ្ញា នាវេលាថ្ងៃត្រង់ ។ យោងតាមកម្មវិធី នៅថ្ងៃទី២៤ ខែកញ្ញានោះ បន្ទាប់ពីមានការចូលក្រាបបង្គំគាល់ព្រះមហាក្សត្រខ្មែរ នៅព្រះរាជដំណាក់កុសុមៈ និងកិច្ចប្រជុំដំបូងរបស់រដ្ឋសភារួចមកនឹងមានពិធីស្បថចូលកាន់តំណែងរបស់អ្នកតំណាងរាស្ត្រទាំងអស់នៅប្រាសាទអង្គរវត្តថែមទៀត។

សម្តេច ហ៊ុន សែន និងគណៈប្រតិភូគណបក្សប្រជាជនកម្ពុជា បានទៅស្នាក់នៅសណ្ឋាគារ គោកធ្លក ដែលជាសណ្ឋាគាររបស់លោក សៀង ណាំ ខណៈគណបក្សនយោបាយ២ដទៃទៀត បានទៅដល់ក្រុងសៀមរាប មុននិងពូកគេបានទៅស្នាក់នៅសណ្ឋាគារ ស្ថិតនៅក្បែរនោះចម្ងាយប្រមាណពី២០០ទៅ៣០០ម៉ែត្រ ភាគខាងលិចសណ្ឋាគារ គោកធ្លក។

យោងតាមសៀវភៅ «ឃាតកម្មក្រោយខ្នង សម្តេចតេជោ ហ៊ុន សែន» ចងក្រង និងរៀបចំដោយឯកឧត្តម មាស សុខុន បានសរសេរថាក្នុងដំណាក់កាលអន្តរកាលនៃការតស៊ូ ដើម្បីស្វែងរកសន្តិភាពសម្រាប់ប្រទេសកម្ពុជាក្នុងពេលនោះ សម្តេច ហ៊ុន សែន បានប្រឈមនឹងឧបសគ្គនានាជាច្រើន ទាំងឧបសគ្គផ្ទៃខាងក្នុង និងផ្ទៃខាងក្រៅ។

*តើឯកឧត្តម មាស សុខុន ជាអ្នកណា?

ឯកឧត្តមឧត្តមសេនីយ៍ឯក មាស សុខុន គឺជាអង្គរក្សផ្ទាល់ជាប់នឹងសម្តេចតេជោ និងជាអ្នកនៅជិតដិតជាមួយនឹងសម្តេច ស្ទើរគ្រប់ពេលវេលានៃការបំពេញកិច្ចការបំរើប្រទេសជាតិ ជាអង្គរក្សដ៏ស្មោះត្រង់ និងជាអ្នកបើករថយន្តដោយផ្ទាល់ជូនសម្តេច ហ៊ុន សែន ថែមទៀត។

ឯកឧត្តមបានរៀបរាប់នូវប្រវត្តិត្រួសៗប្រាប់ Fresh Exclusive ដែលតាំងពីក្រោយថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ ដែលលោកបានចូលរួមរស់ជាមួយបក្ស និងរដ្ឋ ក្នុងឋានៈជាកងទ័ពការពារទឹកដី ឥស្សរភាពជូនជាតិ និងប្រជាជន និងបានក្លាយជាអង្គរក្សផ្ទាល់ និងបើករថយន្តជូនសម្តេចតេជោ ហ៊ុន សែន៖

«ក្រោយថ្ងៃរំដោះមក ខ្ញុំចូលកងទ័ពចាប់ពីថ្ងៃទី៣០ ខែមករា (១៩៧៩)។ ដល់តែពេលអញ្ចឹងខ្ញុំចូលធ្វើការបម្រីការអោយក្រសួងការបរទេស។ ពេលនោះ គេត្រូវការជ្រើសរើសយុវជនឆ្នើម។ អញ្ចឹងនាជំនាន់នោះ គឺត្រូវតែមនុស្សដែលមានលក្ខន្តិកៈជាស្នូល ឬ ជាសម្ព័ន្ធ ទើបអាចចូលទៅជិតថ្នាក់ដឹកនាំបាន។ អញ្ចឹងពេលនោះ ក៏គេជ្រើសរើសខ្ញុំទៅបម្រើ(សម្តេច) ដែលខ្ញុំគ្មានសាច់ញាតិអ្វីជាមួយនឹងសម្តេចទេ គឺថាបក្សចាត់តាំងនាជំនាន់រដ្ឋកម្ពុជា។

គឺបក្សចាត់តាំងរើសគោលជំហរ ដើម្បីទៅបម្រើថ្នាក់ដឹកនាំដោយស្មោះត្រង់ តាមខ្ញុំចាំគឺថា សម្តេចតេជោគឺលោក ម៉ឺងម៉ាត់នឹងការងារ ស្មោះត្រង់នឹងប្រជាជន។ ខ្ញុំតែងធ្វើដំណើរទៅតាមលោកគ្រប់ទីកន្លែង គឺថាទីណាដែលមានសម្តេចតេជោទៅដល់ គឺទីនោះគឺមានមុខខ្ញុំ ដោយសារខ្ញុំជាអ្នកបើកឡាន។ បើសម្តេចតេជោមិនជិះឡាន តើមានអ្វីត្រូវជិះ? គឺខ្ញុំនៅអមដំណើររហូតទាំងយប់ទាំងថ្ងៃ។ អញ្ចឹងសកម្មភាពអី ក៏ខ្ញុំអាចដឹងបានថាតើតាំងពីដើមទីមក គឺការងារសម្តេចតេជោ គាត់ធ្វើអត់មានពេលវេលា ហើយខ្ញុំ បើខ្ញុំគិតថា ខ្ញុំចង់សរសេរប្រវត្តិតាំងពីថ្ងៃណា សម្តេចតេជោធ្វើអីម៉ោងណា…សម្តេចចូលធ្វើអីតាំងពីពេលនោះមក គឺខ្ញុំទុកទាំងអស់នូវឯកសារកម្មវិធី»

ឯកឧត្តម មាស សុខុន បានថ្លែងថា៖ «សម្តេចតេជោ ជាអ្នកដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់ ម៉ឺងម៉ាត់ ច្បាស់លាស់ ប្រកបដោយព្រហ្មវិហារធម៌យ៉ាងត្រជាក់ត្រជុំ លោកបានជួយជាតិ ជួយប្រជាជន ជាមួយនឹងការគិតសុខទុក្ខដល់ពលរដ្ឋគ្រប់ពេលវេលា មិនថាពេលយប់ ឬ ពេលថ្ងៃឡើយ»

ឯកឧត្តម មាស សុខុន ដែលបានប្តេជ្ញាបូជាជីវិត ដើម្បីការការពារថ្នាក់ដឹកនាំជាតិ បានថ្លែងកត់សម្គាល់ថា៖ «សម្តេច ទទួលទានដំណេក បានតិចតួចណាស់ ព្រោះតែបន្ទុកការងារប្រទេសជាតិ ដែលមានច្រើនជាអនេក រង់ចាំលោកដោះស្រាយ និងបំពេញជូន ពិសេសគឺប្រជាជនកម្ពុជា ទាំងស្រី ប្រុស ចាស់ ក្មេង ដែលត្រូវការសម្តេចតេជោ ជាប្រមុខដឹកនាំរួមសុខ រួមទុក្ខ ជាមួយនឹងប្រជាជាតិគ្រប់ពេលវេលា នៅបន្តដឹកនាំមាតុប្រទេសជាបន្តទៅទៀត»

ឯកឧត្តម មាស សុខុន បានថ្លែងបង្ហាញនូវមោទកភាព និងចាត់ទុកថា ជាកិត្តិយសដ៏ធំធេង របស់លោកជាខ្លាំងណាស់ ដែលបានបំរើសម្តេចតេជោ ជាមហាវីរបុរសបំបាត់សង្គ្រាមស៊ីវិល ធ្វើឱ្យកម្ពុជាមានសុខសន្តិភាពពិតប្រាកដ និងធ្វើឱ្យទឹកដីរបស់ខ្មែរ មានការឯកភាពទាំងស្រុង ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង ៥០០ឆ្នាំកន្លងមកនេះ។

ឯកឧត្តម មាស សុខុន គឺជាសាក្សីដោយផ្ទាល់ម្នាក់ ក្នុងហេតុការណ៍ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨ ដែលពេលនោះ លោកថែមទាំងបានអារកាត់ រៀបចំកិច្ចការមួយចំនួនថែមទៀតនៅពេលបានសង្ស័យថា មានមនុស្សតាមដានមើលរាល់សកម្មភាពប្រព្រឹត្តរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ក្នុងពេលបានអញ្ជើញមកដល់ក្រុងសៀមរាប ក្នុងអតីតកាលនោះ។

លោកនៅបានរៀបរាប់ប្រាប់ Fresh Exclusive នូវហេតុការណ៍នានា ទាំងឡាយមួយចំនួនថែមទៀត ក្នុងនោះរួមមានទាំងហេតុការណ៍នៃជំនឿអភិនិហារ ដែលគេជឿថាដោយសារតែការជួយតាមថែរក្សាសម្តេចតេជោ ហ៊ុន សែន ដែលមានឆន្ទៈដ៏មុតមាំនៃការចង់រំលត់ភ្លើងសង្គ្រាមស៊ីវិល ឱ្យអស់ទាំងស្រុងនៅក្នុងប្រទេសកម្ពុជា។

*អព្ភូតហេតុ មុនថ្ងៃ២៤ ខែកញ្ញា

ម្ចាស់សៀវភៅ «ឃាតកម្មក្រោយខ្នង សម្តេចតេជោ ហ៊ុន សែន» បានសរសេរថា នាយប់ថ្ងៃចន្ទ ទី២១ខែកញ្ញា ឆ្នាំ១៩៩៨, សម្តេច ហ៊ុន សែន បានសុបិនឃើញទេវតា ប្រែកាឡាជាម្តាយ របស់សម្តេច គឺលោកយាយមហាឧបាសិកា ឌី ប៉ុក ដែលប្រាប់សម្តេចថា៖ «បើសម្តេចទៅដល់ខេត្តសៀមរាប ចូរទៅអុជធូបបន់ស្រន់សុំសេចក្តីសុខ ពីបារមីព្រះអង្គខ្មៅកុំបីខានឡើយ»

សៀវភៅ «ឃាតកម្មក្រោយខ្នង សម្តេចតេជោ ហ៊ុន សែន» បានសរសេរបញ្ជាក់បន្តទៀតថា នៅពេលភ្ញាក់ពីដំណេក សម្តេចមានអារម្មណ៍ថា នេះគឺជាទេវតាដែលនៅតាមថែរក្សាការពារពិសេសគឺ បារមីអង្គរទឹកដីនៃព្រះនគរ ដែលតាមឃុំគ្រងរូបលោកគ្រប់ពេលវេលាដើម្បីរក្សាការពារប្រទេសទទួលបានសុខសន្តិភាព។

ក្រោយសុបិននោះមក សម្តេចពុំបានដឹង និងស្គាល់ថា តើវត្តព្រះអង្គខ្មៅនោះ ស្ថិតនៅកន្លែងណាមួយ ក្នុងខេត្តសៀមរាបឡើយ។ សម្តេចបានទូរស័ព្ទសួរខេត្តសៀមរាប ដើម្បីរកវត្តព្រះអង្គខ្មៅនេះ។ មន្ត្រីអាជ្ញាធរជាតិអប្សរា បានផ្តល់ព័ត៌មានថា ព្រះអង្គខ្មៅ ស្ថិតនៅក្នុងវត្តព្រះអង្គកងជុំ ជិតប្រាសាទអង្គរធំ។ យោងតាមក្រុមអភិរក្សអង្គរ ក្នុងសង្គ្រាមសាសនាក្រោយសម័យអង្គរ រវាងព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា, ខាងព្រាហ្មបានដុតវត្តឆេះរោលរាល និងឆេះព្រះពុទ្ធបដិមាឡើងខ្មៅដូចនិល ទើបគេដាក់ឈ្មោះថា វត្តព្រះអង្គខ្មៅ តាំងពីពេលនោះរហូតមក។

សម្តេច ហ៊ុន សែន និងក្រុមការងារគណបក្សប្រជាជនកម្ពុជា នាវេលារសៀលថ្ងៃទី២៣ ខែកញ្ញា បានធ្វើដំណើរទៅកាន់វត្តព្រះអង្គខ្មៅ ដោយពុំបានគ្រោងទុកជាមុន និងបានធ្វើពិធីបន់ស្រន់សុំសេចក្តីសុខនៅក្នុងវត្តនោះ ជាមួយនឹងការផ្សងចាក់គម្ពីរផងដែរ។ សម្តេច នៅមុនការចាក់គម្ពីរបានបួងសួងនៅក្នុងចិត្ត សូមបារមីវត្តព្រះអង្គខ្មៅ មេត្តាជួយបង្ហាញផ្លូវនៅថ្ងៃ ស្អែកទី២៤ ខែកញ្ញា ថាតើនឹងមានរឿងអ្វីកើតឡើង និងតើជោគវាសនាប្រទេសជាតិនឹងក្លាយទៅជាយ៉ាងណា?

បន្ទាប់ពីផ្សង និងលើកគម្ពីដាក់លើក្បាលរួចចាក់គម្ពីរដោយចង្កឹះឈើចងខ្សែជាប់នឹងគម្ពីរ នោះរួចមក សម្តេចបានហុចគម្ពីរ ដែលចាក់ចំចំណុចខ្លឹមសារនោះ ដើម្បីឱ្យចាស់ព្រឹទ្ធាចារ្យនៅក្បែរនោះសម្រាយរឿងពាក់ព័ន្ធនឹងជោគវាសនាជាតិ និងវាសនាអ្នកចាក់គម្ពីរ។

លោកតាអាចារ្យ បានបើកគម្ពីរ រួចអានក្នុងចំណុចចាក់នោះថា «ព្រះពោធិសត្វ ប្រសូតនៅក្នុងរាជវង្ស តែព្រះអង្គមិនមានបន្ទូលអ្វីទាំងអស់ដូចជាធ្វើគរ ថ្លង់ រហូតដល់ព្រះបិតាទ្រាំលែងបាន ក៏បញ្ជាឱ្យពេជ្ជឃាត យកទៅសម្លាប់ចោល ប៉ុន្តែមិនសុគត បែរជាឡើងសោយរាជ្យសម្បត្តិ ជាស្តេចផែនដី»។ លោកតាអាចារ្យបានបកស្រាយថា «បើតាមទំនាយនេះ ទាយថាល្អណាស់ គឺមានការលំបាកមុនបន្តិច តែនឹងល្អ ពេលបន្ទាប់មក»

ចំពោះសម្តេចតេជោ ក្រោយបានទទួលចម្លើយបកស្រាយនោះរួចចំណុចដែលសម្តេចមានក្តី ព្រួយបារម្ភនោះ គឺថាតើនឹងមានរឿងអ្វីកើតឡើងនៅព្រឹកស្អែក? ហើយបើសិនមានរឿងហេតុ អាចកើតឡើងមែន តើមានប៉ះពាល់ដល់អាយុជីវិតនិងសុវត្ថិភាព ឬ យ៉ាងណា?

បន្ទាប់ពីការចាក់ផ្សងគម្ពីររួច ដើម្បីរំឭកគុណដល់បារមីវត្ថុសក្តិសិទ្ធ នៅក្នុងវត្តព្រះអង្គខ្មៅនោះ សម្តេចបានចាត់ចែង ឱ្យអ្នកប្រគំភ្លេងពិណពាទ្យដែលមានស្រាប់នៅទីនោះ ប្រគំភ្លេងថ្វាយបារមីចំនួន ៧បទដើម្បីសុំសេចក្តីសុខត្រជាក់ត្រជុំ ចៀសផុតអស់អពមង្គលទាំងឡាយ ដែលបម្រុងកើត និងសុំសេចក្តីសុខចម្រើន ជូនដល់ព្រះរាជាណាចក្រកម្ពុជា កុំឱ្យមានសឹកសង្គ្រាម ឬ កើតកលយុគធំតូចទាំងឡាយ។

ឯកឧត្តម មាស សុខុន ដែលធ្វើដំណើរតាមជាប់ជាមួយនឹងសម្តេច បានថ្លែងថាខណៈមាន ពិធីបួងសួងថ្វាយភ្លេងពិណពាទ្យនោះ ក៏ស្រាប់តែមានអព្ហូតហេតុចម្លែកកើតឡើង៖

«បរិយាកាស គឺវាធម្មតាដែល(សម្តេចបាន)ទស្សនាមួយចប់នៅប្រាសាទអង្គរហើយ ហើយក៏មកដល់កន្លែងហ្នឹង។ សម្តេចឱ្យឈប់កន្លែងនោះ ហើយថានឹងចូលវត្តមួយភ្លែតសិន។ ពេលចូលទៅ គឺនៅធម្មតា សកម្មភាពអ្វីគឺធម្មតា សម្តេចលោកក៏មិនបានដឹងព្រោះយើងមិនបានធ្វើកម្មវិធីអ្វីនោះទេ…អត់មានប្រាប់ខាងវត្តថា សម្តេចនឹងចូលវត្តនោះទេ អញ្ចឹងនៅពេលដែលចូលទៅដល់ក៏សំណេះសំណាលជាមួយលោក លោកក៏មកទទួល…អាចារ្យ គណៈកម្មការវត្តក៏រត់មកទួល…បន្ទាប់ពីសំណេះសំណាលរួច លោកសង្ឃ និងតាអាចារ្យ ក៏បានហុចសៀវភៅគម្ពីរ ដើម្បីឲ្យសម្តេចចាក់ផ្សង។

លោកបានចាក់រួច ក៏ឃើញថា គឺលោកនឹងមានគ្រោះថ្នាក់ធំខ្មៅងងឹត ប៉ុន្តែនៅក្នុងគ្រោះថ្នាក់នោះ គឺមានព្រះអង្គជួយ…មានបារមីជួយ និងអត់អីនោះទេ អញ្ចឹងនៅពេលនោះហើយ សម្តេចក៏បានសូមឱ្យលេងភ្លេង សុំសេចក្តីសុខ៧បទ។ គ្រាន់តែចាប់ផ្តើមលេងភ្លេង គឺខ្យល់ព្យុះមក…ពពកប្រែទៅជាខ្មៅ មីដេរដាស់ លើចំនៅកន្លែងហ្នឹងតែម្តង រួចក៏ចាប់ផ្តើមធ្លាក់ភ្លៀងតែម្តង។ បន្ទាប់ពីលេងថ្វាយភ្លេង ៧បទចប់ ក៏ថ្វាយបង្គំលា ព្រះអង្គត្រឡប់មកអូតែលវិញ»

ហេតុការណ៍ប្រែប្រួលរបស់អាកាសធាតុនាពេលនោះ មិនមែនជារឿងចៃដន្យនោះទេ ដោយសារតែនារសៀលថ្ងៃទី២៣ ខែកញ្ញានោះ មេឃដែលពេលនោះស្រឡះសោះស្រាប់តែប្រែប្រួល ដោយមានពពកមីរដេរដាស ហើយភ្លៀងក៏បង្អុរចុះមក ដូចគេចាប់ហែកមេឃ។ លោកមាស សុខុន បានគិតថា នេះគឺជាអភិនិហារនៃបារមីទឹកដីអង្គរ មកឃុំគ្រងដល់សម្តេច និងជួយបញ្ចៀសគ្រោះកាចដល់រូបសម្តេច ក៏ដូចជាប្រទេសកម្ពុជា កុំឱ្យមានគ្រោះអាសន្ន។

ម៉ោងប្រមាណជាបួនរសៀល ដែលមេឃកំពុងមានភ្លៀងធ្លាក់នោះសម្តេច ហ៊ុន សែន និង ក្រុមការងារ បានត្រឡប់មកដល់កន្លែងស្នាក់នៅឯកន្លែងសណ្ឋាគារគោកធ្លកវិញ ដោយធ្វើដំណើរកាត់តាមដងផ្លូវ ដែលមានមានព្រៃដុះក្រាសទ្រុបទ្រុលទាំងសងខាង។

នៅយប់ថ្ងៃនោះ ភ្លៀងបានធ្លាក់ពេញមួយយប់ ដែលគេមិននឹកស្មានដល់ឡើយ ពីព្រោះប្រមាណ៣ថ្ងៃមុននេះ មិនមានការធ្លាក់ភ្លើងឡើយ ប៉ុន្តែចម្លែកតែនៅថ្ងៃទី២៣ កញ្ញា ភ្លៀងបានធ្លាក់ខ្លាំង ចាប់ពីក្បាលល្ងាចជាមួយនឹងស្នូរផ្គរ និងរន្ទះលាយឡំគ្នា។

នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨ សន្តិសុខនៅទីរួមខេត្តសៀមរាប សន្តិសុខ ត្រូវបានរឹតបន្តឹងស្ទើរគ្រប់ច្រកល្ហក ជាពិសេសនៅម្តុំសណ្ឋាគារគោកធ្លក នៅព្រះរាជដំណាក់កុសមៈ និងនៅតំបន់ប្រាសាទអង្គវត្ត ដោយសារថ្ងៃនោះ គឺជាថ្ងៃដែលនាយករដ្ឋមន្ត្រី និងអ្នកតំណាងរាស្ត្រ មកស្បថចូលកាន់តំណែងនៅក្នុងបរិវេណប្រាសាទអង្គរវត្ត។

*ខេត្តសៀមរាប នាអតីតកាល មិនទាន់មានសន្តិភាពដូចបច្ចុប្បន្នឡើយ

ខេត្តសៀមរាបកាលពី២៦ឆ្នាំមុននោះ មិនមានស្ថានភាពសន្តិសុខល្អដូចបច្ចុប្បន្ននេះឡើយ។ សកម្មភាពរបស់ក្រុមឧទ្ទាមខ្មែរក្រហម ត្រូវគេរាយការណ៍បានកើតឡើង ពេលខ្លះនៅមិនឆ្ងាយពីក្រុងអង្គរប៉ុន្មានឡើយ។ មនុស្សមួយចំនួនមិននឹកស្មានថា នឹងមានការរៀបចំពិធីស្បថចូលកាន់តំណែង ក្នុងក្រុងអង្គរប្រព្រឹត្តទៅក្នុងគោលបំណងអ្វីឡើយ ខណៈស្ថានភាពសន្តិសុខ នៅក្នុងខេត្តសៀមរាបទាំងមូល នៅមិនទាន់មានលក្ខណៈល្អពេញលេញ និងការធ្វើពិធីនៅ ក្នុងខេត្តដែលមិនទាន់មានការធានាសន្តិសុខច្បាស់លាស់នោះ ហាក់ដូចជាយកជីវិតនាយករដ្ឋមន្ត្រី និងតំណាងរាស្ត្រមកលេងសើច ពីព្រោះក្តីបារម្ភខ្លាចក្រែងពួកបាក់ទ័ពប៉ុលពតនឹងអាចឆ្លៀតឱកាស ចូលលួចវាយឆ្មក់។

ប៉ុន្តែដើម្បីបញ្ចប់នូវភាពទ័លច្រកនយោបាយ, គណបក្សប្រជាជនកម្ពុជាដែលឈ្នះឆ្នោត គ្មានជំរើសអ្វីឡើយ ក្រៅតែពីមានវត្តមាននៅក្នុងពិធីដែលកំណត់ការរៀបចំឱ្យធ្វើនៅទីនោះ។

សណ្ឋាគារ គោកធ្លក ដែលគណៈប្រតិភូគណបក្សប្រជាជនកម្ពុជា បានស្នាក់នៅនាពេលនោះ គឺជាសណ្ឋាគារមួយ ដែលស្ថិតមិនឆ្ងាយពីសណ្ឋាគារនានា ដែលមានគណៈប្រតិភូរបស់គណបក្ស ហ៊្វុន ស៊ិនប៉ិច និងគណបក្ស សម រង្ស៊ី បានមកស្នាក់នៅក្បែរៗគ្នាផងដែរ។ សណ្ឋាគារដែលក្រុមគណបក្សនយោបាយចាញ់ឆ្នោត មានចម្ងាយពីគ្នាប្រមាណតែ២០០ ទៅ៣០០ម៉ែត្រភាគខាងលិចសណ្ឋាគារគោកធ្លក តែប៉ុណ្ណោះ ដែលការធ្វើដំណើរចុះឡើងរបស់គណៈប្រតិភូរបស់គណបក្សប្រជាជនកម្ពុជាពិតជានឹងមិនអាចលាក់កំបាំងពីក្រុមគណបក្សដទៃឡើយ។

ឯកឧត្តម មាស សុខុន បានថ្លែងថាដោយសារតែការចាក់គម្ពីរផ្សងបាននិយាយអំពីប្រផ្នូលមិនសូវល្អនោះហើយ លោកកើតមានក្តីបារម្ភនៅក្នុងខ្លួន និងគិតថាត្រូវធ្វើអ្វីដើម្បីអាចជាប្រយោជន៍ក្នុងកិច្ចការពារសម្តេច ដោយសារតែលោកជាអង្គរក្សដោយផ្ទាល់ និងស្ថិតនៅក្បែរសម្តេចគ្រប់ពេលវេលាថែមទៀតនោះ៖

«ប៉ុន្តែនៅក្នុងយប់នោះ រូបខ្ញុំក៏ដេកមិនលក់ ខ្ញុំកើតអារម្មណ៍នឹកគិតពីព្រោះថាសម័យនោះ គឺបក្ស៣ ដោយបក្ស១ គឺមានកងទ័ពរបស់ខ្លួនដោយឡែក គឺមិនមានកងទ័ពរបស់រាជរដ្ឋាភិបាលនោះទេ គឺត្រូវការពាររៀងៗខ្លួន។ អញ្ជឹងគឺភ្ជុងគ្នារៀងៗខ្លួន ប្រផ្នូលដែលកើតមាននោះ គឺធ្វើឱ្យខ្ញុំមានអារម្មណ៍មួយយប់ទល់ភ្លឺ អញ្ចឹងផែនការដែលរៀបចំពីភ្នំពេញទៅគឺខ្ញុំដូរទាំងអស់ ដូចជាឡានជាដើម គឺខ្ញុំដូរទាំងអស់ ហើយខ្ញុំបានខ្ចីឡានអ្នកផ្សេងយកដាក់មកដាក់ជូនគាត់ជិះ សម្តេចក៍មិនដឹង អ្នកណាក៍មិនដឹងដែរ គឺខ្ញុំរៀបចំម្នាក់ឯង ខ្ញុំធ្វើម្នាក់ឯង ទោះបីជិតដល់ម៉ោងសម្តេចចេញហើយ។

ខ្ញុំក៍ទុកឡាននៅកន្លែងណាផ្សេង ដែលអត់មានអ្នកណាដឹង ដែលមានតម្រៀបជាជួរ បើទោះបីជាមានគេសួរថាម៉េចក៏មិនយកឡាន ឡើងមកដល់កន្លែងសម្តេច? ត្រូវជិះហើយទុកនៅឯណាឡាន ហើយខ្ញុំក៏មិនទៅណាទេ…បើសម្តេចក្រោកពីកៅអី ខ្ញុំនឹងចេញរត់ទៅយកឡានភ្លាម ព្រោះជាធម្មតាដែលសម្តេចលោក ស្រស់ស្រូបអារហាររួច គាត់ត្រូវមកសំណេះសំណាលទម្រាំនឹងដល់ម៉ោងចេញដំណើរ។ ហើយរយៈពេលដែលចេញដំណើរនោះ គឺថាខ្ញុំអាចស្មានថា តែ១០នាទីទេ គឺទៅដល់វាំង ពីព្រោះចម្ងាយ ២គីឡូម៉ែត្រ។ អញ្ចឹងខ្ញុំធ្វើដំណើរតែ១០នាទីទេ អញ្ចឹងគឺម៉ោង៨៖៥០នាទី គឺក្បួនចេញ អញ្ចឹងគឺម៉ោង ៨៖៥៥ គឺមកដល់ពាក់កណ្តាលផ្លូវ គឺបានផ្ទុះនៅគុម្ពផ្កាក្រដាសនៅខាងស្តាំដៃ ដែលនៅចម្ងាយហែលជា ៥ម៉ែត្រ។

ដោយល្បឿនឡានយើងតែក្នុង២០គីឡូម៉ែតក្នុង១ម៉ោងនោះទេ អញ្ជឹងគឺល្បឿនយឺត ចំណែកលោក (សម្តេច) នៅឱនជូតវ៉ែនតា ដោយត្រជាក់ពេកឡើងស្រអាប់។ ស្រាប់ពេលនោះបានឮសូរសម្លេងផ្ទុះ…លោកក៏បានសួរមកខ្ញុំថា ផ្ទុះអី ខុន ? ខ្ញុំក៏បានឆ្លើយថាប្រហែលជាផ្ទុះធុងហ្គាស់សប់កង់ប៉ះកង់ហើយ! បន្ទាប់មកក៏មានគ្រាប់កាំភ្លើង (បេសែសិប) ហោះមកកាត់ខាងមុខឡាន ខ្ញុំក៏ក្រឡេកភ្នែកទៅមើលទៅខាងស្តាំ ក៏ឃើញក្មេងៗកំពុងទទួលទានបបរ និងប្រឡែងគ្នា…ហើយបានឃើញបុរសម្នាក់ជិះកង់បែរទៅទិសខាងត្បូងជួរដែលមានយាយៗដែលកំពុងលក់នំបញ្ចុក… រួចខ្ញុំបានដាក់ការសង្ស័យថា អ្នកហ្នឹងហើយដែលជាអ្នកបញ្ជា ប៉ុន្តែក្រោយពេលដែលសមត្ថកិច្ចស្រាវជ្រាវរកទៅ គឺពិតជាឈ្មោះម្នាក់ហ្នឹងមែន។

អញ្ចឹងគេរកឃើញថា ជនម្នាក់នោះឈ្មោះ សុខ យឿង។ ក្រោយដែលរកឃើញនោះ គឺជននោះបានឆ្លងដែនបាត់ទៅហើយ។ យើងបានដឹងទៀតថា ជននោះរត់ភៀសខ្លួនទៅនៅថៃបាត់ទៅហើយ។ នៅពេលដែលដឹងថាយើងមានសម្ព័ន្ធភាពគ្នាជាមួយនឹងថៃ គេក៏បានដឹងខ្លួន និងបានបញ្ជូនជននោះ ទៅប្រទេសហ្វាំងឡង់វិញ»

បុគ្គលឈ្មោះសុខ យឿង រស់នៅក្នុងខេត្តសៀមរាប ត្រូវគេស្គាល់ថាគឺជាសកម្មជនរបស់គណបក្ស សម រង្ស៊ី និងក្រោយហេតុការណ៍ធ្វើឃាតមិនបានសម្រេចនោះមកបានរត់ភៀសខ្លួន យ៉ាងលឿនចាកចេញពីកម្ពុជា ទៅប្រទេសថៃ និងត្រូវបានគេជួយជម្លៀសបន្តពីប្រទេសថៃ ទៅរស់នៅក្នុងប្រទេសហ្វាំងឡង់។

ឯកឧត្តម មាស សុខុន បានថ្លែងចាត់ទុកថា ព្រឹត្តិការណ៍រៀបចំទាំងការបំផ្ទុះ និងការជួយជម្លៀសជនសង្ស័យឈ្មោះ សុខ យឿង នោះ គឺជាការរៀបចំមួយដែលមានលក្ខណៈជាប្រព័ន្ធ។ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងបញ្ជាក់នៅក្រោយការស៊ើបអង្កេតច្បាស់លាស់ថា៖ «ករណីបាញ់ដាក់លើរថយន្តសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងបំណងធ្វើឃាតកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨នោះ គឺធ្វើឡើងដោយឈ្មោះ សុខ យឿង ដែលជាសកម្មជនគណបក្ស សម រង្ស៉ី»

មន្ត្រីនាំពាក្យគណបក្សដដែលថ្លែងទៀតថា «ឈ្មោះ សុខ យឿង នេះត្រូវបានគណបក្ស សម រង្ស៊ី បានជួយជម្លៀសបន្តពីប្រទេសថៃ ចេញទៅរស់នៅប្រទេសទី៣ គឺប្រទេសហ្វាំងឡង់ ក្រោយហេតុការណ៍ដែលអាជ្ញាធរកម្ពុជា បានរកឃើញបទល្មើសជាក់ស្តែង និងត្រូវតុលាការបានកាត់ទោស ពីបទរៀបចំគម្រោងឃាតកម្មទុកជាមុន ដើម្បីសម្លាប់សម្តេច ហ៊ុន សែន។ សេចក្តីរាយការណ៍បានបង្ហាញថា សម រង្ស៊ី នៅថ្ងៃទី២៤ ខែកញ្ញា ក្រោយកិច្ចប្រជុំលើកដំបូងរបស់រដ្ឋសភា និងការស្បថសច្ចានៅសៀមរាបរួច ក៏បាន ធ្វើដំណើរចាកចេញរបស់ខ្លួនយ៉ាងលឿនទៅកាន់ប្រទេសថៃផងដែរ តាមរយៈការកក់សំបុត្រយន្តហោះ នាព្រលានយន្តហោះខេត្តសៀមរាប។

*ហេតុអ្វីបានជាការរៀបចំតម្រូវឱ្យគណបក្សឈ្នះឆ្នោត ត្រូវទៅចាំគណបក្សចាញ់ឆ្នោត?

តាមកម្មវិធីដែលបានព្រាងទុកក្បួនរថយន្តនៃគណបក្សធំៗទាំងបី គឺគណបក្សប្រជាជនកម្ពុជា ដែលទទួលបានអាសនៈ៦៤លើសគេ នឹងត្រូវមកដល់ព្រះរាជដំណាក់នៅម៉ោង៩ព្រឹក។ ចំណែកគណបក្ស ហ៊្វុន ស៊ិនប៉ិច ដែលទទួលបានអាសនៈ៤៣ នឹងមកដល់នៅម៉ោង ៩៖១៥នាទី និងគណបក្ស សម រង្ស៊ី ដែលទទួលបានអាសនៈចំនួន១៥ នឹងមកដល់ម៉ោង ៩៖៣០នាទី។ នេះគឺជាការរៀបចំដ៏ចម្លែកមួយ ពីព្រោះបានតម្រូវឱ្យគណបក្សដែលឈ្នះឆ្នោត ត្រូវមានវត្តមានមុនគេ និងក៏ត្រូវរង់ចាំគណបក្ស ដែលមានសម្លេងគាំទ្រតិចជាងនោះថែមទៀត។

បើតាមឯកឧត្តម ខៀវ កាញារីទ្ធ យោងតាមការរៀបចំនោះសម្តេច ហ៊ុន សែន ត្រូវទៅដល់ព្រះរាជដំណាក់មុនគេ។ ដោយហេតុនេះ គេត្រូវតែចេញមុនគណបក្សនានា និងថែមទាំងមុនសម្តេច ជា ស៊ីម ប្រធានគណបក្សថែមទៀត។

នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨ នាពេលព្រឹកនោះសម្តេច ហ៊ុន សែន បានជិះរថយន្តទី២ បន្ទាប់ពីរថយន្តនាំមុខ ហើយមានរថយន្តរបស់ឧបនាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាល ដែលជិះរថយន្តតូចបន្ត។ ឯកឧត្តម ខៀវ កាញារីទ្ធ បានថ្លែងថា លោកជិះរថយន្ត Minivan ដែលបន្តពីក្រោយរថយន្តឧបនាយករដ្ឋមន្ត្រី។ ឯកឧត្តម ខៀវ កាញារីទ្ធ បានថ្លែងទៀតថា នៅពេលនោះលោក បានអង្គុយមុខគេជាប់អ្នកបើករថយន្ត ដោយសារការចង់ថតរូបឱ្យបានល្អ។

នៅម៉ោង៨៖៥៥នាទី ក្បួនរថយន្តរបស់គណបក្សប្រជាជនកម្ពុជា បានធ្វើដំណើរមកដល់ក្លឹបកំសាន្តឈ្មោះ «យាឡិប» ក្បែរភោជនីយដ្ឋានបន្ទាយស្រី។ បើតាមឯកឧត្តម មាស សុខុន ការធ្វើដំណើរដល់ទីនោះ គឺបានប្រមាណតែ៦០០ម៉ែត្រពីសណ្ឋាគារតែប៉ុណ្ណោះ ស្រាប់តែហេតុការណ៍បានកើតឡើងតែម្តង។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍រំលឹកព្រឹត្តិការណ៍នោះ ប្រាប់ក្រុមការងារ ស្រាវជ្រាវនិពន្ធសៀវភៅបញ្ជាក់បន្ថែមថា គឺគណៈប្រតិភូរបស់សម្តេច បានធ្វើដំណើរទៅមុនគេក្នុងពេលនោះ ហើយនៅពេលដែលផ្ទុះ គឺសម្តេចនៅចាំច្បាស់ណាស់ គឺនៅម៉ោង៨៖៥៥នាទី ព្រោះគេតម្រូវឱ្យសម្តេចទៅដល់ម៉ោង៩៖០០គត់។

សម្តេច ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់បន្តទៀតថា យោងតាមការរៀបចំនោះគឺ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ត្រូវទៅទី២ និង សម រង្ស៊ី ទៅទី៣…ហើយអ្វីដែលចម្លែកនោះ គឺបក្សឈ្នះឆ្នោត ត្រូវគេតម្រូវ ឱ្យទៅដល់មុននោះទៅវិញ។ ការរៀបចំដោយចម្លែកតាមរយៈពិធីការ ដែលតម្រូវឱ្យគណបក្សឈ្នះឆ្នោត មានវត្តមានរង់ចាំគណបក្សចាញ់ឆ្នោតនោះ មិនមានការបកស្រាយណាមួយឱ្យជាក់លាក់នោះឡើយ ប៉ុន្តែគឺការរៀបចំកម្មវិធីនោះ បាននាំឱ្យមានហេតុការណ៍ប៉ុនប៉ងធ្វើឃាតដល់សម្តេច ហ៊ុន សែន ហើយភាពងឿងឆ្ងល់នេះ ត្រូវបានមជ្ឈដ្ឋាននានាជាច្រើនបានលើកឡើង ប៉ុន្តែមិនមានការបកស្រាយអ្វី ឱ្យបានច្បាស់ឡើយ។

បើតាមប្រសាសន៍បញ្ជាក់របស់ឯកឧត្តម ខៀវ កាញ៉ារីទ្ធ គឺក្នុងពេលដែលក្រុមគណៈប្រតិភូ កំពុងស្ថិតនៅក្នុងក្បួនយោងតាមការរៀបចំរបស់ពិធីការ និងខណៈក្រុមការងារកំពុងតែជជែក សើចរីករាយនៅក្នុងរថយន្តនាពេលនោះស្រាប់តែគេឮស្នូរក្ឌាំងបានកើតឡើង។

ឯកឧត្តម ខៀវ កាញ៉ារីទ្ធ បានថ្លែងទៀតថា ពេលនោះលោកសម្លឹងមើលទៅមុខឃើញ ផ្សែងខៀវពណ៌ពងក្រសារមួយដុំក្រាស់នៅខាងស្តាំដៃ ប៉ុន្តែលោកមិនដឹងថាមានរឿងអ្វីកើតឡើងឡើយ។ លោកបន្តថា «ទាំងអស់គ្នាអត់ដឹងថា ជាអ្វីទាំងអស់ព្រោះគ្មានអ្នកណាដឹង និងមើលឃើញគ្រាប់រត់កាត់ពីលើកាប៉ូឡានទាន់ទេ ហើយក្បួនរថយន្តចេះតែបន្តដំណើរទៅមុខឥតមានឈប់បង្អង់ឡើយ»

ឯកឧត្តម ខៀវ កាញ៉ារីទ្ធ បានបញ្ជាក់បន្តថា៖ «នៅពេលដែលរថយន្តរបស់ខ្ញុំ មកដល់កន្លែងបាញ់ ខ្ញុំក៏អត់បានចាប់ភ្លឹកអ្វីដែរ ព្រោះមិនបានមើលទៅផ្ទះ ដែលខូចខាតនៅឆ្វេងដៃឡើយ»។ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មានរូបនេះបានថ្លែងបញ្ជាក់ទៀតថា៖ «ប៉ុន្តែបើឃើញមានការខូចខាត ក៏គេមិនចាប់អារម្មណ៍ដែរ ពីព្រោះសម័យនោះ ក៏មិនទាន់មានផ្ទះថ្មីឡើយ»។ លោកបន្តថា៖ «ខ្ញុំ បានមើលឃើញថា នៅម្តុំនោះ មានកន្លែងប៉ះកង់ជាច្រើនរួមទាំងបំពង់ខ្យល់ផង ហើយខ្ញុំគិតថា វាជាការផ្ទុះបំពង់ខ្យល់ហើយ»។ ឯកឧត្តម ខៀវ កាញ៉ារិទ្ធ ថែមទាំងបាននិយាយលេងសើចប្រាប់គ្នា ក្នុងពេលនោះទៀតថា កាលពីសម័យមុន បើផ្ទុះបែបនេះច្បាស់ជាកំបុតកហើយ»

*ភេរវករ បង្កប់កាំភ្លើងបេសែសិប និងគ្រាប់ចំនួន៤ បង្កៃតាមប្រព័ន្ធបញ្ជាពីចម្ងាយ

ឯកឧត្តម មាស សុខុន បានថ្លែងថា៖ «អ្នកដែលបញ្ជាគ្រាប់វាយប្រហារនោះ គឺចេញពីប្រភពកន្លែងកន្លែងលក់នំបញ្ចុក និងបបរ ដែលស្ថិតនៅនឹងចិញ្ចើមផ្លូវ»។ លោកបន្តថា៖ «គ្រាប់បេសែសិបចំនួន៤គ្រាប់ គឺពួកឃាតករបានយកមកបង្កប់លាក់ទុកនៅគុម្ពផ្កាក្រដាស ដែលគេបានធ្វើរបងជាស៊ុមឈើព័ទ្ធជុំវិញ និងបានចងបង្កៃជាប់នឹងទ្រុងនេះតែម្តងដោយគ្មាននរណានឹងចាប់អារម្មណ៍»

នៅពេលដែលក្បួនរថយន្តមកដល់ឃាតករ បានបញ្ជាបាញ់ទាំង៤គ្រាប់ ប៉ុន្តែបានផ្ទុះតែមួយគ្រាប់ប៉ុណ្ណោះ។ យោងតាមក្រុមជំនាញបីគ្រាប់ទៀតមិនបានផ្ទុះឡើយ ដោយសារតែខ្សែតប្រព័ន្ធបញ្ជា ជ្រាបទឹកធ្វើឱ្យប្រព័ន្ធបញ្ជានោះ មិនអាចដំណើរការបានឡើយ។ ហេតុការណ៍ទាំងនោះ គឺការដឹងគុណចំពោះការធ្លាក់ភ្លៀងដ៏ជោគជាំនាយប់ថ្ងៃទី២៣ ខែកញ្ញា និងបន្តដល់ព្រលឹមថ្ងៃទី២៤ ខែកញ្ញាថែមទៀត ដែលអ្នកស្រុកនិយាយថាគឺជាហេតុការណ៍ខុសពីធម្មតា។

ឯកឧត្តម មាស សុខុន បញ្ជាក់ថា៖ «ប្រសិនណាផ្ទុះទាំងបួនគ្រាប់ ពិតណាស់ថារថយន្តដែល (លោក) បានបើកជូនសម្តេចនាពេលនោះ នឹងត្រូវខ្ទេចអស់ជាមិនខាន ពីព្រោះរថយន្តដែលសម្តេចបានជិះ មិនមែនជារថយន្តពាសដែកអ្វីឡើយ ប៉ុន្តែជារថយន្ត Land Cruiser ធម្មតាតែប៉ុណ្ណោះ»

លោកបានគិតថា ពួកឃាតករដែលតាមបាញ់សម្លាប់ គឺពួកគេយកការណ៍បានច្បាស់ និងពួកគេអាចជាមនុស្សស្នាក់នៅក្នុងសណ្ឋាគារជាមួយគ្នា ឬ ស្ថិតនៅសណ្ឋាគារក្បែរនោះ ពីព្រោះមានតែឃាតករ ដែលស្នាក់នៅជាមួយគ្នានោះទេទើបដឹងថាសម្តេច ហ៊ុន សែន ជិះរថយន្តណា និងមានពណ៌អ្វីច្បាស់លាស់។

ឯកឧត្តម មាស សុខុន បានបញ្ជាក់បន្តថា ការប្តូររថយន្តដឹកសម្តេចតេជោនាពេលនោះគឺជាយុទ្ធសាស្ត្ររបស់លោក ដែលគ្មានអ្នកណាដឹង និងចាប់អារម្មណ៍ឡើយ។ លោកបានរៀបរាប់ជាបន្តមកថែមទៀតថា នៅពេលធ្វើដំណើរមកដល់កន្លែងកើតហេតុ កន្លែងនោះ គឺជាកន្លែងលក់បបរ និងនំបញ្ចុកតាមចិញ្ចើមផ្លូវ និងនៅពេលនោះ លោកនៅបានឃើញក្មេងៗអង្គុយហួបបបរ លើបង់នៅមុខផ្ទះថែមទៀត។

ឯកឧត្តម មាស សុខុន បានថ្លែងបញ្ជាក់បន្ថែមទៀតថា គឺដោយសារភ្លៀងខ្យល់មួយយប់ទល់នឹងភ្លឺនោះហើយ បានធ្វើឱ្យប្រព័ន្ធរំសេវភ្ជាប់នឹងឧបករណ៍បញ្ជាគ្រាប់បេសែសិបនោះត្រូវបានដាច់ប្រព័ន្ធ ទើបបានផ្ទុះតែមួយគ្រាប់ប៉ុណ្ណោះ។

នៅក្នុងសម័យនោះ បញ្ឆិតទល់មុខកន្លែងបង្កៃគ្រាប់ គឺជារង្គសាលដែលមានការរាំរែករហូតដល់ជិតភ្លឺ។ នៅកន្លែងទល់មុខនោះដែរ រួមទាំងកន្លែងបង្កៃគ្រាប់ស្ថិតនៅឆ្ងាយពីនោះបន្តិចគឺ ជាកន្លែងដែលមានម៉ូតូឌុបនៅរង់ចាំភ្ញៀវ ដែលកន្លែងទាំងនេះហើយ ត្រូវបានគេគិតថាថាអាចបង្កលក្ខណៈងាយស្រូលដល់ក្រុមភេរវកម្មទាំងនេះ ក្នុងការអាចសម្ងំបង្កៃគ្រាប់បានយ៉ាងងាយស្រួល។ អំពើធ្វើឃាតមិនបានសម្រេចដាក់លើសម្តេច ហ៊ុន សែន ដោយការបញ្ជាបំផ្ទុះគ្រាប់បេសែសិប តាមរយៈប្រព័ន្ធបញ្ជាចម្ងាយនោះ ត្រូវបានផ្សាយតិចតួចណាស់ ពីក្រុមសារព័ត៌មានអន្តរជាតិ។

នៅក្នុងហេតុការណ៍លួចស្ទាក់បាញ់ប្រហារមិនបានសម្រេចនោះ គឺក្បួនរថយន្តរបស់គណៈប្រតិភូគណបក្ស សម រង្ស៊ី បានមកដល់ក្រោយហេតុការណ៍កើតឡើងប្រមាណ ២០នាទីរួចមក។ លោក សម រង្ស៊ី ត្រូវគេឃើញក្នុងពេលនោះ បានចុះពីលើរថយន្តផ្នែកខាងស្តាំ និងមិនបានទៅថ្វាយបង្គំគាល់ព្រះមហាក្សត្រខ្មែ ឬ ដូចអ្វីដែលរំពឹងទុកក្នុងពេលដែលព្រះអង្គ កំពុងឈររង់ចាំស្វាគមន៍គណៈប្រតិភូឡើយ។

លោក សម រង្ស៊ី បែរជាដើរទៅខាងឆ្វេងដៃតម្រង់អ្នកសារព័ត៌មានជាតិ និងអនុ្តរជាតិ ដោយនិយាយប្រាប់ពួកគេថា មានគ្រាប់បែសែសិបចំនួនបួនគ្រាប់បាញ់សម្តៅដាក់ មកលើក្បួនរថយន្តរបស់គាត់ ហើយមេដឹកនាំគណបក្សប្រឆាំងរូបនោះបានចោទថា នោះគឺជាទង្វើរបស់សម្តេច ហ៊ុន សែន។

សំណួរដ៏ឆ្ងល់មួយនោះគឺថា ហេតុអ្វីបានជា សម រង្ស៊ី ដឹងច្បាស់ដល់គ្រាប់បេសែសិប មានចំនួន៤គ្រាប់ និងនិយាយថា មានការបាញ់ដល់ទៅបួនគ្រាប់ ឬ មួយក៏គាត់មិនដឹងថា បីគ្រាប់ទៀត ដែលគាត់ប្រាប់ឱ្យមនុស្សរបស់គាត់ឱ្យបំផ្ទុះទាំងអស់នោះ បែរជាមិនបានផ្ទុះតាម គម្រោងដែលដាក់ចេញមកនោះទេ?

តាមពិតក្នុងហេតុការណ៍ដែលបានកើតឡើងភ្លាមៗមកនោះ មិនមានរបាយការណ៍ជាក់លាក់ ណាមួយត្រូវបានគេដឹងឡើយ សូម្បីតែអាជ្ញាធរមូលដ្ឋាន ក៏មិនទាន់បានដឹងថាមានការបង្កប់គ្រាប់ បេសែសិបចំនួនបួនគ្រាប់នៅទីនោះឡើយ។ ហើយហេតុអ្វីបានជា សម រង្ស៊ី មានព័ត៌មាននេះច្បាស់ល្អម្ល៉េះ បើសិនជាខ្លួន មិនបានដឹងនូវគម្រោងនោះជាមុននោះទេ?

ប៉ុន្តែអ្វីដែលគួរឱ្យហួសចិត្តនោះគឺ សម រង្ស៊ី បែរជានិយាយប្រាប់អ្នកសារព័ត៌មានថា គឺក្រុមគណៈប្រតិភូរបស់គាត់នោះទេ ដែលរងនឹងការបាញ់ពីគ្រាប់បេសែសិប ចំនួន៤គ្រាប់បើទោះបីជាមានគ្រាប់បេសែសិប បានផ្ទុះតែមួយគ្រាប់ ហើយហេតុការណ៍នោះទៀតបានកើតឡើងប្រមាណ ៣០នាទីទៅហើយនោះ។

ឯកឧត្តម មាស សុខុន បានថ្លែងថា នៅពេលឃើញទង្វើកេងចំណេញនយោបាយជ្រុលនិយមរបស់ សម រង្ស៉ី នាពេលនោះលោកស្ទើរតែមិនអាចទប់កំហឹងបានឡើយ ប៉ុន្តែដើម្បីបញ្ចៀសវិបត្តិមិនឱ្យកាន់តែធ្ងន់ធ្ងរថែមទៀត លោកបានរក្សានូវភាពអត់ធ្មត់នោះជាទីបំផុត៖

«ត្រង់នេះដែលខ្ញុំចង់និយាយថា ស្វាស៊ីបាយលាបមាត់ពពែ គឺធ្វើខ្លួនឯង ហើយរត់ទៅឆ្លើយខ្លួនឯង ចឹងបានជាខ្ញុំមានអារម្មណ៍ថា សម រង្ស៊ី ទៅដេកនៅ បី បួនរយម៉ែត្រខាងលិចគ្នានេះទេ។ អញ្ចឹងគេអង្គុយពីលើពីលិចហ្នឹង មើលមកយើងនៅខាងកើត។ ផ្លូវទៅកើត គឺទៅវាំង ហើយអញ្ចឹងខ្ញុំមានអារម្មណ៍ តាំងពី អារម្មណ៍មានហេតុការណ៍…បើមានហេតុការណ៍ គឺមានករណី អញ្ចឹង…អញ្ចឹងគឺនៅពេលនោះ ខ្ញុំអាចថា កម្លាំងផ្ទៃក្នុងវាបង្កប់នៅក្នុងអូតែលក៏មាន ហើយវានៅឈរមើលពីចម្ងាយក៏មាន ហើយមាននៅតាមផ្លូវក៏មាន ព្រោះវាមានកម្លាំងអង្គរក្សដូចតែគ្នានិងការពារតាមផ្លូវដូចគ្នា។

អញ្ចឹងបានខ្ញុំខំប្តូរឡាន…ដាក់ឡានបួនគ្រឿង ដល់ម៉ោងចេញ គឺខ្ញុំស្ទុះយកឡានចេញមកតែម្តង យកតែមួយទេ ហើយក្រៅពីហ្នឹង តោងកន្ទុយទាំងអស់ ទៅចល័តរៀងៗខ្លួនទៅ ហើយក្រៅពីហ្នឹងប្រតិភូជិះឡានតូរីសទាំងអស់ទេ… អត់ឲ្យមានឡានច្រើនទេ ជិះតូរីសទាំងអស់ទេ។ អញ្ចឹងបានខ្ញុំថា ខ្ញុំប្តូរប៉ុណ្ណឹងហើយនៅតែគេដឹង។ មកដល់ម៉ោងនោះ គឺបាញ់ចំឡាននោះដដែល…តែបើខ្ញុំបង្កើនល្បឿនលឿនបន្តិច គឺដឹងតែចំហើយ។ បើចំតែមួយក៏វាចប់ដែរ ខ្ញុំក៏ស្លាប់…សម្តេចក៏គ្រោះថ្នាក់ដែរ ពេលនោះមិនដឹងយ៉ាងម៉េច…វាចប់ទៅហើយ»

ឯកឧត្តម មាស សុខុន បានថ្លែងរំលឹកបន្តទៀតថា ពេលនោះដោយសារតែឃើញស្ថានការណ៍ មិនស្រួល ហាក់ដូចជាមានការរៀបចំជាប្រព័ន្ធ ដើម្បីការប៉ុនប៉ងធ្វើឃាតដល់សម្តេច ហ៊ុន សែន លោកបានត្រៀមនូវវិធានការខ្លះ រួចជាស្រេចក្រែងលោមានហេតុការណ៍ផ្សេងណាមួយនឹងអាចកើតឡើង។ រថយន្តដឹកសម្តេច ហ៊ុន សែន នាពេលនោះ មិនបានយកទៅចតនៅកន្លែងដែលគេបានរៀបចំឡើយ ដោយសារលោក បារម្ភខ្លាចក្រែងមានការរៀបចំផែនការណ៍ណាថ្មីមួយទៀត ក្រោយការធ្វើឃាតលើកទីមួយមិនបានសម្រេចនៅតាមផ្លូវ៖

«ទីមួយ គឺគណបក្សប្រជាជនចូលដល់ក្នុងវាំងមុន, ទី២បានគណបក្ស ហ៊្វុន ស៊ីនប៉ិច, ទី៣បាន សម រង្ស៊ី ។ អញ្ចឹងយើងទី១…នៅពេលទៅដល់ គឺខ្ញុំចតឡានខ្ញុំនៅមុខព្រះករុណា…ព្រះករុណាគង់អញ្ចឹង ខ្ញុំនៅត្រង់ហ្នឹង… ខ្ញុំអត់ទៅណាព្រោះបើយ៉ាងម៉េចៗ ខ្ញុំជម្លៀសសម្តេចចេញភ្លាម។ អញ្ចឹងកាំភ្លើងអាកាមួយដើម កាំភ្លើងខ្លីមួយដើម ខ្ញុំនៅទីហ្នឹងដើម្បីចាំជម្លៀសទោះបីសមត្ថកិច្ចចរាចរណ៍សណ្តាប់ធ្នាប់គេហៅខ្ញុំចេញ ក៏ខ្ញុំអត់ចេញដែរ ដោយសារយើងឃើញស្ថានការណ៍មិនស្រួល…ប៉ុន្តែអ្នកទាំងអស់នោះ អត់ដឹងទេ…អត់ដឹងរឿងដែលគេបាញ់តាមផ្លូវទេ…គេអត់ដឹងទេ ពីព្រោះពេលនោះគ្មានការទាក់ទងផង ។

ដូច្នេះនៅពេលដែលគណបក្ស ហ៊្វុន ស៊ីនប៉ិច មកដល់ សម្តេច រណឫទ្ធិ ចូល ក៏ខ្ញុំនៅត្រង់នោះដដែល…គេដេញខ្ញុំ ក៏ខ្ញុំមិនចេញដល់ពេល សម រង្ស៊ី មកដល់ គឺឈប់ឡានឈប់នៅត្រង់ព្រះករុណាគង់… និងនៅពេលដែលមានបើកទ្វារឡានចេញ សម រង្ស៊ី អត់បានមើលព្រះករុណារង់ចាំផងនោះទេ…(គាត់) រត់ទៅជួបនឹងអ្នកសារព័ត៌មានទៅផ្សាយថា ក្បួនគាត់មកអម្បាញ់មិញ ត្រូវបានគេបាញ់គាត់ បេសែសិចបួន គ្រាប់។

ហើយតើគាត់ដឹងមកពីណា? បើសមត្ថកិច្ចមិនទាន់ស្រាវជ្រាវផង សមត្ថកិច្ចមិនទាន់ទៅកាត់ផ្កាក្រដាសដែលយើងឃើញនៅក្នុងរូបថតផង…វាស៊ុបទ្រប់…មើលមិនឃើញនោះទេ ការបាញ់កើតឡើងកន្លះម៉ោងហើយ ប៉ុន្តែគាត់មកដល់ក្រោយគាត់ថា គេបាញ់គាត់…ហើយថាបាញ់បួនគ្រាប់។ ហើយបើវាផ្ទុះតែមួយហ្នឹង? ចំណែកបីគ្រាប់វាមិនផ្ទុះ ប៉ុន្តែគាត់និយាយថា ផ្ទុះទាំងបួនហ្នឹង។

ហ្នឹងគំនិតគាត់ គាត់ដាក់ទាំងបួន ដល់វាផ្ទុះតែមួយ គាត់មិនទាន់ដឹងថាផ្ទុះតែមួយទេ គាត់ថាបាញ់គាត់បួនគ្រាប់ ហើយគាត់ទៅសៀមរាបហ្នឹង តាំងពីថ្ងៃទី១៧ (កញ្ញា) មើល ក្នុងវីដេអូថ្ងៃទី១៧ ទៅ…ក្រុមគាត់ហើយគាត់បានទៅជួលអូតែល ដេកក្បែរគ្នាហ្នឹង ដើម្បី (គេ) អាចមើលតាមដានសម្មភាពរបស់យើង។ អញ្ចឹងហើយខ្ញុំគិតថា ដល់ពេលគាត់មក ពីជួបអ្នកសារព័ត៌មានវិញ ខ្ញុំពេលមកដល់ទល់មុខខ្ញុំៗគិតថានឹងបាញ់គាត់ចោល ខ្ញុំប្តេជ្ញាអញ្ចឹងថា ខ្ញុំបាញ់ចោល ពីព្រោះវាច្បាស់ក្រឡែត (ជាបក្ខពួកឃាតករ) ហើយហ្នឹង… មានរឿងអីប្រកែកបានទៀត»

ឯកឧត្តម មាស សុខុន បានថ្លែងថា ប៉ុន្តែក្រោយការពិចារណាដ៏ល្អិតល្អន់រួចមក ដើម្បីបញ្ចៀសវិបត្តិកុំឱ្យធ្លាក់កាន់តែធ្ងន់ធ្ងរ លោកក៏បានបោះបង់ចោលនូវគំនិតផ្ទុះអាវុធនាពេលនោះ។ សម័យប្រជុំលើកទី១ នៃរដ្ឋសភាជាតិ ប្រព្រឹត្តទៅនៅព្រះរាជដំណាក់ បានប្រព្រឹត្តទៅក្រោមព្រះរាជធិបតីដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាព្រះមហាក្សត្រខ្មែរ។

សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទើបបានទូរស័ព្ទបញ្ជាក់ឱ្យដឹងថា មានការបង្កៃគ្រាប់បេសែសិបចំនួន៤គ្រាប់ ដែលលាក់ទុកក្នុងគុម្ពផ្កាក្រដាសអមផ្លូវ តាមរយៈការបញ្ជាដោយប្រព័ន្ធទូរស័ព្ទចល័ត។ ប៉ុន្តែ សម រង្ស៊ី បាននិយាយដឹងរឿងដាក់បង្កៃគ្រាប់នេះយ៉ាងច្បាស់លាស់ នៅពេលដែលមនុស្សជាច្រើន មិនទាន់បានដឹងថារឿងរ៉ាវនោះ កើតឡើងដោយរបៀបណាផងនោះ។

*គណបក្សប្រជាជនកម្ពុជា បារម្ភខ្លាចមានគម្រោងធ្វើឃាតក្នុងដំណាក់កាលទី២

បន្ទាប់ពីសម័យប្រជុំរដ្ឋសភាលើកដំបូងនៅព្រះរាជដំណាក់នោះរួចមក មានសំណួរមួយបានលេចចេញមកជាបន្ត នោះគឺការធ្វើដំណើរចូលរួមការស្បថ ដែលនឹងធ្វើឡើងនៅប្រាសាទអង្គរវត្ត។ សំណួរនោះគឺថាតើ សម្តេច ហ៊ុន សែន ដែលទើបនឹងរួចផុតពីការតាមសម្លាប់របស់ក្រុមភេរវករ នឹងត្រូវធ្វើដំណើរទៅកាន់តំបន់ប្រាសាទអង្គរ ដែលនៅសងខាងផ្លូវសុទ្ធ តែមានព្រៃក្រាស់ដែរ ឬ ទេ? ម្យ៉ាងទៀត នៅតាមផ្លូវទៅកាន់តំបន់ប្រាសាទអង្គរ ក៏មិនបានត្រៀមកម្លាំងសន្តិសុខផងដែរ ប៉ុន្តែប្រសិនណាបើមិនទៅស្បថ គឺមន្ត្រីជាប់ឆ្នោតទាំង ឡាយរបស់គណបក្សប្រជាជនកម្ពុជា នឹងមិនពេញសិទ្ធិក្លាយជាតំណាងរាស្ត្រនោះទេ។

សម្តេច ស ខេង បានស្នើឱ្យឯកឧត្តម មាស សុខុន សួរសម្តេចតេជោ ជាលើកទី២ក្នុងការចង់ដឹងថាតើអ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាទាំងអស់ នឹងអញ្ជើញចូលរួមស្បថដែរ ឬ ទេ? សម្តេចតេជោ បានគិតមួយសន្ទុះ និងមានប្រសាសន៍តបមកវិញថា «ទៅ»។ សម្តេចបានពន្យល់ថា៖ «នៅពេលបាញ់ទី១ គេអាចធ្វើបាន ព្រោះគេកំណត់ម៉ោងឱ្យយើងដើរ ប៉ុន្តែពេលទៅស្បថអត់មានកំណត់ថា អ្នកណាទៅមុន ឬ ទៅក្រោយនោះទេ ហេតុនេះលទ្ធភាពវាយប្រហារមានតិចបំផុត»

ឯកឧត្តម មាស សុខុន ក្រោយកិច្ចប្រជុំសភារួច លោកបានទូរស័ព្ទហៅ ឯកឧត្តម ហុក ឡងឌី ដែលកាលនោះ លោកគឺជាអគ្គស្នងការនគរបាលជាតិទូទាំងប្រទេស។ លោកបានប្រាប់ឯកឧត្តម ហុក ឡងឌី នូវរឿងហេតុដែលមានការប៉ុនប៉ងធ្វើឃាតសម្តេចតេជោ និងក្តីបារម្ភថាគម្រោងធ្វើឃាតនឹងអាចបន្តថែមទៀតនៅថ្ងៃទី២៤ ខែកញ្ញាដដែលនោះ។

លោកបានពន្យល់ប្រាប់អគ្គស្នងការនគរបាលជាតិ នូវការធ្វើដំណើរទៅស្បថនៅក្នុងបរិវេណអង្គរវត្ត ដែលគេមិនអាចដឹងថា តើអាចមានអ្វីកើតឡើងបានឡើយ ពីព្រោះករណីប៉ុនប៉ងធ្វើឃាតតង់ទី១ បានបរាជ័យទៅហើយ ខណៈតង់ទី២ កំពុងតែស្ថិតក្នុងដំណាក់កាលប្រព្រឹត្តទៅ។

ឯកឧត្តម មាស សុខុន បានសុំឱ្យឯកឧត្តម ហុក ឡងឌី អង្គុយជាមួយសម្តេចតេជោនៅខាងស្តាំ និងអង្គរក្សម្នាក់ទៀតអង្គុយខាងឆ្វេង និងសម្តេចតេជោអង្គុយចំកណ្តាល។ នេះជាការរៀបចំមួយ ដើម្បីការពារប្រមុខដឹកនាំរាជរដ្ឋាភិបាលប្រសិនណាបើមានអំពើពួនស្ទាក់ប៉ុនប៉ង ធ្វើឃាតជាលើកទី២ នៅថ្ងៃដដែលនោះ។

ប៉ុន្តែនៅថ្ងៃ ដែលធ្វើដំណើរទៅស្បថក្នុងបរិវេណអង្គរវត្តនោះ មិនមានអ្វីបានកើតឡើងឡើយ ប៉ុន្តែនៅពេលវិល ត្រឡប់មកភ្នំពេញវិញសម្តេចតេជោ ត្រូវបានរៀបចំឱ្យធ្វើដំណើរតាមឧទ្ធម្ភាគចក្រវិញ នោះគឺមិនអាច ឱ្យធ្វើដំណើរតាមរថយន្តវិលត្រឡប់មកវិញបានឡើយ។

ក្រោយការស្បថសច្ចានៅក្នុងខេត្តសៀមរាប នោះរួច ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ និង សម រង្ស៊ី មិនបានវិលត្រឡប់មកភ្នំពេញឡើយ ដោយមេដឹកនាំគណបក្សទាំង២ បានប្រញាប់ចាកចេញទៅក្រៅប្រទេសតាមការទិញសំបុត្រកក់ទុកជាស្រេចនាព្រលានយន្តហោះខេត្តសៀមរាប។ ឯកឧត្តម មាស សុខុន នៃម្ចាស់សៀវភៅ «ឃាតកម្មក្រោយខ្នង សម្តេចតេជោ ហ៊ុន សែន» បានថ្លែងថា អំពើប៉ុនប៉ងធ្វើឃាតនោះ ពិតជាបានជាប់ទាក់ទងនឹងល្បិចកលរបស់ សម រង្ស៊ី ៖

«យើងជាទូទៅមិនបានគិតថាវាជាល្បិចរបស់ សម រង្ស៊ី ទេ តែខាងគេ គេជាក្រុមសម្ព័ន្ធបក្សសម្ព័ន្ធនឹងគ្នា គេដឹងរឿង និងគេតៀមយន្តហោះស្រេចទៅហើយ…បើសិនផ្ទុះស្លាប់ពេលនោះ ពួកអស់ហ្នឹង ក៏នឹងរត់ឡើងយន្តហោះបាត់ហើយ…អត់មកប្រជុំទេ…ដឹងតែចប់ហើយ…ដឹងតែរឿងហើយ…អញ្ចឹងគេតម្រង់ទិសទៅវាលយន្តហោះបាត់ទៅហើយ បែរក្បាលទៅលិចបាត់ទៅហើយ គេមិនមករកប្រជុំនៅវាំងទេ»

ឯកឧត្តម ខៀវ កាញ៉ារីទ្ធ បានថ្លែងចាត់ទុកសម្តេចតេជោ «គឺជាមេទ័ពដ៏ពូកែមែន» ដោយដំណើរចេញទៅស្បថបានធ្វើឡើងប្រកបដោយសុវត្ថិភាព»។ លោកបានបញ្ជាក់ដែរថា ចំណែករឿងរ៉ាវនៃការបង្កៃគ្រាប់បេសែសិប នោះគឺគេទើបតែដឹងសាយភាយនៅពេល ដែលគណៈប្រតិភូមកដល់សណ្ឋាគារវិញបន្ទាប់ពីការស្បថនៅប្រាសាទអង្គរវត្តនោះរួច។

ឯកឧត្តម ខៀវ កាញ៉ារីទ្ធ បានរំលឹកថា នៅម៉ោងបាយ សម្តេចតេជោ បានហៅរូបលោកទៅជួបក្នុងបន្ទប់សម្រាកតែពីរនាក់។ លោកបញ្ជាក់ថា៖ «អ្វីដែលខ្ញុំចងចាំជាងគេ គឺម្ហូបសម្លរបែបខ្មែរ មួយថាសក្នុងនោះ មានកូនចានដាក់ទឹកត្រីសុទ្ធមួយ»។ សម្តេចបានអង្គុយសម្លឹងជ្រប់ មើលសម្លរក្នុងថាស និងបន្ទាប់មកបានសម្លឹងមើលឯកឧត្តម ខៀវ កាញ៉ារីទ្ធ វិញ។ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងគិតថា៖ «បើសិនជាសម្តេចស្រក់ទឹកភ្នែក គឺពិតជាតំណក់ឈាមហើយ ។ លោកមិនមែនក្តៅក្រហាយរឿងគេប៉ុនប៉ងសម្លាប់លោកទេ ប៉ុន្តែលោកឈឺចិត្តដែលលោក បានប្រឹងប្រែងឱ្យចេញជាសភា រួចនិយាយគ្នារកសុខឱ្យខ្មែរ ប៉ុន្តែទីបំផុតបែរជាប៉ុនប៉ងសម្លាប់ រូបលោកទៅវិញ»។ ឯកឧត្តម ខៀវ កាញ៉ារីទ្ធ ថ្លែងកត់សម្គាល់ថា «នេះជាទឹកមុខ ដែលខ្ញុំនៅចងចាំរហូត»

សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ បានសរសេររំលឹកព្រឹត្តិការណ៍នៃការធ្វើ ឃាតមិនបានសម្រេចនៅក្នុងខេត្តសៀមរាប ដោយបញ្ជាក់ថា៖ «ប្រសិនបើពេលនោះ គ្រាប់បេសែសិប ទាំងបួន បានផ្ទុះព្រមគ្នាទាំងអស់ ឬ ព្រឹកនោះ មិនមានភ្លៀងធំស្ទើរបាក់មេឃដែលធ្វើ ឱ្យខ្សែភ្លើងបញ្ជាគ្រាប់ទាំងនោះជ្រាបទឹកនោះទេ ប្រហែលជាជីវិតខ្ញុំត្រូវស្លាប់តាំងពីពេលនោះមក»។ សម្តេចបានរសេរបន្តថា «ប្រសិនបើខ្ញុំស្លាប់នាពេលនោះ តើនឹងមានអ្វីកើតឡើងក្រោយពេលខ្ញុំស្លាប់នៅក្នុងក្រុងសៀមរាប»? តើសង្គ្រាមអាចបញ្ចប់បានតាមរយៈនយោបាយឈ្នះ-ឈ្នះ ដូចពេល ហ៊ុន សែន នៅរស់ ឬ ទេ?»

សម្តេចតេជោបានសរសេរ «អរព្រះគុណទេពតាថែរក្សាអង្គរវត្ត ព្រះអង្គចេក ព្រះអង្គចម និងបារមីសក្តិសិទ្ធទាំងអស់ ដែលជួយការពារ (សម្តេច) នាពេលនោះ»។ សម្តេចតេជោបានសរសេរបន្តថា «ខ្ញុំជឿច្បាស់ណាស់ថា អ្នកជួយជីវិតខ្ញុំនា ពេលនោះគឺ តាមផ្លូវងងឹត គឺគុណបុណ្យទេពតា ទាំងភូមិទេវតា រុក្ខទេវតា បារមីព្រះអង្គចេក ព្រះអង្គចម បារមីតាមថែរក្សាខ្ញុំជាប្រចាំកន្លងមក បានជួយជីវិតខ្ញុំ ឱ្យខ្ញុំរស់នៅបានតទៅទៀត ដែលធ្វើឱ្យខ្ញុំ បានដឹកនាំប្រទេសចេញពីសង្គ្រាម មកកាន់សន្តិភាពនិងការអភិវឌ្ឍដូចសព្វថ្ងៃ»។ តាមរយៈសំណេរនោះផងដែរ សម្តេចតេជោ បានអហោសិកម្មឱ្យអ្នកដែលតាមសម្លាប់ សម្តេចនៅក្នុងខេត្តសៀមរាបនោះរួចហើយ។

សម្តេចតេជោ បានប្តេជ្ញាការថែរក្សាសន្តិភាព និងប្តេជ្ញារារាំងមិនឱ្យក្រុមជ្រុលនិយម អាចប្រើប្រាស់ទង្វើរដ្ឋប្រហារ ឬ ចលនាបដិវត្តន៍ពណ៌ នៅក្នុងប្រទេសកម្ពុជា ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលបានឡើយ ដរាបណាសម្តេច នៅតែមានវត្តមានដឹកនាំនៅក្នុងប្រទេស។

សៀវភៅ «ឃាតកម្មក្រោយខ្នង សម្តេចតេជោហ៊ុនសែន» បានសរសេរបូកសរុបថា «សម្តេចតេជោ ហ៊ុន សែន ដែលខិតខំស្វែងរកសុខសន្តិភាពជួនដល់ប្រទេសជាតិ និងប្រជាជន បានឆ្លងកាត់ការលំបាកច្រើនឥតគណនា។ គុណបំណាច់របស់លោក គឺជាគុណដ៏មហាសាល ជាគុណដែលឪពុកម្តាយទី២ បានផ្តល់មកកូនៗទាំងឡាយជាកម្ពុជបុត្រ»។ ការប៉ុនប៉ងតាមព្យាបាទដល់អាយុជីវិតសម្តេច មានយ៉ាងហោចចំនួន៥លើក បូកបន្ថែមមួយលើកនៅចាក់អង្រែ ដែលសុទ្ធជាឃាតកម្មមានការគិតទុកជាមុនពីក្រុមបុគ្គលល្មោភអំណាច ល្មោភសង្គ្រាម មិនឆ្អែតឆ្អន់នឹងសង្គ្រាមដែលកើតមានរ៉ាំរ៉ៃជាច្រើនសតវត្សរ៍ នៅកម្ពុជា និងជានយោបាយដើរជាន់ដានប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតក្នុងអតីតកាល។

សម្តេចតេជោ ហ៊ុន សែន ស្ទើរពេញមួយជីវិតរបស់លោកទៅហើយ ភាពរីករាយក្នុងជីវិត ត្រូវគេឃើញថាមានតិចតួចណាស់ បើប្រៀបធៀបនឹងទំហំកិច្ចការជួយរំដោះជាតិរបស់លោក។ ចាប់ផ្តើមតាំងពីអាយុ១៨ឆ្នាំ ចូលតស៊ូក្នុងព្រៃ និងរហូតដល់អាយុ២៥ឆ្នាំ សម្តេចបានមើលឃើញនូវពុតត្បុតទាំងឡាយរបស់អ្នកធ្វើនយោបាយនានា ដែលប្រើប្រាស់នយោបាយប្រជាភិថុតិ ធ្វើបាបរាស្ត្រ និងពួកគេមិនដែលគិតអំពីសុខទុក្ខដល់ប្រជាជនកម្ពុជារបស់ខ្លួនឡើយ។ ចាប់តាំងពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧នោះមក សម្តេចបានតាំងចិត្តលែងជឿអំពើកុហក របស់អ្នកនយោបាយដែលបោកប្រាស់ និងសម្រួចការតាំងចិត្តធ្វើជាមេដឹកនាំដ៏ល្អ ដើម្បីការបម្រើប្រជាជនកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន គឺជាឥស្សរជននយោបាយដ៏កំពូលរបស់ខ្មែរក្នុងសតវត្សទី២០ និង២១ ដែលបំបាត់សង្គ្រាមស៊ីវិលរយៈពេលជិត៣០ឆ្នាំ តាមរយៈយុទ្ធសាស្ត្រ DIFID នៃនយោបាយឈ្នះ-ឈ្នះ នាំមកនូវសន្តិភាពនិងការឯកភាពទឹកដីទាំងស្រុងមិនធ្លាប់កើតមានក្នុងប្រវត្តិសាស្ត្រ ៥០០ឆ្នាំរបស់កម្ពុជា។ សត្រូវរបស់លោក គឺក្រុមធ្វើនយោបាយជ្រុលនិយម ដែលចង់ទាញឱ្យកម្ពុជាដែលមានសន្តិភាព រួចមកហើយនេះ ឱ្យធ្លាក់ចូលក្នុងឧបាយកលសង្គ្រាមសាជាថ្មី។

សម្តេចតេជោ បានប្តេជ្ញាការរក្សាសន្តិភាព និងបានដាស់តឿនដល់ពលរដ្ឋ មិនត្រូវឱ្យសន្តិភាពបាត់បង់ហើយ ទើបគេនាំគ្នាចេញស្វែងទៅរកសន្តិភាពវិញនោះទេ។ សម្តេចតេជោ បញ្ជាក់ថា៖ «ពីព្រោះបើប្រទេសជាតិបាត់បង់សន្តិភាពហើយ នោះតម្លៃដែលបាត់បង់របស់វា នឹងធ្វើឱ្យប្រទេសប្រឈមនឹងវិនាសកម្ម។ ដូច្នេះគេត្រូវតែរក្សាសន្តិភាព មិនអាចរបូតចេញពីប្រទេសកម្ពុជាទៀតឡើយ»