(ស៊ិនជិន)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ​បានអំពាវនាវ និងអញ្ជើញតំណាងសហគ្រាសទាំងអស់មកទស្សនានៅប្រទេសកម្ពុជាដោយផ្ទាល់ ដើម្បីសិក្សាឈ្វេងយល់ពីស្ថានភាពពិតប្រាកដ និងកត្តាអំណោយផលនានារបស់ប្រទេសកម្ពុជាក្នុងការចូលមកបណ្តាក់ទុនវិនិយោគប្រកបដោយទំនុកចិត្ត និងភាពជឿជាក់ ចៀសវាងការយល់ច្រទ្បំណាមួយតាមរយៈព័ត៌មានមិនពិតប្រាកដនិងមិនគ្រប់ជ្រុងជ្រោយ។

ការអំពាវនាវនេះ ធ្វើឡើងក្នុងឱកាសដែលលោកបានដឹកនាំគណៈប្រតិភូនៃអគ្គនាយកដ្ឋានពន្ធដា​រចូលរួមក្នុងវេទិកា ធុរកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន ដែលប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងស៊ិនជិន នៃសាធារណរដ្ឋប្រជាមានិតចិន តបតាមការអញ្ជើញពីសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា (CCIA)។ វេទិកានេះមានការចូលរួមពីតំណាងសហគ្រាសប្រកបអាជីវកម្មប្រមាណជាង ៤០០ សហគ្រាស។

វេទិកានេះមានត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយនិង លើកកម្ពស់ការធ្វើពាណិជ្ជកម្ម ការវិនិយោគ និងដើម្បីពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ចពាណិជ្ជកម្ម រវាងប្រទេសកម្ពុជា-ចិន តាមរយៈការផ្សព្វផ្សាយនូវឱកាសវិនិយោគ សក្តានុពល និងកត្តាអំណោយផលនានានៃការធ្វើពាណិជ្ជកម្ម ឧស្សាហកម្មក្នុង ប្រទេសទាំងពីរ ក៏ដូចជាការផ្គូផ្គងពាណិជ្ជកម្មរវាងវិនិយោគិនរវាងប្រទេសទ្វេភាគីផងដែរ។

តាមរយៈវេទិកាធុរកិច្ចនិងពាណិជ្ជកម្ម កម្ពុជា-ចិន នេះ លោក គង់ វិបុល បានចែករំលែកជូនតំណាងសហគ្រាស ដែលបានចូលរួមឱ្យបានជ្រាបអំពីបរិយាកាសវិនិយោគជាទូទៅ ក៏ដូចជាកត្តាអំណោយផលនានារបស់ប្រទេសកម្ពុជា រួមទាំងកិច្ចខិតខំ ប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​កម្ពុជាជាប្រមុខដឹកនាំ ក្នុងការបន្តរក្សាបាននូវសន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកក៏បានអំពាវនាវ និងអញ្ជើញតំណាងសហគ្រាសទាំងអស់មកទស្សនានៅប្រទេសកម្ពុជាដោយផ្ទាល់ ដើម្បីសិក្សាឈ្វេងយល់ពីស្ថានភាពពិតប្រាកដ និងកត្តាអំណោយផលនានារបស់ប្រទេសកម្ពុជាក្នុងការចូលមកបណ្តាក់ទុនវិនិយោគប្រកបដោយទំនុកចិត្ត និងភាពជឿជាក់ ចៀសវាងការយល់ច្រទ្បំណាមួយតាមរយៈព័ត៌មានមិនពិតប្រាកដនិងមិនគ្រប់ជ្រុងជ្រោយ។

លោក គង់ វិបុល ​បានគូសបញ្ជាក់ពីស្ថានភាពសេដ្ឋកិច្ចអំណោយផលរបស់កម្ពុជា បើទោះបីជាបានឆ្លងកាត់នូវវិបត្តិនានានាពេលកន្លងមក និងការផ្ដល់ការលើកទឹកចិត្តពន្ធដារដល់វិនិយោគិនដែលបណ្ដាក់ទុននៅប្រទេសកម្ពុជា បន្ថែមលើការទទួលបានអត្ថប្រយោជន៍ផ្សេងៗ ទៀតដែលទទួលបានពីកិច្ចព្រមព្រៀងពាណិជ្ជកម្មពហុភាគីនិងទ្វេភាគីនានាដែលមានជាធរមាន។

នាឱកាសនេះដែរ ​លោកក៏បានផ្តល់ឱកាសដល់អ្នកចូលរួមលើកជាសំណួរនានា និងបានផ្តល់ការបកស្រាយយ៉ាងក្បោះក្បាយជូនផងដែរ។ លើសពីនេះ ដើម្បីផ្ដល់សេចក្ដីទុកចិត្តនិងភាពជឿជាក់បន្ថែមទៀតជូនតំណាងសហគ្រាសក្នុងការមកបណ្ដាក់ទុន និងធ្វើពាណិជ្ជកម្មនៅកម្ពុជា ឯកឧត្តម គង់ វិបុល បានបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តផ្ដល់ការគាំទ្រនានា ជាពិសេសពាក់ព័ន្ធនឹងពន្ធដារជូនដល់សហគ្រាស។

ជារួមវេទិកាធុរកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន នេះ បានប្រព្រឹត្តទៅដោយទទួលបានលទ្ធផលផ្លែផ្កាយ៉ាងល្អ ប្រកបដោយ ភាពជោគជ័យ ព្រមទាំងទទួលបានការវាយតម្លៃពីអ្នកចូលរួមជាវិជ្ជមាន និងប្រកបដោយភាពកក់ក្តៅ ជាពិសេសការបង្ហាញនូវ ចំណាប់អារម្មណ៍ក្នុងការអញ្ជើញមកទស្សនា និងបណ្តាក់ទុនវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។

ឆ្លៀតក្នុងឱកាសទស្សនកិច្ចនេះដែរ លោកបានទទួលជួបជាមួយវិនិយោគិនចិនសំខាន់ៗមួយចំនួនដែលកំពុងប្រកបអាជីវកម្មនៅប្រទេសកម្ពុជា ដូចជាក្រុមហ៊ុនអាកាសចរណ៍ស៊ីវិលនៃប្រទេសចិនដែលមានការធ្វើដំណើរមកប្រទេសកម្ពុជា និង ក្រុមហ៊ុន BYD ដែលមានគម្រោងវិនិយោគលើរោងចក្រដំឡើងរថយន្តអគ្គិសនីនៅប្រទេសកម្ពុជា ដើម្បីពិភាក្សាសំណេះសំណាល ក៏ដូចជាផ្តល់ការពិគ្រោះយោបល់ផ្នែកពន្ធដារនានានិងដោយផ្ទាល់ជូនវិនិយោគិនទាំងនោះ សំដៅគាំទ្របន្ថែមទៀតដល់គោល​នយោបាយរបស់រាជរដ្ឋាភិបាលក្នុងការទាក់ទាញនិងលើកទឹកចិត្តចំពោះការវិនិយោគក្នុងប្រទេសកម្ពុជា។

ទន្ទឹមនឹងនេះ ​លោក​បានអញ្ជើញទស្សនកិច្ចនៅក្រុមហ៊ុន Huawei ដោយផ្តោតលើការវិវត្តថ្មីៗនៃបច្ចេកវិទ្យាឆ្លាតវៃនានា និងបញ្ញាសិប្បនិម្មិត (AI) ជាពិសេស បច្ចេកវិទ្យាពាក់ព័ន្ធនឹងការគាំទ្រដល់ការគ្រប់គ្រងប្រមូលចំណូលពន្ធ និងការផ្តល់សេវា អ្នកជាប់ពន្ធឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។

កិច្ចជំនួបនិងទស្សនកិច្ចនេះ ក៏បានបញ្ចប់ប្រកបដោយលទ្ធផលផ្លែផ្កាល្អប្រសើរ និងក្រោមស្មារតីកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងការទទួលខុសត្រូវខ្ពស់ ក្នុងន័យសម្រួលដល់បរិយាកាសធុរកិច្ចរវាងប្រទេសទាំងពីរ និងជាពិសេសជំរុញការទាក់ទាញវិនិយោគិន លើវិស័យសំខាន់ៗក៏ដូចជាជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជានាពេលអនាគត៕